តាមសារព័ត៌មាន Le Monde បានផ្សាយថា ប៉ូលិសបារាំងបានចាប់ឃុំខ្លួន អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ។ ប្រភពព័ត៌មានបានឲ្យដឹងថា អតីតប្រធានាធិបតីបារាំងត្រូវឃុំខ្លួននៅជាយក្រុងប៉ារីស ស្ថិតនៅតំបន់ Nanterre ។ រយៈពេលឃុំខ្លួនបណ្តោះអាសន្ន គឺ៤៨ម៉ោង ដោយចោទប្រកាន់ថាបានទទួលប្រាក់ពីអតីតមេដឹកនាំលីប៊ីលោក ហ្គាដាហ្វុី នៅពេលឃោសនាបោះឆ្នោត។
នៅក្នុងការផ្សាយរបស់សារព័ត៌មាន បារាំង Mediapart កាលពីឆ្នាំ២០១២ នូវឯកសារមួយ បង្ហាញឲ្យឃើញថា លីប៊ីបានផ្តល់ប្រាក់៥០លានអឺរ៉ូ សម្រាប់ដំណើរការឃោសនាបោះឆ្នោត របស់ប្រធានាធិបតី សាកូហ្ស៊ី នៅឆ្នាំ២០០៧។ ក្រុមចៅក្រមក៏បានបើកការស៊ើបអង្កេតក្នុងខែមេសា ឆ្នាំ២០១៣។
នៅក្នុងដំណើរការស៊ើបអង្កេតនោះ ក្រុមចៅក្រមបានប្រមែប្រមូលភស្តុតាង និងសាក្សីជាច្រើនពីក្រុមឥស្សរជន មន្រ្តីការទូតបារាំង លីប៊ី រួមទាំងក្រុមអ្នកជំនួញ និងក្រុមមនុស្សជំនិតរបស់លោក សាកូហ្ស៊ី។ ជាមួយនឹងភស្តុតាង និងសាក្សីដែលប្រមូលបាន ភាពមន្ទិលសង្ស័យពីការលូកដៃរបស់ប្រទេសលីប៊ីនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក សាកូហ្ស៊ី ក្នុងឆ្នាំ ២០០៧ មានកាន់តែខ្លាំងឡើងៗ។ ក៏ប៉ុន្តែ ក្រុមចៅក្រមស៊ើបអង្កេតនៅមិនទាន់អាចទម្លាក់ការទទួលខុសត្រូវលើលោក សាកូហ្ស៊ី ត្រង់ៗទេ ដោយចង់បន្តស្វែងរកភស្តុតាងបន្ថែមទៀត។
ក្រុមចៅក្រមស៊ើបអង្កេតមានសុទិដ្ឋិនិយមថា លីប៊ីក្នុងជំនាន់លោក ហ្កាដាហ្វ៊ី ពិតជាបានឲ្យលុយលោក សាកូហ្ស៊ី ដើម្បីធ្វើយុទ្ធនាការបោះឆ្នោតមែន តែមិនដឹងថា ឲ្យតាមរបៀបណា ចំនួនប៉ុន្មាន និងមាននរណាខ្លះ ដែលជាប់ពាក់ព័ន្ធនៅក្នុងបណ្តាញនោះទេ។
ក្រោយពីបានស៊ើបអង្កេតអស់រយៈពេល៥ឆ្នាំ ក្រុមចៅក្រមប្រមូលបានភស្តុតាងយ៉ាងច្រើនដោយមានជាប់ពាក់ព័ន្ធនឹងមនុស្សជាច្រើន ទាំង២ខាងបារាំងក៏ដូចជាលីប៊ី។ សាក្សីដែលគួរឲ្យភ្ញាក់ផ្អើលជាងគេ គឺការថ្លែងបញ្ជាក់របស់លោក Ziad Takieddine អ្នកជំនួញជនជាតិបារាំងដើមកំណើតលីបង់ ក្នុងខែកញ្ញា ឆ្នាំ២០១៦ លោក Ziad បានសារភាពត្រង់ៗថា លោកជាអ្នកនាំលុយសុទ្ធចំនួន៥លានអឺរ៉ូពីទីក្រុងទ្រីប៉ូលី ទៅទីក្រុងប៉ារីស ចន្លោះដំណាច់ឆ្នាំ២០០៦ និងដើមឆ្នាំ២០០៧ ទៅឲ្យលោក Claude Guéant មនុស្សជំនិតម្នាក់របស់លោក សាកូហ្ស៊ី ដើម្បីប្រគល់បន្តទៅឲ្យលោក សាកូហ្ស៊ី ដែលកាលនោះមានតួនាទីជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ការថ្លែងរបស់លោក Ziad គឺដូចគ្នានឹងចម្លើយសារភាពរបស់លោក Abdallah Senoussi អតីតនាយកស៊ើបការណ៍សម្ងាត់លីប៊ីនៅចំពោះមុខរដ្ឋអាជ្ញានៃក្រុមប្រឹក្សាជាតិលីប៊ី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២។ បន្ទាប់មក នៅកូនសៀវភៅកត់ត្រាមួយរបស់អតីតរដ្ឋមន្រ្តីថាមពលលីប៊ីដែលតុលាការបារាំងរឹបអូសបានបញ្ជាក់បន្ថែមថា លីប៊ីបានបញ្ជូនលុយជាច្រើនរយលានអឺរ៉ូទៅឲ្យលោក សាកូហ្ស៊ី។ បន្ទាប់មកទៀត នៅមានសាក្សីជាច្រើននាក់ទៀតដែលបានដើរតួនាទីជាអ្នកកណ្តាលនៅក្នុងរឿងនេះ។ កន្លងមក មនុស្សដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល មានអ្នកខ្លះកំពុងបន្តជាប់ការអង្កេតដូចលោក សាកូហ្ស៊ី និងខ្លះទៀតត្រូវបានកាត់ទោសឲ្យដេកក្នុងគុក៕ ម៉ែវ សាធី