ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះត្រូវបានបងស្រីប្ដឹងឲ្យនគរបាលនាំខ្លួនទៅអប់រំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាច្រើនលើក ច្រើនសារ រហូតបងស្រីបង្កើតអស់ទ្រាំលែងបាន ក៏បានប្ដឹងសុំឲ្យនគរបាលចាប់ខ្លួនតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើនោះឈ្នោះ ជា សុផាន់ណា អាយុ ២៩ឆ្នាំ មុនរបរមិនពិតប្រកដ ស្នាក់ភូមិចំកាឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែន ធ្លាប់ជាប់គុករយៈពេល១០ខែមកហើយ ពីបទលួចម៉ូតូអ្នកដទៃនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបានចេញមកវិញ នៅអំឡុងឆ្នាំកន្លងទៅ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់បានរៀបចំហូបបាយ ហើយស្រ្តីជាបងបានទាញចានសម្លរចេញ ដែលជាហេតុធ្វើឲ្យរូបគេខឹង។ ពេលនោះ ក៏បានបោកចានឆ្នាំងចោលខ្ទេចខ្ទីរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងបង្កការភ័យខ្លាចនៅក្នុងគ្រួសារថែមទៀត។

ប្រភពដដែលបានបន្តទៀតថា ការដែលបងស្រីទាញចានសម្លរចេញនោះ គឺមូលហេតុមកពីមានទំនាស់គ្នាជាមួយជននេះ ហើយក៏ស្អប់ខ្លាំងដែរ ព្រោះកន្លងមករូបគេតែងបង្ករឿង និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាបន្តបន្ទាប់ ហើយក្រោយពេលកើតមានហិង្សាខាងលើ ទើបបងស្រីប្ដឹងនគរបាលប៉ុស្តិ៍កាកាប១ចុះចាប់ខ្លួន បន្ទាប់មកបានអប់រំរួចដោះលែងវិញ ៕ សុខាសែនជ័យ


ចែករំលែក៖