ភ្នំពេញ ៖ បង្គោលភ្លើងមួយដើមបានបាក់រាបស្មើរដល់ដី ដោយសារតែរថយន្តកុងតឺន័រមួយគ្រឿង សង្ស័យតៃកុងស្រវឹងស្រា បើកលឿនជ្រុលឡើងលើឃឿន បុកបង្គោលភ្លើង កាលពីវេលាម៉ោង១១យប់ ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ទល់មុខផែស្ងួតតែងឡាយ ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ មានតែក្បាលមិនមានទូ ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-២៦៩៥ របស់ក្រុមហ៊ុនស្ងួតអូលែរ ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅផ្នែកខាងឆ្វេងបានឡើងលើឃឿនពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យដួលបាក់សង្កត់ទទឹងផ្លូវ បណ្ដាលឲ្យងងឹតធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវដួលជាច្រើននាក់ភ្លាមៗផងដែរ ចំណែកអ្នកបើកបររថយន្តបង្កខាងលើ ភ្លាមៗបានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ប្រមោលផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានមកអន្តរាគមន៍ភ្លាមៗ ហើយបានទាក់ទងជំនាញចរាចរណ៍ផ្លូវគោគរាជធានីភ្នំពេញ យកទៅរក្សាទុករងចាំការដោះស្រាយថ្ងៃក្រោយ ៕ សុខាសែនជ័យ