ខេត្តមណ្ឌលគិរី៖ សត្វព្រៃជាច្រើនក្បាល ត្រូវបានបាញ់សម្លាប់ និងសាច់សត្វព្រៃជាច្រើនប្រភេទ ត្រូវបានមន្រ្តីជំនាញ និងក្រុមបង្រ្កាបបទល្មើសសត្វព្រៃចល័ត (វ៉ាយអេត) ធ្វើការបង្រ្កាប និងព្រមទាំងឃាត់ខ្លួនជនដែលប្រព្រឹត្ត និងវត្ថុតាង បានពីរករណីផ្សេងគ្នានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅខេត្តមណ្ឌលគិរី។ សម្រាប់ជនសង្ស័យ និងវត្ថុតាងត្រូវបានចាត់បញ្ជូនទៅសាលាដំបូង ខេត្តមណ្ឌលគិរី ឲ្យច្បាប់ចាត់វិធានការណ៍។
នៅថ្ងៃនេះមានការបង្រ្កាបបទល្មើសសត្វព្រៃ២ ករណីផ្សេងគ្នា។ ករណីទីមួយ នៅក្នុងផ្សារក្រុងសែនមនោរម្យ ជាលទ្ធផល សមត្ថកិច្ចរឹបអូសបានសាច់សត្វព្រៃចំនួន១១៦គីឡូក្រាម និងបានឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ សោម គឹមសាង ភេទស្រី អាយុ២៩ឆ្នាំ រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាមេឈ្មួញធំតពីម្តាយខ្លួន។
ករណីទីពីរ មន្រ្តីបរិស្ថានបានធ្វើការ បង្រ្កាបបានសត្វព្រៃ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ រត់រួចចំនួន៣នាក់ ព្រមទាំងបានរឹបអូសសត្វព្រៃងាប់ជាច្រើនក្បាលក្នុង នោះមាន៖ ឈ្លូសចំនួន០៦ក្បាល, សំពោច០២ក្បាល, ទន្សាយ០២ក្បាល, សត្វស្លាបមួយចំនួនទៀត កាំភ្លើងឆ្នៃ១ដើម និងម៉ូតូចំនួន២គ្រឿង។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ម៉ូច ធុច រស់នៅភូមិកែរពៅ ឃុំសុខសាន្ត ស្រុកកោះញែក។ បច្ចុប្បន្នជំនាញកំពុងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងមកកាន់មន្ទីរបរិស្ថានខេត្តដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តចាត់ការណ៍តាមផ្លូវច្បាប់។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមមន្រ្តី ដែលមានការសហការល្អ ឈានទៅធ្វើការបង្រ្កាប ទប់ស្កាត់ការធ្វើចរាចរការជួញដូរ ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ។ល។ ព្រមទាំងឈានទៅរកការឃាត់ខ្លួនបានជនល្មើសដែល បានប្រព្រឹត្ត និងស្នើឲ្យមន្រ្តីអនុវត្តច្បាប់ចាត់វិធានការលើករណីនេះឲ្យបានធ្ងន់ធ្ងរ ដើម្បីជាការរៀងចាល ហើយចៀសវាង រាល់វប្បធម៌អន្តរាគមន៍ផងដែរ។
ជាងនេះទៅទៀត លោកអភិបាល បានអំពាវនាវយ៉ាងទទូចចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្រ្តីមួយចំនួនណាខិលខូច ដែលបានញៀនបរបាញ់សត្វព្រៃ(ឆ្លុះសត្វ) សូមបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់។
លោកអភិបាលខេត្តមណ្ឌលគិរី បានប្រកាសជូនរង្វាន់ជាទីគាប់ចិត្តដល់មន្រ្តី ឬបងប្អូននៅតាមមូលដ្ឋានដែលបានរាយការណ៍ ប្រាប់មន្រ្តីជំនាញអំពីការរកឃើញការប្រព្រឹត្តរបស់ជនល្មើសមិនថា មន្រ្តីមួយចំនួននោះមានបុណ្យស័ក្ត ដែលចូលចិត្ត បើកឡានពេលយប់ បាញ់សត្វព្រៃដែលញៀន ក្នុងការឆ្លុះសត្វពេលយប់ អ្នកបរបាញ់ អ្នកដាក់អន្ទាក់។ល។ រដ្ឋបាលសាលាខេត្តមណ្ឌលគិរីសូមជូនរង្វាន់ជាទីគាប់ចិត្ត៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក