ព័ត៌មានទាន់ហេតុការណ៍៖

ពលការិនីខ្មែរអ៊ិស្លាមម្នាក់ទៀតហើយ ដែលចាញ់បោកក្រុមហ៊ុនខុសច្បាប់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីតត្រូវបានរដ្ឋាភិបាលកម្ពុជាជួយមកមាតុភូមិវិញ

ចែករំលែក៖

ភ្នំពេញ ៖ ពលការិនីខ្មែរអ៊ិស្លាមម្នាក់ ដែលចាញ់បោកគេទៅធ្វើការងារ តាមផ្ទះ នៅប្រទេសអារ៉ាប៊ីសាអូ៊ឌីត ឈ្មោះ ម៉ាន គីរ៉ស់ អាយុ២៨ឆ្នាំ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមរយៈអ្នកជិតខាងឃុបឃិតជាមួយក្រុមហ៊ុនវៀតណាមអនាមិកត្រូវ​បាន​ រដ្ឋាភិបាលកម្ពុជាជួយឲ្យបានវិលត្រឡប់ ​មកមាតុភូមិវិញដោយសុវត្ថិភាព កាលពី យប់ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកានព្វ ស័កព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ។

តាមការរៀបរាប់ពីពលការិនីរងគ្រោះ ឈ្មោះ ម៉ាន គីរ៉ស់ ឲ្យដឹងថា រូបនាងបាន ជឿតាមការលួងលោមពីមេខ្យល់ប្ដីប្រពន្ធមួយគូ ដែលត្រូវជាបងប្អូនផងនោះឲ្យទៅ ធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាម រយៈក្រុមហ៊ុននៅវៀតណាមមួយដែលមិន ចាំឈ្មោះ ។

នាងបន្តថា ធ្វើការបាន១ឆ្នាំជាងម្ចាស់ ផ្ទះចាប់ផ្ដើមរករឿងនាង មិនផ្ដល់ប្រាក់ ខែនោះទេ ។នាងក៏សួរជាច្រើនលើក ច្រើនសា ហើយមើលទៅលើស្ថាន​ភាព​មិនស្រួល នាងក៏សុំមកក្រុមហ៊ុនវិញ ប៉ុន្តែបែរជាម្ចាស់ផ្ទះហែកចោលលិខិតឆ្លងដែន និងដកឯកសារផ្សេងៗរបស់នាង ​ទៀត ។

ក្រុមហ៊ុនអនាមិកខាងលើដែលមិន មានប្រភពច្បាស់លាស់នៅប្រទេសវៀត ណាមបានបោកប្រាស់នាងបន្តទៀត គឺបាននាំទៅធ្វើការនៅផ្ទះផ្សេងទៀត ដោយទៅ​ធ្វើ​​ការ​ងារ​តាមផ្ទះ ពីព្រឹករួចហើយវិល ល្ងាចរយៈពេល៤ខែ ដោយមិនមាន​កម្រៃអ្វីសោះ នាងក៏សម្រេចស្វែងរកជំនួយតាមរយៈស្ថានទូតថៃ និងស្ថានទូតវៀត ណាម ប៉ុន្តែគេមិនអើពើ នាងក៏សម្រេច ចិត្ដ ទៅស្ថានទូតគុយវ៉ែត ជាសំណាងល្អ ស្ថានទូតគុយវ៉ែត ក៏បានយកដំណឹងនេះទៅ​ ​កាន់ឯកអគ្គរាជទូតខ្មែរ នៅប្រទេសអេហ្ស៊ីប ដែល​មានលោក ស្មាន ម៉ាណាន ជាឯកអគ្គ​រាជទូត ។

ពេលទទួលបានដំណឹងនេះភ្លាមលោក​ អគ្គរាជទូតខ្មែរយើង ក៏បានទាក់ទងមក សិស្សនិស្សិតខ្មែរអ៊ិស្លាមយើង ដែលកំពុង រៀននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជួយស្រាវ ជ្រាវរកពលការិនីនេះឲ្យមកជួប ហើយ បំពេញឯកសារខ្លះដើម្បីទាក់ទងមកក្រសួងការងារ ដើម្បីបញ្ជូនស្ត្រីរងគ្រោះមកដល់ កម្ពុជាវិញ ។ ជាជោគជ័យមួយដែលស្ត្រី រងគ្រោះបានមកដល់កម្ពុជាវិញ នៅវេលា ជិតម៉ោង១០យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយសុវត្ថិភាពបំផុត ហើយ នាងត្រូវបានក្រុមការងារ លោកឧកញ៉ា អូស្មាន ហាស្សាន់ នាំទៅសម្រាក និងរៀបចំ បញ្ជូនទៅស្រុកកំណើតវិញនាពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះរូបនេះបាន ចាញ់បោកមេខ្យល់ តាមរយៈប្ដីប្រពន្ធ មួយគូលួងលោមឲ្យទៅធ្វើការងារតាមផ្ទះ នៅប្រទេសអារ៉ាប៊ីសាអូ៊ឌីត បានប្រាក់ខែ ច្រើនយកមកផ្គត់ផ្គង់ជីវភាពធូរធារ ។ ដូច្នេះនេះជាការទៅធ្វើការដោយប្រថុយប្រថាន​ខុសច្បាប់ ។

បើទោះបីជាយ៉ាងនេះក្ដី ស្រ្តីរងគ្រោះមិនបានបង្ហាញអារម្មណ៍ចង់ប្ដឹងផ្ដល់អ្នកណានោះទេ ហើយក៏ថ្លែងអំណរគុណដល់ លោកឧកញ៉ា អូស្មាន ហាស្សាន់ និង សហការីទាំងអស់ ដែលបានខ្នះខ្នែងជួយ នាងឲ្យបានមកដល់មាតុប្រទេសវិញ ដោយ​សុវត្ថិភាព ។

នាងក៏ផ្ដាំផ្ញើដល់ពលការិនី និងពល រដ្ឋទាំងអស់ បើចង់ធ្វើការនៅ ក្រៅប្រទេស សូមទៅតាមរយៈក្រុមហ៊ុនស្របច្បាប់ និងមានលក្ខណៈការងារល្អ ត្រឹមត្រូវ ខ្លាចជួបវាសនាមិនល្អដូចជានាង ។ នេះ​ជាលើកទី៣ហើយ ដែលលោកឧកញ៉ា អូស្មាន ហាស្សាន់ បានជួយសង្គ្រោះនារីរងគ្រោះទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានវិល​ត្រឡប់មកកម្ពុជាវិញដោយ​សុវត្ថិភាព ៕ សំរិត


ចែករំលែក៖