អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី២៩ ខែមីនា បានព្រមានពីសង្គ្រាមត្រជាក់ជាថ្មីរវាងអាមេរិក នឹងរុស្សុី ក្រោយពេលប្រទេសលោកខាងលិច បណ្តេញមន្ត្រីការបរទេសរុស្ស៊ីចេញពីប្រទេស។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក លោក Guterres បានបញ្ជាក់ថា «ខ្ញុំដឹងថា យើងកំពុងស្ថិតនៅក្នុងស្ថានភាព នៃសង្គ្រាមត្រជាក់សារជាថ្មី ដែលយើងធ្លាប់បានឆ្លងកាត់នាពេលកន្លងមក ដោយមិនចង់ឲ្យវាកើតឡើងទៀតឡើយ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញក្តីបារម្ភ ចំពោះស្ថានភាពមិនអាចរកដំណោះស្រាយបញ្ចប់ភាពតានតឹងនៅពេលដែលបណ្តាញទំនាក់ទំនងប្រទេសទាំង២ ត្រូវបានផ្អាក។ លោកបន្តទៀតថា ចាំបាច់ត្រូវតែមានបណ្តាញទំនាក់ទំនងឲ្យល្អប្រសើរជាងនេះ ដើម្បីកាត់បន្ថយភាពតានតឹង។
ភាពតានតឹងកើនឡើងខ្ពស់ គឺនៅថ្ងៃទី២៦ ខែមីនា ក្រោយពេលអាមេរិក កាណាដា និងប្រទេស ជាច្រើននៅតំបន់អឺរ៉ុប បានប្រកាសបណ្តេញមន្ត្រីស្ថានទូត រុស្ស៊ីចេញពីប្រទេសរបស់ខ្លួន ដោយចោទប្រកាន់ថារុស្ស៊ីជាអ្នកសម្លាប់អតីតចារកិច្ចរបស់រុស្ស៊ី។ អាមេរិក បានបណ្តេញមន្ត្រីការបរទេស រុស្ស៊ីរហូតដល់ទៅ៦០នាក់។
ឆ្លើយតបនឹងការបណ្តេញខាងលើកាលពីថ្ងៃទី២៩ ខែមីនា រុស្ស៊ីក៏បានប្រកាសបណ្តេញមន្ត្រីការបរទេស អាមេរិក៦០រូបផងដែរ និងបិទស្ថានកុងស៊ុលរបស់អាមេរិក នៅទីក្រុង St Peterburg។
កាលពីថ្ងៃទី៤ ខែមីនា អតីតចារបុរស ជនជាតិរុស្ស៊ី លោក sergei Skripal និងកូនស្រី Yulia ត្រូវបានគេបំពុលដោយជាតិគីមី នៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង Salisbury ប្រទេសអង់គ្លេស។ ទីក្រុងឡុងដុងបានបញ្ជាក់ថា ឪពុកកូនត្រូវជាតិគីមីសសៃប្រសាទ ដោយជាតិគីមីនោះផលិតនៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់ខាងលើដោយបញ្ជាក់ថា រុស្ស៊ីមិនបានជាប់ពាក់ព័ន្ធនឹងរឿងនេះឡើយ។ រុស្ស៊ីបានបញ្ជាក់ថា ជាតិគីមីនេះមិនមានវត្តមាននៅក្នុងប្រទេសរុស្ស៊ីទៀតឡើយ។
បើទោះបីមិនមានភស្តុតាងច្បាស់លាស់ តែបណ្តាប្រទេសលោកខាងលិចបានដើរតាមគន្លងប្រទេសអង់គ្លេស ដោយបណ្តេញមន្ត្រីការទូតរុស្ស៊ីចេញពីប្រទេសក្រោយពេលទីក្រុងឡុងដ៍បានសម្រេចបណ្តេញមន្ត្រីរុស្ស៊ី២៣រូបចេញពីអង់គ្លេស។
កន្លងមក ប្រទេសជាង១៥០ប្រទេសជុំវិញពិភពលោកបាន ស្នើដល់អង់គ្លេស ផ្តល់ភស្តុតាងច្បាស់លាស់ដែលថារុស្ស៊ីជាអ្នកបំពុលអតីតចារបុរសខាងលើ។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយបានបង្ហាញជាសាធារណៈបញ្ជាក់ថា រុស្ស៊ីពិតជាអ្នកប្រព្រឹត្តពិតមែននៅឡើយទេ៕ ម៉ែវ សាធី