ភ្នំពេញ៖ ថ្មីៗនេះ បានការបែកធ្លាយរឿងមិនប្រក្រតីករណីគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ បានទៅលើក្រុមហ៊ុន ហាន់ស៊ីង(HanShin) ខណះក្រុមហ៊ុននេះជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ករណីស្ថាបនាធ្វើផ្លូវគ្មានគុណភាព និងកេងចំណេញបច្ចេកទេស ងាយនិងស្រុះ ប្រេះ ផុង ខូចដោយគង្ហុក មានជាសំបុកមាន់ជាដើម។
ជាក់ស្តែងកន្លងទៅក្រុមហ៊ុន ហាន់ស៊ីង(HanShin) ស្ថាបនាផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅទៅ ព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ធ្វើមិនរួចរាល់ផង ក៏ខូចគ្មានគុណភាព រងនូវការរិះគន់ពីប្រជាជន និងមានគង្ហុក សំបុកមាន់ បណ្តាលអោយប្រជាជនបើកបរ ម៉ូតូ ឡានរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ ឈានដល់ទទួលស្គាល់ថា ក្រុមហ៊ុន ហាន់ស៊ីង(HanShin) ស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព ចាត់ទុកក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ហាន់ស៊ីង(HanShin) បានធ្វើអោយបាក់មុខតាំងពីមុនធ្វើជាតិលេខ២១ ដូចជាគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ខ្វះការទទួលខុសត្រូវ នៅតែគ្មានគុណភាពម្តងរួចមកហើយ។
ករណីកំណាត់ផ្លូវជាតិលេខ៣ បើតាមការបញ្ជាក់អោយដឹងពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺរាជរដ្ឋាភិបាល បានសម្រេចអោយក្រុមហ៊ុនចិន ស្ថាបនាឡើងវិញ ខណះក្រុមហ៊ុន ហាន់ស៊ីង(HanShin)ធ្វើដោយគ្មានគុណភាព និងខូចដោយកន្លែងៗនោះ។
គេបានទម្លាយថា៖ ក្រុមហ៊ុន ហាន់ស៊ីង(HanShin) ក៏គ្មានគ្រឿងចក្រសម្រាប់ដំណើរការស្ថាបនាផ្លូវដោយខ្លួនឯងដែរ គឺត្រូវជួលគ្រឿងចក្រ និងរថយន្តពីក្រុមហ៊ុនផ្សេងៗស្ទើរទាំងស្រុង។ ដូច្នេះចង្វាក់ដំណើរសាងសង់របស់ក្រុមហ៊ុននៅមានកម្រិត នេះមិនទាន់គិតដល់បញ្ហាធ្វើគ្មានគុណភាព កេងចំណេញបច្ចេកទេស និងបន្សល់ទុកនូវភាពអសោចន៍ឈ្មោះ ស្ថាបនាផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ៣ គ្មានគុណភាព ស្ថិតក្នុងបញ្ជីខ្មៅ ក្រសួងសាធារណការ និងដឹកជញ្ជូននោះផង។
ក្រុមហ៊ុនមួយចំនួនបានលើកឡើងថា៖ ករណីក្រុមហ៊ុន ហាន់ស៊ីង(HanShin)ដេញថ្លៃបានគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ គឺដោយសារក្រុមហ៊ុនហ៊ានទម្លាក់ថ្លៃទាបបំផុត ដែលទឹកប្រាក់នេះមិនអាចមានតុល្យភាពទៅនិងគម្រោងស្ថាបនា ដូច្នេះក្រុមហ៊ុន ហាន់ស៊ីង(HanShin) ត្រូវតែបង្ខំចិត្តកេងចំណេញបច្ចេកទេស ទាញយកផលចំណេញ និងធ្វើអោយការស្ថាបនានឹងគ្មានគុណភាព។
គួររំលឹកថា៖ គម្រោងJICA និមួយៗរបស់រដ្ឋាភិបាលប្រទេសជប៉ុន គឺមានលក្ខណះច្បាស់លាស់ តែងចាប់យកក្រុមហ៊ុនដៃគូសាងសង់មានលក្ខណះស្តង់ដារអន្តរជាតិ ប្រកបដោយគុណភាពសំណង់ ហើយកន្លងទៅ គេតែងស្វែងយល់ជំនួយស្ពានថ្នល់របស់ជប៉ុននៅកម្ពុជា..គឺគម្រោងត្រូវធ្វើឡើងដោយ៖ ១-ដេញថ្លៃសាងសង់នៅជប៉ុន។ ២-ជប៉ុនកាន់លុយខ្លួនឯង។
៣-ក្រុមហ៊ុនដែលដេញថ្លៃសាងសង់ ត្រូវតែជាក្រុមហ៊ុនជប៉ុន។ ៤-នាយករដ្ឋមន្ត្រី ឬមន្ត្រីជាន់ខ្ពស់កម្ពុជា គ្រាន់តែទៅបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ប៉ុណ្ណោះ។ និយាយរួមជំនួយរបស់ជប៉ុន មិនអាចនិយាយដោយចោទប្រកាន់ខ្មែរថា «ចាក់ក្រាស់ស៊ីស្តើង»បានឡើយ។
ប៉ុន្តែមួយរយះនេះស្ពានថ្នល់របស់ជប៉ុននៅកម្ពុជានៃគម្រោងJICA ក៏ចាប់យកក្រុមហ៊ុនសំណង់ធំៗ ខ្នាតអន្តរជាតិរបស់ប្រទេសកម្ពុជា ធ្វើជាដៃគូដេញថ្លៃយកគម្រោងទៅធ្វើផងដែរ។ ប៉ុន្តែចំពោះក្រុមហ៊ុន ហាន់ស៊ីង(HanShin) មិនអាចជាដៃនៃគម្រោងJICAបានទេ ខណះក្រុមហ៊ុនហាន់ស៊ីង(HanShin)ជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយះការស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព និងគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ខ្វះការទទួលខុសត្រូវ នៅតែគ្មានគុណភាពមុនដំបូងមកហើយនោះ។ រហូតដល់រាជរដ្ឋាភិបាល បានសម្រេចអោយក្រុមហ៊ុនចិន ស្ថាបនាឡើងវិញ។
ប្រសិនបើខាងគម្រោងJICAមិនបានសិក្សាសុីជម្រៅពីលក្ខណះសម្បត្តិបច្ចេកទេសក្រុមហ៊ុន ហាន់ស៊ីង(HanShin)នោះទេ គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ដែលក្រុមហ៊ុន ហាន់ស៊ីង(HanShin)ដេញថ្លៃបាននឹងប្រឈម គ្មានគុណភាព។ ក្នុងនោះក្រុមហ៊ុន ហាន់ស៊ីង(HanShin)អាចនឹងធ្វើអោយខូចគម្រោងដែលជាថវិការដ្ឋាភិបាលជប៉ុន និងប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេសជាតិ។
ប្រជាពលរដ្ឋសំណូមពរ អោយខាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសJICAត្រួតពិនិត្យឡើងវិញលើគម្រោងដេញថ្លៃក្រុមហ៊ុន ហាន់ស៊ីង(HanShin)នេះ ប្រយោជន៍ការពារអោយគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ មានគុណភាពល្អ លក្ខណះស្តង់ដារ ឬតាមរយះការដកកញ្ចប់ថវិកាគម្រោងរបស់ក្រុមហ៊ុន ហាន់ស៊ីង(HanShin)យកមកដេញថ្លៃឡើងវិញ ខណះមិនទាន់ហួសពេលនៅឡើយទេ។
ពាក់ព័ន្ធករណីនេះ អង្គភាព«នគរវត្ត»មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយលោកទេសរដ្ឋមន្ត្រីមានភារកិច្ចអមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១០ នៅហាណូយ។ ដោយឡែកខាងគម្រោងJICA និងខាងក្រុមហ៊ុន ហាន់ស៊ីង(HanShin) អង្គភាព«នគរវត្ត»ក៏មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយគ្មានលេខទូរស័ព្ទ។
គួរំលឹកថា៖ ពាក់ព័ន្ធនិងក្រុមហ៊ុន ហាន់ស៊ីង(HanShin)ស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព និងគ្មានការរៀបចំសណ្តាប់ធ្នាប់ ដាក់ស្លាកសញ្ញាជាដើម បង្កអោយប្រជាជនបើកបរ ម៉ូតូ ឡាន ជួបគ្រោះចរាចរណ៍ ទើបនៅរសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលផ្លូវជាតិលេខ២១។
ការចុះត្រួតពិនិត្យនេះលោក ទេសរដ្ឋមន្ត្រី បានពិនិត្យឃើញភាពមិនប្រក្រតីមួយចំនួន ដែលតម្រូវឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់ព័ន្ធទទួលខុសត្រូវ កែតម្រូវបន្ទាន់ និងធ្វើរបាយការណ៍ជាក់លាក់ មកក្រសួង ដើម្បីក្រសួងពិនិត្យចាត់វិធានការដោះស្រាយជាបន្ត។ ដើម្បីសុវត្ថិភាព និងការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេស អ្នកធ្វើដំណើរឆ្លងកាត់ពេលយប់ លោកបានស្នើឲ្យក្រុមហ៊ុន ដាក់ស្លាកសញ្ញាសុវត្ថិភាពចរាចរណ៍ និងសញ្ញាការដ្ឋានបន្ថែមទៀត លើទីតាំងដែលមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។
ក្នុងឱកាសនោះដែរ លោក ទេសរដ្ឋមន្ត្រី ក៏ព្រមានដល់ក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ ត្រូវពិនិត្យ ចំពោះការសាងសង់របស់ខ្លួន ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងរាល់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យា។ បើមិនដូច្នោះទេ ក្រសួងនឹង ចាត់វិធានការ អនុវត្តន៍តាមនីតិវិធីច្បាប់ ចំពោះក្រុមហ៊ុននោះជាក់ជាមិនខាន។
សូមបញ្ជាក់ជូនថា ផ្លូវជាតិលេខ២១នេះ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ (ពីតាខ្មៅ ដល់ ជ្រៃធំ) ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៦ ហើយនឹងត្រូវបញ្ចប់ការសាងសង់ នៅ ខែតុលា ឆ្នាំ២០១៧ ខាងមុខ ក្រោមកម្ចីឥណទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរេ និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕ សុខ ខេមរា