តាមការប្រកាស របស់ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា កម្លាំងទាហានអ៊ីស្រាអ៊ែល បានផ្ទុះអាវុធទៅលើក្រុមបាតុករ ជនជាតិប៉ាឡេស្ទី នៅតាមបណ្តោយព្រំដែនជាប់ប្រទេសអ៊ីស្រាអែល ។
តាមការបញ្ចាក់របស់ មន្ទីរសុខាភិបាលនៅកាហ្សាបានឲ្យដឹងថា ការប៉ះទង្គិចគ្នាជាថ្មីបណ្តាលឲ្យបាតុករ៤៩នាក់រងរបួស ។ ពលរដ្ឋប៉ាឡេស្ទីនជាច្រើនបានចូលរួមនៅក្នុង ពិធីសង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ អូសបន្លាយរហូតដល់១ខែ នៅតាមព្រំដែន ដែលមានឈ្មោះថា The great Return March ស្តីពីសិទ្ធវិលត្រឡប់ទៅកាន់មាតុភូមិ របស់ក្រុមជនភៀសខ្លួនប៉ាឡេស្ទីន ។
បាតុកម្មក្លាយជាហិង្សានៅថ្ងៃតំបូងតែម្តង ក្រោយពេលដែល កម្លាំងទាហាន អ៊ីស្រាអែល បាញ់គ្រាប់បែកផ្សែង ដើម្បី បំបែក ក្រុមបាតុករ ក្រោយពេល បាតករទាំងនោះបានចូលទៅកៀក របងសន្តិសុខ ។ នៅក្នុងការប៉ះទង្គិចគ្នាថ្ងៃតំបូង មានមនុស្ស ១៥នាក់ស្លាប់ និង ជាង១៥០០នាក់រងរបួស ។ នៅថ្ងៃទីពីរ នៃបាតុកម្ម មានមនុស្ស ៣៩នាក់រងរបួស ដោយការបាញ់ប្រហារពីកម្លាំងទាហានអ៊ីស្រាអែល ។
អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់ស្ទីពីស្ថានភាពនៅតំបន់កាហ្សា ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធ រក្សាការអត់ធ្មត់ ហើយ បើកការស្រាវជ្រាវ ដោយតម្លាភាព ពីការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន។
ប្រធានាធិបតីប៉ាឡេស្ទីន ម៉ាមូដ អាបាស បានចោទប្រកាន់អ៊ីស្រាអែល ប្រើអំពើហិង្សា ទៅលើក្រុមបាតុករសន្តិភាព នៅតាមព្រំដែន ហើយប្រកាសកាន់ទុក្ខទូទាំងប្រទេសពីការស្លាប់របស់ពលរដ្ឋ ដោយស្នាដៃទាហានអ៊ីស្រាអែល។
ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណេតានយ៉ាហូ បាន សរសើរដល់កម្លាំងទាហាន អ៊ីស្រាអែល ដែលបាន ការពារដែនអធិបតេយ្យ និងសន្តិសុខជាតិបានយ៉ាងល្អ ។ លោកណេតានយ៉ាហ៊ូ បានប្រកាស ចោទប្រកាន់ក្រុមហាម៉ាស នៅពីក្រោយការធ្វើបាតុកម្មនៅកាហ្សា ។ កម្លាំងទាហានអ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យតំបន់ព្រំដែនក្លាយទៅជា តំបន់ ភេរវកម្មនោះឡើយ ៕ ម៉ែវ សាធី