ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធអារ៉ាប់គាំទ្រប៉ាឡេស្ទីនបញ្ជូនអុីស្រាអែលទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ

ចែករំលែក៖

សម្ព័ន្ធអារ៉ាប់បានចេញសេចក្តីប្រកាសរួម ក្រោយកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃទី៣ ខែមេសា ក្រោមការដឹកនាំរបស់ប្រទេសសាវឌីអារ៉ាប៊ី។ សម្ព័ន្ធអារ៉ាប់បានបញ្ជាក់ពីការគាំទ្រប៉ាឡេស្ទីន ក្នុងការប្តឹងអុីស្រាអែលឡើងទៅកាន់តុលាការអន្តរជាតិ ដើម្បីបើកការស្រាវជ្រាវពីករណី បាញ់សម្លាប់បាតុករប៉ាឡេស្ទីនកាលពីថ្ងៃទី៣០ ខែមីនាកន្លងមក។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា នឹងបញ្ជូននូវរាល់ឯកសារសំខាន់ៗឡើងទៅកាន់គណៈកម្មការស្រាវជ្រាវអន្តរជាតិ ដើម្បីបើកការស្រាវជ្រាវដែលគួរឲ្យទុកចិត្តបំផុត ទៅលើករណីបាញ់សម្លាប់បាតុករ ហើយបញ្ជូនទៅកាត់ទោសតាមផ្លូវច្បាប់។

កន្លងមក កិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានស្នើឡើងដោយប្រទេសគុយវ៉ែត កាលពីថ្ងៃទី៣០ ខែមីនា បានបរាជ័យនៅក្នុងការចេញសេចក្តីប្រកាសរួមថ្កោលទៅអុីស្រាអែល និងការពារពលរដ្ឋប៉ាឡេស្ទីន។

ប៉ាឡេស្ទីន អឺរ៉ុប និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឲ្យបើកការស្រាវជ្រាវលើករណី កម្លាំងទាហានអុីស្រាអែលបាញ់សម្លាប់បាតុករ កាលពីចុងខែមីនាកន្លងមក សម្លាប់បាតុករ១៧នាក់ និងជាង១៥០០នាក់រងរបួស ដោយត្រូវគ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក។

បើទោះបីអារ៉ាប៊ីសាអ៊ូឌីត បានគាំទ្រ ប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រទេសនេះកំពុងតែខិតទៅជិតអុីស្រាអែល ដើម្បីរួមគ្នាប្រជែងទប់ទល់នឹងសត្រូវរួម នៅក្នុងតំបន់ គឺអ៊ីរ៉ង់។ ជំហរខិតជិតរបស់ទីក្រុងរីយ៉ាដ ទៅរកអ៊ីស្រាអែល ត្រូវបានស្តែងឲ្យឃើញនៅក្នុងបទសម្ភាសន៍របស់រាជបុត្រស្នងរាជ្យ មូហាម៉េដ ប៊ីនសាលម៉ាន់ ទៅឲ្យទស្សនាវដ្តីអាមេរិកាំង The Atlantic ដែលនៅក្នុងនោះ រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត បានវាយតម្លៃថា ប្រជាជនអ៊ីស្រាអែល ក៏ដូចជាប៉ាឡេស្ទីន គឺមានសិទ្ធិក្នុងការរស់នៅជាប្រជាជាតិដែលមានរដ្ឋឯករាជ្យរៀងៗខ្លួន។

នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅឡើយ នៅសហរដ្ឋអាមេរិក រជ្ជទាយាទ អារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ប្រាប់ទស្សនាវដ្តីអាមេរិកាំងថា អារ៉ាប៊ីសាអ៊ូឌីត មិនប្រឆាំងនឹងការបង្កើតឲ្យមានរដ្ឋអ៊ីស្រាអែលនោះទេ។

សូមបញ្ជាក់ថា កន្លងមក អារ៉ាប៊ីសាអ៊ូឌីត ដែលមានតាំងនូវទីកន្លែងសក្ការៈអ៊ិស្លាមច្រើនជាងគេលើលោក មិនដែលទទួលស្គាល់វត្តមានរបស់អ៊ិស្រាអែល ប្រទេសជ្វីហ្វ នៅក្នុងតំបន់នោះទេ។ ជាច្រើនឆ្នាំមកហើយ អារ៉ាប៊ីសាអ៊ូឌីត ដែលជាអ្នកគាំទ្រសំខាន់ បុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន បានទាមទារឲ្យអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែល បានរំលោភចូលកាន់កាប់ចាប់តាំងពីសង្រ្គាម៦ថ្ងៃ នៅឆ្នាំ១៩៦៧។

ប៉ុន្តែ ដោយទទួលស្គាល់ថា អ៊ីស្រាអែលមានសិទ្ធិមានទឹកដីផ្ទាល់ខ្លួន យ៉ាងដូច្នេះ រជ្ជទាយាទ មូហាម៉េដ ប៊ីនសាលម៉ាន់ បានផ្លាស់ប្តូរទាំងស្រុងនូវជំហរការទូតរបស់អារ៉ាប៊ីសាអ៊ូឌីត នៅចំពោះមុខអ៊ីស្រាអែល។ កាលពីខែមីនាកន្លងទៅ អារ៉ាប៊ីសាអ៊ូឌីត បានបើកដែនអាកាសរបស់ខ្លួនជាលើកទី១ សម្រាប់យន្តហោះពាណិជ្ជកម្មអ៊ីស្រាអែល។ គេជឿថា ភាពតានតឹងកាន់តែខ្លាំងឡើងរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ នៅក្នុងតំបន់ជាហេតុផលសំខាន់មួយ ដែលធ្វើឲ្យអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែលខិតចូលជិតគ្នា។ ទាំងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែល សុទ្ធតែបានចាត់ទុក អ៊ីរ៉ង់ថា ជាប្រទេសដ៏គ្រោះថ្នាក់ និងគំរាមកំហែងនៅក្នុងតំបន់។ ថ្មីៗនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលធ្លាប់បានលើកឡើងថា អ៊ីស្រាអែល ជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន របស់ប្រទេសអារ៉ាប់ ដើម្បីអាចប្រឈមទប់ទល់នឹងការពង្រីកដែនឥទ្ធិពលរបស់អ៊ីរ៉ង់។

រាជបុត្រស្នងរាជ្យរបស់អារ៉ាប៊ីសាអ៊ូឌីត ខិតចូលជិតអ៊ីស្រាអែល ប៉ុន្តែដោយមិនភ្លេចបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី The Atlantic រជ្ជទាយាទ របស់អារ៉ាប៊ីសាអ៊ូឌីត បានមានបន្ទូលថា អារ៉ាប៊ីសាអ៊ូឌីត គ្មានបញ្ហាជាមួយជនជាតិជ្វីហ្វ របស់ប្រទេសអ៊ីស្រាអែលនោះទេ។ ក្តីកង្វល់តែមួយ របស់អារ៉ាប៊ីសាអ៊ូឌីត គឺអនាគតរបស់ទីតាំងសក្ការបូជាអ៊ិស្លាម នៅហ្ស៊េរុយសាឡឹម ដែលអ៊ីស្រាអែលចូលកាន់កាប់ ដោយខុសច្បាប់។ សម្រាប់អនាគត ព្រះចៅអារ៉ាប៊ីសាអ៊ូឌីត ប្រជាជនប៉ាឡេស្ទីន ក៏ដូចជាប្រជាជនអ៊ីស្រាអែលគឺមានសិទ្ធិមានប្រទេសរដ្ឋឯករាជ្យរៀងៗខ្លួន។ ដើម្បីធ្វើដូច្នេះបាន គេត្រូវរកឲ្យឃើញ កិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីធានាស្ថិរភាពឲ្យប្រជាជាតិទាំងពីរ៕ ម៉ែវ សាធី


ចែករំលែក៖