ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីរដ្ឋលេខាធិការក្រសួងការពារជាតិចុះសួរសុខទុក្ខនាយទាហាន នាយទាហានរងនិងពលទាហានក្នុងបញ្ជាការដ្ឋានយោធភូមិភាគពិសេស

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពល ទាហានក្នុងបញ្ជាការដ្ឋានយោធភូមិភាគ ពិសេសក្នុងឱកាសអបអរសាទរបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកស្រីរដ្ឋលេខាធិការបានពាំនាំនូវការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយ ទាហាន នាយ ទាហានរង និងពលទាហាន ទាំងអស់ នៅក្នុងយោធភូមិភាគពិសេសផងដែរ ។

លោកស្រីបានសម្តែងនូវការកោត សរសើរ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គនិងហ៊ានបូជា សាច់ ស្រស់ ឈាមស្រស់ ដើម្បីការពារបុព្វហេតុ ជាតិមាតុភូមិ ធ្វើឲ្យមាតុភូមិទទួលបានសុខ សន្តិភាពផ្សារភ្ជាប់ជាមួយការដឹកនាំដ៏ ឈ្លាសវៃរបស់ប្រមុខដឹកនាំ ធ្វើឲ្យប្រទេស ជាតិមានស្ថិរភាព និងមានការអភិវឌ្ឍមក ដល់បច្ចុប្បន្ន ។ មានសុខសន្តិភាពទើប ប្រជាពលរដ្ឋមានសិទ្ធិមានការអភិវឌ្ឍ ។ លោក ស្រីបានបញ្ជាក់ថា ទោះក្នុងតម្លៃណា​ក៏ដោយ គឺយើងត្រូវថែរក្សាឲ្យបាននូវ​សន្តិភាព ។

ក្នុងឱកាសនោះ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការនាំយកអំណោយជូនបញ្ជាការដ្ឋានយោធភូមិភាគពិសេសមាន ៖ ថវិកា ចំនួន២៥លានរៀល មីកញ្ចប់ចំនួន១០០ កេស ទឹកក្រូចចំនួន២៥០កេស និង ភេសជ្ជៈ ១៣០កេស ៕ សុខដុម

 


ចែករំលែក៖