ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ស្ពឺ ចុះឆែកឆេរទីតាំងលក់ម៉ូតូ៣កន្លែងរកឃើញម៉ូតូមិនប្រក្រតីជាច្រើនគ្រឿង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ដ សហការជាមួយ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះឆែកឆេរទីតាំងលក់ម៉ូតូ៣ទីតាំងនៅក្រុងច្បារមន រកឃើញ៤០គ្រឿង មិនប្រក្រតី ១៤គ្រឿង និងស្លាកលេខម៉ូតូមួយចំនួន។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី។

កម្លាំងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយត្រី សោម បូរ៉ា ស្នងការរង និងលោកវរសេនីយ៍ ឯក ម៉ាត់ ធុច ស្នងការរងសម្របសម្រួលផ្លូវ ច្បាប់ដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្ដបានចុះត្រួត ពិនិត្យទីតាំងលក់ម៉ូតូ៣កន្លែង ស្ថិតនៅក្នុង ភូមិពាណិជ្ជកម្ម សង្កាត់ការធំ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ រកឃើញម៉ូតូគ្មានពន្ធ នាំចូលចំនួន ២៦គ្រឿង និងម៉ូតូមិនប្រក្រតី គ្មានឯកសារចំនួន១៤គ្រឿង។

ទីតាំងទី១-ផ្ទះឈ្មោះ ហេង ឃុនទី ភេទ​ ប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ-សង្កាត់ខាង លើដកហូតម៉ូតូគ្មានពន្ធនាំចូលចំនួន១៤ គ្រឿង និងម៉ូតូគ្មានឯកសារត្រឹមត្រូវចំនួន ១៤គ្រឿង។ ទីតាំងទី២-ផ្ទះឈ្មោះ សេង ម៉ាឡែន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ ដកហូតម៉ូតូគ្មានពន្ធនាំ ចូលចំនួន១០គ្រឿង។ ទីតាំងទី-ផ្ទះឈ្មោះ លឹម សំអុល ភេទប្រុស អាយុ៣៩ឆ្នាំ រស់ នៅភូមិ-សង្កាត់ខាងលើ ដកហូតម៉ូតូគ្មាន ពន្ធនាំចូលចំនួន២គ្រឿង ។

សូមបញ្ជាក់ថា ម៉ូតូទាំង៤០គ្រឿងជា ប្រភេទ ម៉ូតូចម្រុះមានថ្មី ចាស់ខ្លះ ដែលភាគ ច្រើនជាម៉ូតូដែលឈ្មួញនាំចូលមកតាមច្រករបៀងរត់ពន្ធនិងម៉ូតូមួយចំនួនអាចជាប់ សង្ស័យជាម៉ូតូដែលជនល្មើសធ្វើសកម្ម ភាពលួចពីតំបន់ផ្សេងៗមក តែទោះបីយ៉ាង ណាជំនាញព្រហ្មទណ្ឌកំពុងតែពិនិត្យសាកសួរស្រាវជ្រាវបន្ថែមករណីខាងលើដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ដ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោកឯក ស៊ុនរស្មី ព្រះរាជ អាជ្ញារងខេត្តកណ្តាល បានដឹកនាំកម្លាំង រុករកវត្ថុតាងនៅស្រះទឹកនៅខាងលិច បន្ទាយភូមិ៣ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដកហូតបាន ស្លាកលេខម៉ូតូចំនួន១៩៨ ស្លាករួមមាន ភ្នំពេញ១៣៨សន្លឹក, កណ្តាល១០សន្លឹក, កំពង់ស្ពឺ៧សន្លឹក, បន្ទាយមានជ័យ ៥សន្លឹក, កំពត៤សន្លឹក, កំពង់ចាម ៤សន្លឹក, បាត់ដំបង៣សន្លឹក, ស្វាយរៀង ២សន្លឹក, ព្រៃវែង៣សន្លឹក, តាកែវ៣ សន្លឹក, បាត់ដំបង៣សន្លឹក, ឧត្តរមានជ័យ ១សន្លឹក, ត្បូងឃ្មុំ២សន្លឹក, ក្រចេះ២សន្លឹក, ​កោះកុង២សន្លឹក, កំពង់ឆ្នាំង២សន្លឹក, ពោធិ៍សាត់២សន្លឹក, ព្រះសីហនុ១សន្លឹក, ​ស្លាកលេខចាស់ៗ៤សន្លឹក, ខេមរភូមិន្ទ​១សន្លឹក, ស្លាកលេខរថយន្ត២​ (មុខ​ក្រោយ) ដុំសោម៉ូតូ៦សន្លឹក ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ខេត្តកំពង់ស្ពឺជាខេត្តជាប់លេខមួយខាង ទទួលផលចោរកម្ម និងកែច្នៃម៉ូតូមិនប្រក្រតីជាច្រើនកន្លែង។ ប្រភពដដែលបន្តថាដោយសារមានទីតាំងទទួលផលចោរកម្មយ៉ាងច្រើនបែបនេះហើយទើបបណ្តាលឱ្យក្រុមជនល្មើស ងាយស្រួលក្នុងការប្រព្រឹត្ត បទល្មើស ហើយយកទៅលក់ទៅទីតាំង ខាងលើ ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖