ព័ត៌មានទាន់ហេតុការណ៍៖

តារាបាត់ទាត់អន្តរជាតិRUUD VAN NISTELROOY ទៅទស្សនាប្រាសាទអង្គរវត្តដែលល្បីល្បាញលើពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសជួបជាមួយអ្នកគាំទ្ររបស់ខ្លួនក្នុងថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចទេសចរណ៍នៅលើទឹកដីកម្ពុជានាត្រីថ្ងៃទី៤ខែមេសាឆ្នាំ២០១៨នៅកោះពេជ្រលោកRuud van Nistelrooy បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួននិងសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងដល់អ្នកគាំទ្រហើយប្រកាសថានឹងទស្សនាប្រាសាទអង្គរវត្តដែលកំពុងល្បីល្បាញលើពិភពលោក។

លោកRuud van Nistelrooy ដែលជាអតីតខ្សែប្រយុទ្ធបាល់ទាត់របស់ក្រុមManchester United និងក្រុមReal Madrid បានធ្វើការដង្ហែពានUEFA Champions League ឆ្នាំ២០១៨និងបានជួបអ្នកគាំទ្រដែលរៀបចំដោយស្រាបៀរHeineken ។

ក្នុងឱកាសជួបជាមួយអ្នកគាំទ្ររបស់ខ្លួនលោកRuud van Nistelrooy បានថ្លែងថាលោកមានដំណឹងល្អមួយសម្រាប់បងប្អូនទាំងអស់គ្នាហើយនឹងធ្វើឲ្យបងប្អូនមានភាពរំភើបរីករាយជាខ្លាំងផងដែរនោះគឺរង្វាន់ដ៏ធំពីរូបលោកផ្ទាល់តែម្តង។នៅពេលដែលសួរថាតើលោកRuud van Nistelrooy មានអារម្មណ៍យ៉ាងណាដែលមកដល់ប្រទេសកម្ពុជា? លោកRuud បានបញ្ជាក់យ៉ាងខ្លីថា ” លោកមានភាពសប្បាយរីករាយដែលមានឱកាសជួបជាមួយពលរដ្ឋកម្ពុជានិងស្វែងយល់ពីប្រទេសកម្ពុជាក៏ដូចជាស្វែងយល់បន្ថែមពីប្រជាជនកម្ពុជាដោយក្នុងថ្ងៃទី៤ខែមេសានេះខ្ញុំបានធ្វើដំណើរទៅទស្សនាព្រះបរមរាជវាំងហើយនៅថ្ងៃស្អែកខ្ញុំនឹងទៅទស្សនាប្រាសាទអង្គរវត្ត”។ខ្ញុំចង់ទៅលេងឯខេត្តសៀមរាបអង្គរព្រោះខេត្តនេះសម្បូរទៅដោយប្រាងប្រាសាទជាច្រើនដែលសុទ្ធសឹងតែជាប្រាសាទដែលមានកេរិ៍ឈ្មោះល្បីជាពិសេសប្រាសាទអង្គរវត្តដែលមានភាពល្បីល្បាញនៅទូទាំងសាកលលោកខ្ញុំចង់ទៅលេងប្រាសាទអង្គរវត្តខ្លាំងណាស់”។Ruud បានបញ្ជាក់យ៉ាងដូច្នេះ។

នារាត្រីចុងក្រោយនេះកំពូលកីឡាករបាល់ទាត់លោកRuud van Nistelrooy បានចុះហត្ថលេខាជាមួយអ្នកគាំទ្ររបស់ខ្លួននៅលើអាវវត្ថុអនុស្សាវរីយ៍និងបាល់ទាត់និងមានការថតរូបជាមួយកំពូលកីឡាករបាល់ទាត់អន្តរជាតិនិងថតរូបជាមួយពានរង្វាន់UEFA CHAMPIONS LEAGUE ជាដើម។

អមជាមួយវត្តមានរបស់លោកRuud van Nistelrooy ស្រាបៀរHeineken ក៏បានអញ្ជើញតារាចម្រៀងល្បីៗដែលប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមច្រៀងកំដអារម្មណ៍ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិនៅក្នុងរាត្រីនោះផងដែរ។

សូមរំលឹកថា កម្មវិធីដំណើរទេសចរណ៍រយៈពេលបីថ្ងៃត្រូវបានរៀបចំឡើងដោយស្រាបៀរHeineken ហើយកម្មវិធីនេះនឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរHeineken ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយចែករំលែកពានរង្វាន់”៕ ដោយ វឌ្ឍនា


ចែករំលែក៖