ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន យកចិត្តទុកដាក់បម្រើ និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះជីវភាព និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដូចជាការដោះស្រាយទុកលំបាក និងបញ្ហាប្រឈមរបស់អតីតយុទ្ធជន។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបែបនេះក្នុងពិធីប្រកាសទទួលស្គាល់សមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ១៤រូបផង ព្រមទាំងជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ៤៩០នាក់ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ៨រោច ខែចែត្រ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ។

លោកអគ្គលេខាធិការ គន់ គីម បានគូសបញ្ជាក់យ៉ាងដូច្នេះ «រាល់ការចុះជួបបងប្អូន ត្រួវពិនិត្យស្ថានភាពជីវភាព សុខភាព របស់គ្រួសារនីមួយៗ ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយបញ្ហារបស់បងប្អូន ពេលឃើញពីទុក្ខលំបាក ដូចជា ខ្វះខាតជីវភាព ត្រូវជួយឧបត្ថម្ភ ឬ មានជំងឺត្រូវសង្គ្រោះ ឬ បញ្ជូនទៅមន្ទីរពេទ្យ ឬ បង្កលក្ខណៈឲ្យទទួលបានសេវាសាធារណៈផ្សេងៗ។ ដាច់ខាតមិនត្រូវទុកឲ្យបងប្អូនជួបទុក្ខលំបាក ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ»។

នាយឧត្តមសេនីយ៍ គន់ គីម បន្តថា «ជាការពិតអតីតយុទ្ធជនយើង ត្រូវការចាំបាច់នូវការលើកទឹកចិត្ត ត្រូវការភាពកក់ក្តៅ ការសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហារបស់បងប្អូន។ ជាក់ស្តែងការងារ ដែលយើងបានសហការអនុវត្តកន្លងមក ដូចជា ការចលនាគ្នាចូលរួមបុណ្យសព ការបើកផ្តល់ប្រាក់មរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គម ឬ ការសាងសង់ផ្ទះជាដើម គឺជាសកម្មភាព សប្បុរសដ៏ប្រពៃ ដែលចាំបាច់ ត្រូវអនុវត្តបន្តទៀត»។

លោក អួញ ចាន់ អាយុ ៦០ឆ្នាំ ជាយោធិនពិការរស់នៅឃុំអូររំដួល ស្រុកភ្នំព្រឹក បានសម្តែងក្តីរំភើបរីករាយឥតឧបមា ដែលទទួលបានមេដាយការពារជាតិថ្នាក់សំរិទ្ធ ពេលនេះ ហើយបានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពអតីតយុទ្ធជន៕


ចែករំលែក៖