ខេត្តបាត់ដំបង ៖ ក្នុងពិធីបំពាក់មេដាយកិត្តិយសជូនអតីតយុទ្ធជនប្រមាណ ៦១៥នាក់ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនបានថ្លែងទៅកាន់អតីតយុទ្ធជនថា ត្រូវតែ ជឿជាក់ចំពោះការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
នាយឧត្តមសេនីយ៍ គន់ គីម បានអះអាង ចំពោះមុខអតីតយុទ្ធជនថា វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នឹងបន្តនាំមក នូវវឌ្ឍនភាព វិបុលភាព និងសេចក្តីសុខ សម្រាប់ជាតិ និងប្រជាពលរដ្ឋគ្រប់រូប។ ជាពិសេសគឺរក្សាបាននូវសុខសន្តិភាពលើ ដែនដីកម្ពុជា ដែលជាមរតកនៃកិច្ចខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជនគ្រប់រូប ។
នាយឧត្តមសេនីយ៍ គន់ គីម បានគូស បញ្ជាក់យ៉ាងដូច្នេះ អតីតយុទ្ធជនយើងទាំងអស់ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ហើយត្រូវប្តេជ្ញាការពារឲ្យបានគង់ វង់នូវមរតកសន្តិភាព ដែលបានមកពីការ លះបង់ដ៏ធំធេងរបស់បងប្អូនក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ។
ក្នុងឱកាសនោះលោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន ក៏បានសូមឲ្យអតីតយុទ្ធជនចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រ ចិត្ត ធ្វើជាភ្នាក់ងារ ជាភ្នែកជាច្រមុះឲ្យប៉ុស្តិ៍ រដ្ឋបាលឃុំ សង្កាត់ ដើម្បីផ្តល់ព័ត៌មានអំពីល្បែងស៊ីសង ការចរាចរណ៍គ្រឿងញៀន និងបទល្មើសផ្សេងៗក្នុងសហគមន៍ ដើម្បីឲ្យសមត្ថកិច្ចចាត់ការបង្ក្រាបមានប្រសិទ្ធភាព ធានាឲ្យភូមិឃុំមានសន្តិសុខ សណ្តាប់ ធ្នាប់ល្អ គ្មានអំពើហិង្សា គ្រួសាររស់នៅមានសុភមង្គល ។
លោកក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូន ក្នុងមហាគ្រួសារតែមួយ។
សូមបញ្ជាក់ថា អតីតយុទ្ធជន ស្រុក រតនមណ្ឌល ដែលមកទទួលការបំពាក់មេដាយការពារជាតិនេះ រួមមាន ថ្នាក់មាស ១គ្រឿង ថ្នាក់ប្រាក់ ៩៧គ្រឿង និងថ្នាក់សំរឹទ្ធ ៥១៧គ្រឿង។
នៅថ្ងៃដដែលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានអញ្ជើញប្រគល់ផ្ទះ ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនសមាជិកសមាគមក្រីក្រ២គ្រួសារ ក្នុងស្រុកសង្កែ រួមមាន លោក ឡៃ លឿត យោធិនពិការអាយុ ៤៨ឆ្នាំ រស់នៅភូមិ តាប៉ុន ឃុំតាប៉ុន និង អ្នកស្រី អឿម ទីន គ្រួសារជនពលី អាយុ៦៨ឆ្នាំ រស់នៅភូមិ ទួលស្នួល ឃុំរាំងកេសី ដោយបានឧបត្ថម្ភ នុូវសម្ភារដំណេក និងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ ។
លោកយាយ អ៊ុង លាភ អាយុ៧៥ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតន មណ្ឌល ដែលមានកូន២នាក់ ជានគរបាល តែបានពលី នៅសមរភូមិស្តៅបាននិយាយ ទាំងអារម្មណ៍ញញឹមញញែមថា ពួកខ្ញុំមាន ក្តីរំភើបខ្លាំងណាស់ ដោយបានទទួលមេ ដាយ សំរឹទ្ធ ការពារជាតិនាពេលនេះ ហើយ ក៏មាន ចិត្តត្រេកអរមែនទែន ដោយបានជួប និងបានសំណេះសំណាលផ្ទាល់ជាមួយ នាយឧត្តមសេនីយ៍ គន់ គីម៕ ហេង សូរិយា