ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពថ្មីរបស់រុស្ស៊ីក្នុងពេលតានតឹងជាមួយលោកខាងលិច

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងមូស្គូបានអំពាវនាវដល់យុវជនរុស្ស៊ី ដែលកំពុងរស់នៅ ឬសិក្សានៅក្រៅប្រទេស ពិសេសគឺនៅក្នុងប្រទេស អង់គ្លេស វិលត្រឡប់មកប្រទេសវិញ ពិសេស តំបន់ Siberia ក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ី នឹងអង់គ្លេស។

សារព័ត៌មាន Express របស់អង់គ្លេស បានផ្សាយថា មូលហេតុ ធ្វើឲ្យរដ្ឋាភិបាលទីក្រុង មូស្គូកោះហៅនិស្សិត និងយុវជន ដែលកំពុងរស់នៅ និងសិក្សានៅអង់គ្លេសឲ្យវិលត្រឡប់ទៅប្រទេសវិញ ដោយសារតែមានការគំរាមកំហែងសន្តិសុខ និងការឌឺដងដាក់គ្នា ក្រោយការបំពុលចារកិច្ចដើមកំណើតរុស្ស៊ី លោក Skripal។

ជាមួយគ្នានោះ ក្រុមនិស្សិតរុស្ស៊ី នឹងទទួលបានការងារល្អជាងនៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ទៅទៀត គឺនៅតំបន់ Siberia។

លោក Oksana Buryak ជាអ្នកនៅពីក្រោយយុទ្ធនាការអំពាវនាវ ដល់យុវជនរុស្ស៊ីវិលត្រឡប់មកស្រុកកំណើត។ លោក Oksana Buryak ថា ជនជាតិរុស្ស៊ី នឹងមិនទទួលបានការស្វាគមន៍យ៉ាងជិតស្និទ្ធ ទាំងនោះហើយ គួរតែវិលត្រឡប់មកប្រទេសវិញដើម្បីជួយដល់ប្រទេសជាតិ។

រដ្ឋាភិបាលរបស់ប្រធានាធិបតី ពូទីន កំពុងតែជំរុញ វិស័យសេដ្ឋកិច្ចនៅតំបន់ភាគខាងកើតតំបន់ Siberia និងតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច តាមរយៈការបង្កើនផលិតប្រេង ខួងយករ៉ែ មាស ពេជ្រ ក៏ដូចជាថាមពលបរមាណូ ដើម្បីសេដ្ឋកិច្ចរីកចម្រើន។

មេដឹកនាំរុស្ស៊ី បានដឹងយ៉ាងច្បាស់ពីចេតនារបស់ប្រទេសលោកខាងលិចនៅក្នុងការរុញច្រានរុស្ស៊ីឲ្យដើរចូលផ្លូវទាល់ ហើយស្តាប់តាមប្រទេសលោកខាងលិច ប៉ុន្តែដោយសារតែមេដឹកនាំរុស្ស៊ី មានភាពរឹងមាំ ទើបអាចទប់ស្កាត់ រាល់ចេតនាអាក្រក់ ទាំងឡាយទៅលើរុស្ស៊ី។

លោក ពូទីន មិនអាចបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសលោកខាងលិច ដោយការដាក់ទណ្ឌកម្ម ក៏បានបង្វែរមកកាន់តំបន់អាស៊ីវិញ ហើយរុស្ស៊ីក៏ទទួលបានជោគជ័យនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសជាមួយប្រទេសចិន ដែលកំពុងប្រឈមនឹងវិបត្តិពាណិជ្ជកម្មជាមួយអាមេរិកដូចគ្នា។

ទំហំនៃការធ្វើពាណិជ្ជកម្មរវាងមហាយក្សចិន-រុស្ស៊ី ទំនងជានឹងមានការកើនឡើងហួសពី១០០ពាន់លានដុល្លារ នៅឆ្នាំ២០១៨នេះ ក្រោយពីមានការកើនឡើងដល់ទៅអត្រាជិត ៣០ភាគរយឯណោះ កាលពីអំឡុងត្រីមាសទី១ នៃឆ្នាំនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក Gao Feng បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា «ទំនាក់ទំនងចិន-រុស្ស៊ី គឺមានភាពចាស់ទុំ និងមានស្ថិរភាព ហើយនឹងមិនអាចទទួលឥទ្ធិពលប៉ះពាល់ ពីមជ្ឈដ្ឋានខាងក្រៅបានឡើយ»។

លោក Gao បានបន្តទៀតថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី បានឈានចូលដំណាក់កាលថ្មី ដែលបានធ្វើឲ្យកិច្ចសហប្រតិបត្តិការវិនិយោគ និងកំណើនពាណិជ្ជកម្ម មានការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស និងបង្កើតឲ្យមានវឌ្ឍនភាពនៅក្នុងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគម្រោងយុទ្ធសាស្រ្តសំខាន់ៗដទៃទៀត។

គួរជម្រាបថា កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើន ២០,៨ភាគរយ ពោលគឺដល់ ៨៤,០៧ពាន់លានដុល្លារ ហើយចិនបានជាដៃគូពាណិជ្ជកម្មដ៏ធំ និងសំខាន់បំផុតរបស់រុស្ស៊ី អស់រយៈពេល៨ឆ្នាំមកហើយ៕ ម៉ែវ សាធី

 

 


ចែករំលែក៖