ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងជើងចាស់លោកចៅ ច័ន្ទណារីទទួលអំណោយពីកាកបាទក្រហម

ចែករំលែក៖

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាប្រធាន នាថ្ងៃព្រហស្បតិ៍ ៥ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៨ បាន​​ឧបត្ថម្ភថវិកាគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនជូនលោកចៅ ច័ន្ទ​ណារី អាយុ៦៤ឆ្នាំ ជាតារាសម្តែងជើង ចាស់ធ្លាប់ទទួលបានពានរង្វាន់លេខ១ ទូទាំងប្រទេសក្នុងការប្រកួតខ្សែភាពយន្ត​ខ្មែរក្នុងឆ្នាំ១៩៩១ ក្នុងការសម្តែងជាតួឯក​ក្នុង​រឿង “ស្មានមិនដល់” និងមានស្នាដៃ​សម្តែងជាច្រើនទៀត ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារី សោភ័គអគ្គលេខាធិការរងទី១កក្រកបាន​ពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តាំផ្ញើសួរ​សុខទុក្ខ និងគិតគូរចំពោះស្ថានភាពរស់នៅរបស់លោក ចៅ ច័ន្ទណារី ដែលជា​សិល្ប​​​ករជើងចាស់បានបន្សល់ទុកស្នាដៃសម្តែងជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ​។ ជាមួយគ្នានេះ លោកស្រីបានផ្តាំផ្ញើឲ្យខិតខំថែរក្សាសុខភាពឲ្យបានល្អ និងបន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីអនាគតប្រពន្ធ-កូនតទៅមុខទៀត។

លោក ចៅ ច័ន្ទណារី និងភរិយា ដែល​មក​ពីភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្ត​ត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែមានមេត្តាធម៌ មានក្តី​ករុណា ចំពោះសុខទុក្ខរបស់សិល្ប​ករ​ជើង​ចាស់និងប្រជាជនទូទៅជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ ៕ ហេង សូរិយា


ចែករំលែក៖