ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងនឹងបោះបង់អាវុធបរមាណូឲ្យតែមានសន្តិភាព?

ចែករំលែក៖

អ្វីដែលកូរ៉េខាងជើងចង់បានតាំងពីដើមមក គឺសន្ធិសញ្ញាសន្តិភាព ជំនួសនូវកិច្ចព្រមព្រៀងឈប់បាញ់។ ដោយសារតែមិនទាន់មានសន្តិភាព ទើបកូរ៉េខាងជើងចំណាយប្រាក់ជាតិស្ទើរតែទាំងស្រុងសម្រាប់កម្មវិធីបរមាណូ។ ពេលនេះជាពេលវេលាសំខាន់បំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបញ្ចប់ស្ថានភាពសង្គ្រាម។

នៅពេលនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានបញ្ជាក់ថា កូរ៉េខាងជើងបានអះអាងថា ព្រមបោះបង់កម្មវិធីបរមាណូ ទោះបីអាមេរិកមិនព្រមដកទាហានចេញពីកូរ៉េខាងត្បូងក៏ដោយ។

បច្ចុប្បន្នសហរដ្ឋអាមេរិក មានកងទ័ពប្រមាណ ២៨,០០០នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលវាជាកង្វល់ក្នុងចិត្តជាយូរមកហើយ សម្រាប់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងស្មារតីដែលកំពុងវិវឌ្ឍយ៉ាងល្អ ទៅមុខនៃស្ថានភាព និងការទូត លោក មូន បានលើកឡើងថា លោក គីម មានបំណងក្នុងការបោះបង់ចោលនូវការទាមទាររបស់ខ្លួន ដែលតម្រូវឲ្យកងទ័ពសហរដ្ឋអាមេរិក ចាកចេញពីទឹកដីកូរ៉េខាងត្បូង ដែលវាជាលក្ខខណ្ឌជាមុនសម្រាប់ការពិភាក្សាស្តីពីការលុបបំបាត់ អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយ លោក មូន បានលើកឡើងថា «កូរ៉េខាងជើងបានបង្ហាញបំណង ក្នុងការបោះបង់ចោល នូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយមិនភ្ជាប់ឡើយជាមួយលក្ខខណ្ឌ ដែលសហរដ្ឋអាមេរិកមិនអាចទទួលយកបានក្នុងនោះរួម មានទាំងការទាមទារឲ្យដកកងទ័ពសហរដ្ឋអាមេរិក ចេញពីឧបទ្វីបកូរ៉េជាដើម»។ លោកបន្ថែមថា សំណើឲ្យដកកងទ័ពចេញ គឺជាលក្ខខណ្ឌមួយដែលសហរដ្ឋអាមេរិកមិនអាចទទួលយកបានឡើយ។

គួរជម្រាបថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន គ្រោងនឹងជួបជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះសម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ នៅក្នុងតំបន់ព្រំដែនគ្មានយោធា ដែលបែងចែករវាងកូរ៉េទាំងពីរ។ ជាងនេះទៅ ទៀតបើសិនជាគ្មានអ្វីប្រែប្រួល លោក គីម នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េសម័យទំនើប ដែលយកជើងជាន់ដីកូរ៉េខាងត្បូង។

តែយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនចូលរួម ឬក៏ដើរចេញពីកិច្ចប្រជុំកំពូលជាមួយនឹងលោក គីម ជុងអ៊ុន ភ្លាមៗនោះទេ បើសិនជាកិច្ចប្រជុំនោះមិនមានលទ្ធផលអ្វីនោះ៕ ម៉ែវ សាធី


ចែករំលែក៖