ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បន្តបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនជាង៧០០នាក់ទៀតនៅស្រុកឱរ៉ាល់ និងស្រុកថ្ពង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី អ្នក តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៨នេះ បានបន្តចុះជួប សួរសុខទុក្ខ និងបំពាក់មេដាយការពារ ជាតិជូន បងប្អូនសមាជិកអតីតយុទ្ធជន ស្រុកថ្ពង និងស្រុកឱរ៉ាល់ ប្រមាណជាង ៧០០នាក់។

លោក ហ៊ុន ម៉ានី បានថ្លែងថា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់លើកឡើងថា សង្គ្រាមរ៉ាំរ៉ៃខ្មែរត្រូវ រួបរួមគ្នា ពីព្រោះខាងណាក៏ខ្មែរខាងណា ក៏សាច់ នេះជាគំនិតផ្ទាល់របស់សម្តេចក្នុងនយោបាយឈ្នះ=ឈ្នះ ទើបយើងទទួលបានសន្តិភាពក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងកងកម្លាំងតែមួយ មកដល់សព្វថ្ងៃ។

លោក ហ៊ុន ម៉ានីបានរំលឹកថា សម័យ វិបត្តិយោធានៅប្រាសាទព្រះវិហារ និងវាល ឥន្ទ្រី យោធាបរទេសបានបង្ហាញសព្វាវុធ ទំនើប និងបាននិយាយវាយប្រហារមក លើកងយោធពល ខេមរភូមិន្ទយើងដែល មិនទំនើបដូច ក៏ប៉ុន្តែក្រោមនយោបាយ ឈ្នះ=ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា កង ទ័ពឈ្លានពានត្រូវចុះចាញ់ តាមរយៈការ ចរចាផង និងការពារផង ក្នុងនោះ ដូចជា បញ្ហាជាមួយប្រទេសឡាវផងដែរ គឺដោះ ស្រាយតាមរយៈការទូត ដោយមិនបង្ហូរ ឈាមឡើយនេះជាឆន្ទៈរបស់សម្តេច តេជោ ហ៊ុន សែនរបស់យើង។

លោកតំណាងរាស្ត្រ បញ្ជាក់ជំហរជូន បងប្អូនអតីតយុទ្ធជនថា សម្តេចតេជោ ហ៊ុន សែន មិនបោះបង់ចោលបងប្អូន ហើយនឹកឃើញជានិច្ច ចំពោះអតីតកាលធ្លាប់រួមអាវុធជាមួយគ្នា ហើយសម្តេច ក៏ជាជនពិការដោយសារសង្គ្រាមដែរ។

លោក វ៉ី សំណាង បានលើកឡើងថា ថ្ងៃនេះសុំសរសើរដោយស្មោះ ដែលបង ប្អូនគ្រួសារអតីតយុទ្ធជន ក្នុងខេត្តទាំងអស់ មិនគិតថា បងប្អូនជាអតីតយុទ្ធជនក្នុងរបបខ្មែរ ក្រហមនោះទេ គឺបងប្អូនមិនបានធ្វើឲ្យ អាជ្ញាធរមូលដ្ឋានណា ពិបាកចំពោះពួក គាត់ទេ មិនតែប៉ុណ្ណោះមិនបានសុំទាន នរណា ដើម្បីចញ្ចឹមខ្លួនទេ គឺបានប្រកប របររកស៊ីចិញ្ចឹមគ្រួសារ ដោយមិនប៉ះពាល់ ចំពោះបញ្ហាសង្គមឡើយ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អតីតយុទ្ធជនកំពុងទទួលរបបទូទាំងខេត្តកំពង់ស្ពឺចំនួន៥៤១០នាក់ ក្នុងនោះបានធ្វើបច្ចុប្បន្នភាពរកឃើញ គ្រួសារជួបការលំបាកចំនួន១៩៨គ្រួសារ , គ្រួសារក្រីក្រ ចំនួន២២៤២ គ្រួសារ ,គ្រួសារមានដីគ្មានផ្ទះចំនួន៣៣០គ្រួសារ ,គ្រួសារអត់ដីអត់ផ្ទះ ចំនួន៤១០ គ្រួសារ។

ប្រធានអតីតយុទ្ធជនខេត្តបានបន្ត ទៀតថា បានសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន បានចំនួន៧ខ្នង ក្នុងនោះថវិកា សម្តេចតេជោ ហ៊ុន សែន ចំនួន៦ខ្នង និង ថវិកាសប្បុរសជនចំនួន១ខ្នង ត្រូវបាន ប្រគល់ជូនរួចរាល់។ សមាគមនបានស្នើសុំចុះបញ្ជីដីសម្បទានសង្គមកិច្ចមានចំនួន១២៩០នាក់ផងដែរ ។

លោកប្រធានបញ្ជាក់ថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ មានការខិតខំបំពេញតួនាទី និងសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធបាន ប្រសើរ និងមានការយល់ដឹងខ្ពស់ពីបង ប្អូនអតីតយុទ្ធជនយើងផងដែរ ។ នៅចំពោះ មុខក្រុមការងារសមាគមបានបន្តចុះជួប និង ទំនាក់ទំនងជាមួយគ្រួសារអតីតយុទ្ធជន ក្នុងនោះបានអប់រំពួកគាត់ឲ្យមានការជឿ ជាក់ ស្មោះត្រង់ មកលើរាជរដ្ឋាភិបាល ផងដែរ ។ នៅថ្ងៃនេះស្រុកថ្ពង សមាជិក អតីតយុទ្ធជនចំនួន៤៩១នាក់ ស្រុកឱរ៉ាល់ ចំនួន២១៦ នាក់ ក្នុងនោះលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ៥០.០០០រៀលផងដែរ ៕ ហេង សូរិយា


ចែករំលែក៖