ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ប្រទេសកូរ៉េខាងត្បូងបានផ្អាកការផ្សព្វផ្សាយឃោសនានៅតាមព្រំដែនជាមួយកូរ៉េខាងជើងកាលពីថ្ងៃចន្ទ ទី២៣ ខែមេសា ដើម្បីបង្កើតបរិយាកាសសន្តិភាពមួយ នៅមុនពេលជំនួបកំពូលអន្តរកូរ៉េលើកដំបូងបំផុតមិនធ្លាប់កើតឡើងក្នុងរយៈពេលមួយទសវត្សរ៍ ។
ប្រទេសកូរ៉េខាងជើងមានការឃោសនាផ្ទាល់របស់ខ្លួនផងដែរនៅតាមព្រំដែន ប៉ុន្តែមន្ត្រីក្រសួងការពារជាតិមួយរូបបានថ្លែងថា លោកមិនអាចផ្ទៀងផ្ទាត់បានទេថា តើកូរ៉េខាងជើងបានបញ្ឈប់ការផ្សាយរបស់ខ្លួន ឬយ៉ាងណានោះឡើយ ។
កាលពីខែកុម្ភៈ កូរ៉េខាងជើងបានបន្ថយទំហំនៃការឃោសនានៅតាមព្រំដែនរបស់ខ្លួន បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅកូរ៉េខាងត្បូង ទីក្រុង Pyeongchang ។
ក្រសួងការពារជាតិបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសង្ឃឹមថា ការសម្រេចចិត្តនេះនឹងនាំឱ្យកូរ៉េទាំងពីរបញ្ឈប់ការរិះគន់គ្នាទៅវិញទៅមក និងឃោសនាប្រឆាំងគ្នាទៅវិញទៅមកហើយក៏រួមចំណែកក្នុងការបង្កើតសន្តិភាពនិងការចាប់ផ្តើមថ្មី” ៕ ថាច់ យ៉ាត