ខេត្តព្រះសីហនុ៖ កាលពីម៉ោង១២និង១០នាទី ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ មុខផ្លូវចូលទៅក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តបែនដឹកដី លេខ ភ្នំពេញ 3B-1406 បើកបរដោយឈ្មោះ ប៉ុក ភាក់ ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត មានទិសដៅចេញពី ក្រុងព្រះសីហនុ មកដល់ចំណុចកើត រថយន្តបានបត់ឆ្លងផ្លូវទៅឆ្វេងដៃ បំរុងចូលទៅតាមផ្លូវក្បាលឆាយ ក៍បានបុកម៉ូតូ ០១គ្រឿងម៉ាក HONDA ZOOMER ស្លាកលេខ ព្រះសីហនុ1G-2753 បើកបរដោយឈ្មោះ សុខ ទៀង ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នករួមដំណើរម្នាក់ឈ្មោះ សុខ ហេង ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅដូចគ្នា មានទិសដៅផ្ទុយគ្នាបណ្តាលឲ្យបុរស អ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងបុរសអ្នករួមដំណើររងរបួសធ្ងន់ ។
ក្រោយកើតហេតុ អ្នករបួសបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះកម្លាំងនគរបាលចរាចរណ៍ ក៍បានឃាត់ខ្លួនអ្នកបើកបររថយន្តព្រមទាំងនាំយកវត្ថុតាង រថយន្ត និងម៉ូតូ ទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ