ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ូតូ១គ្រឿង ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមផ្លូវបានសម្រេច កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៤នាទី ប្រព្រឹត្តនៅចំណុចខាងមុខហាងបោកអ៊ុតយីហោឡៃហ៍ស្មាយ ផ្ទះលេខ៩ ផ្លូវលេខ៦៦៤ ក្រុមទី៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីនៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ នាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ មឿង ច័ន្ទរ៉ាវុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុនៅហាងម៉ាស្ទ័រសូគីស៊ុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយចាប់យកវត្ថុតាងមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1AP-2662 ជាមធ្យោបាយជិះធ្វើសកម្មភាពរបស់ជនសង្ស័យ ។
វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ជាចោរឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ រហូតបានសម្រេច ។ ហើយជនរងគ្រោះពុំបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងនោះឡើយ កាលពីយប់ថ្ងៃទី៥ ខែមេសា កន្លងទៅ «ពោលកាលពី១៧ថ្ងៃមុន» ប្រព្រឹត្តនៅចំណុចខាងមុខហាងបោកអ៊ុតយីហោឡៃហ៍ស្មាយ ផ្ទះលេខ៩ ផ្លូវលេខ៦៦៤ ក្រុមទី៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា