កាលពីថ្ងៃទី២៤ ខែមេសា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Prawit Wongsuwan បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Jim Mattis នៅទីក្រុងវ៉ាស៊ីនតោន ស្តីពីកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ។
នៅក្នុងដំណើរទស្សនកិច្ចនោះ លោកPrawit Wongsuwan បានស្នើរៀបចំជំនួប រវាងប្រធានាធិបតី ដូណាល់ ត្រាំ នឹងលោកគីម ជុងអ៊ុន នៅលើទឹកដីថៃ ។ នៅពេលនេះ ទីតាំងនៃជំនួបកំពូលរវាងមេដឹកនាំទាំងពីរ មិនទាន់បានប្រកាសឲ្យដឹងជាសាធារណៈនៅឡើយ ។
លោកPrawit Wongsuwan បញ្ជាក់ថា ថៃគឺជាប្រទេសសមស្របនៃការរៀបចំព្រឹត្តិការប្រវត្តិសាស្ត្រ ខាងលើ ដោយសារតែថៃជាប្រទេសស្ថិតនៅកណ្តាល និងជាប្រទេសតំបន់អាស៊ាន ដែលមានទាំង អាមេរិក និងកូរ៉េខាងជើង ដាក់ស្ថានទូតនៅថៃ ។
ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudvinai ក៏បានបញ្ជាក់ផងដែរ ថា «ថៃ នឹងចូលរួមរៀបចំ ជំនួប រវាងលោកត្រាំ និងគីម ជុងអ៊ុន ដែល អាចធ្វើឡើងនៅចុងខែឧសភាឬដើមខែមិថុនា» ។
មកទល់ពេលនេះ មិនទាន់មានការពិភាក្សាណាមួយ រវាងរដ្ឋាភិបាលទីក្រុងបាងកក ជាមួយទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងព្យុងយ៉ាងពីជំនួបខាងលើនៅឡើយ ។
សូមបញ្ជាក់ថា ថៃជាប្រទេសដែលមានស្ថានទូតកូរ៉េខាងជើង និងមានទាំនាក់ទំនងល្អ ទាំងជាមួយកូរ៉េខាងជើង និងអាមេរិកនាពេលកន្លងមក ៕ ម៉ែវ សាធី