ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួត Miss Global International 2017 ដែលរៀបចំលើកដំបូងនៅកម្ពុជានោះកំពុងលេចចេញនូវរឿងរ៉ាវចម្រូងចម្រាស ពិសេសទាក់ទងនឹងអំពើពុករលួយ ដែលបង្កឡើងដោយមានការកេងប្រវ័ញ្ចលុយកម្មវិធីយ៉ាងហោច២០ម៉ឺនដុល្លារអាមេរិក រួមទាំងមានការផ្ដល់ពិន្ទុដោយមិនយុត្តិធម៌ ។
មានការបញ្ជាក់ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មការ Miss Global International ប្រចាំនៅកម្ពុជា បានថ្លែងក្នុងវេទិកាសិន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៤ មេសានេះថា បវរកញ្ញា តំណាងប្រទេសប្រេស៊ីល ដែលបានមកប្រកួតនៅកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ហើយទទួលបានតំណែង Miss Global International 2017 ក្រោមការរៀបចំរបស់ហង្សមាសនោះ ត្រូវបានគណៈកម្មការអន្តរជាតិគ្រោង នឹងដក ម្កុដយកវិញហើយ បន្ទាប់ពីរកឃើញថា ការប្រកួតមួយនេះ មានភាពមិនប្រក្រតី ពិសេសគឺមានការកេងប្រវ័ញ្ចលុយកម្មវិធីយ៉ាងហោច២០ម៉ឺនដុល្លារ ក៏មានការផ្ដល់ពិន្ទុដោយមិនយុត្តិធម៌ ។
ប្រភពដដែលលើកឡើងថា បណ្ដឹងទាំងស្រុងកំពុងស្ថិតក្នុងដៃតុលាការអាមេរិក ហើយក្រោយការប្រកាសសាលក្រម គឺកញ្ញាម្ចាស់ម្កុដរបស់ប្រេស៊ីល នឹងត្រូវដកតំណែង ស្របគ្នា ដែលលោក អឿន រតន: ដែលជាអ្នកជាប់ចោទរឿងកេងប្រវ័ញ្ចលុយកម្មវិធី ក៏ត្រូវប្រឈមផ្លូវច្បាប់ផងដែរ ។
តាមការចោទប្រកាន់លោកអឿនរតន: ត្រូវបានគណៈកម្មការអន្តរជាតិដកតំណែងតាំងពីការប្រលងត្រូវបានបញ្ចប់នៅប៉ុន្មានថ្ងៃម៉្លេះប៉ុន្តែលោកអឿនរតន: នៅតែបន្តប្រើឈ្មោះពីកម្មវិធីMiss Global ដើរបោកលុយកាក់ពីបណ្ដាក្រុមហ៊ុន និងអ្នកស្គាល់ផ្សេងៗ ។
នាយកប្រតិបត្តិ ជាប្រធានបវរកញ្ញាខ្មែរអាមេរិកកាំង និងបវរកញ្ញាខ្មែរពិភពលោក ប្រចាំកម្មវិធី Miss Global លោកឌីពេជ្របានបញ្ជាក់ដែរ ថា ក្នុងពេលកម្មវិធីមួយនេះត្រូវបានកំណត់ធ្វើឡើងនៅក្នុងប្រទេសកម្ពុជា គណៈកម្មការទាំងមូលបានសម្រេចចិត្តតែងតាំងលោក អឿន រតន: ជាអ្នកទទួលខុសត្រូវរួមសម្រាប់ការប្រកួតនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែបុគ្គល នេះ មិនបានបំពេញឲ្យត្រូវនឹងលក្ខខណ្ឌរបស់គណៈកម្មការ Miss Global International នោះទេ ដោយបានប្រើសិទ្ធិដើរសុំអ្នកឧបត្ថម្ភកម្មវិធីយកលុយដាក់ហោប៉ៅខ្លួនឯង មិនចូលក្រុមហ៊ុន និងបានទាំងលួចធ្វើសកម្មភាពផ្សេង ដោយមិនឆ្លងគណៈកម្មការ ដូចជាករណីដឹកនាំបវរកញ្ញាទៅទស្សនកិច្ចនៅក្រុមហ៊ុនមួយចំនួន និងយកទៅចែកអំណោយខុសគម្រោងជាដើម ។
លោកឌី ពេជ្រ បញ្ជាក់ថាលោកអឿនរតន: ក៏បានប្រើសិទ្ធិជាអ្នករៀបចំប្រចាំនៅកម្ពុជាដាក់គណៈកម្មការជាខ្សែរយ:មួយចំនួនបណ្ដាលឲ្យពិន្ទុ ដែលត្រូវប្រកាសឡើងមានភាពមិនប្រក្រតី ។
គណៈកម្មការ Miss Global International បានរកឃើញនូវភាពមិនត្រឹមត្រូវក្នុងការដាក់ពិន្ទុ ពីគណៈកម្មការ ដែលលោក អឿន រតន: បានសម្រេចឲ្យធ្វើជាអ្នកផ្ដល់ពិន្ទុ ទើបសម្រេចដាក់បណ្ដឹងទៅកាន់តុលាការសហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យលោក អឿន រតន: សងប្រាក់ ដែលបានកេងយកឲ្យគ្រប់ចំនួនមកវិញ និងឈានទៅដក មកុដ របស់បវរញ្ញាប្រេស៊ីល ។
ជាមួយគ្នានេះដែរ បវរកញ្ញាប្រេស៊ីល ដែលគ្រងតំណែងនោះ ក៏ត្រូវបានគណៈកម្មការអន្តរជាតិមិនអនុញ្ញាតឲ្យធ្វើសកម្មភាពណាមួយ ក្រោយការរកឃើញនូវភាពមិនប្រក្រតីផងដែរ ជាមួយនឹងការប្រឈមដកតំណែងផងដែរ ៕ វឌ្ឍនា