ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ស្រាលកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១០១៩ ជិតប៉ុស្តិ៍នគរបាលទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ គេឃើញ២នាក់ប្ដីប្រពន្ធបើកម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក Dream 2018 ពាក់ស្លាកលេខភ្នំពេញ 1GT-8554 ធ្វើដំណើរតាមផ្លូវលេខ១០១៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទំនងជាស្រវឹងស្រាបានម៉ូតូមួយគ្រឿង ម៉ាកហុងដា Icon ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 1BY-3927 ក្នុងល្បឿនយ៉ាងលឿនទៅបុកម៉ូតូ២នាក់ប្ដីប្រពន្ធពីក្រោយពេញទំហឹង បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធដួល រងរបួសត្រូវជើងទាំង២នាក់ និងបោកក្បាលផ្ទប់នឹងថ្នល់តែសំណាងបានពាក់មួយការពារសុវត្ថិភាព រីឯបុរសខាងលើរងរបួសបែកក្បាល និងមុខមាត់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុម៉ូតូទាំង២គ្រឿងត្រូវបានទាក់ទងសមត្ថកិច្ចជំនាញចរាចរខណ្ឌចុះមកវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់ពេលក្រោយ ៕ ជ្រោយពេជ្រ