ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ និងកែប្រែបឹងមួយចំនួនឲ្យក្លាយជាបឹងធម្មជាតិ រួមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធច្រើនទៀត

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីនឹងដាក់ចេញជាយន្តការកែប្រែបឹងមួយចំនួនឲ្យក្លាយជាបឹងធម្មជាតិ ការពារបណ្តាញ ប្រឡាយ បណ្តាញបង្ហូរទឹក សាងសង់ផ្លូវថ្មើជើង សួនច្បារនិងសំណង់សាធារណៈនានា រួមនិងការរៀបចំចិញ្ចើមផ្លូវដើរ អោយមានសណ្តាប់ធ្នាប់ល្អ ភ្ជាប់ជាមួយបណ្តាញរថយន្តក្រុងសាធារណៈ។

ការដាក់ចេញជាយន្តការបែបនេះ ខណៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទ អង្គសិក្ខាសាលាស្តីពីការបង្ហាញលទ្ធផលនិងវឌ្ឍនភាព គម្រោងសហប្រតិបត្តិការលើការអភិវឌ្ឍ នគរូបនីយកម្មរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស(២០១៦_២០១៨) លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកស្រីអេវា ង្វៀនប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំង ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃ ព្រហស្បតិ៏ ១២ កើត ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ មេសា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ តាមរយៈសិក្ខា សាលានេះ យើងមិនត្រឹមតែអាចពិនិត្យលើលទ្ធផលការងារជាមោទនៈ ដែលថ្នាក់ដឹកនាំនិងអ្នកចូលរួមទាំងអស់សម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱសថមួយសម្រាប់ថ្នាក់ដឹកនាំ អង្គភាពជំនាញនិងអ្នកពាក់ព័ន្ធទាំងអស់បានផ្លាស់ប្តូរបច្ចេកទេស វិធីសាស្រ្តថ្មីៗ បទពិសោធន៍និងការអនុវត្តល្អៗ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀតនៃកិច្ចសហប្រតិបត្តិការលើការរៀបចំអភិវឌ្ឍន៍ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដូចជាបណ្តាញធារាសាស្ត្រ សំណង់តូចធំ លំហូរចរាចរណ៍និងគម្រោងប្លង់បណ្តាញផ្លូវឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំខាងមុខ ព្រមទាំងបន្តចូលរួមអនុវត្តន៍លើការអភិវឌ្ឍនគរូបនីយកម្ម និង សំណង់នៅក្នុងរាជធានីភ្នំពេញ កាន់តែស៊ីជម្រៅ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឲ្យស្រស់បំព្រង ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មី នៃសង្គមសេដ្ឋកិច្ចកម្ពុជានិងបរិការណ៍នៃតំបន់ទាំងមូលផងដែរ។

លោកឃួង ស្រេង បានបន្តថា៖ ការសិក្សានៅតំបន់ប៉ែកខាងត្បូងនិងការសិក្សាតិរវិថីព្រះស៊ីសុវត្ថិ បានបង្ហាញឲ្យឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសការប្រែប្រួលដល់ធម្មជាតិក្នុងតំបន់នេះ ដូចជាបណ្តាញធារាសាស្ត្រ នៅតំបន់ប៉ែកខាងត្បូងនិងតិរវិថីព្រះស៊ីសុវត្ថិ មានភាពតូចចង្អៀត ដោយ មានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ការលក់ដូរលើចិញ្ចើមផ្លូវនិងផ្លូវទៅកាន់មាត់ទន្លេត្រូវបានរាំងស្ទះដោយសារសកម្ម ភាពរបស់កំពង់ផែស្វយ័តភ្នំពេញ។ ដើម្បីគ្រប់គ្រងស្ថានភាពខាងលើនេះ រដ្ឋបាលរាជធានីនឹងដាក់ចេញជាយន្តការកែមួយចំនួន ដូចជា យន្តការកែប្រែបឹងមួយចំនួនឲ្យក្លាយជាបឹងធម្មជាតិ ការពារបណ្តាញប្រឡាយ បណ្តាញបង្ហូរទឹកនានានិងដីបម្រុងទុកសម្រាប់ សាងសង់ផ្លូវថ្មើជើង សួនច្បារនិងសំណង់សាធារណៈនានា រួមនិងការរៀបចំចិញ្ចើមផ្លូវដើរ ឲ្យមានសណ្តាប់ធ្នាប់ល្អ ភ្ជាប់ជាមួយបណ្តាញរថយន្តក្រុងសាធារណៈ។

លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងតែម្តង ដែលតែងតែជួយ គាំទ្រកិច្ចសហប្រតិបត្តិការ ដល់សាលារាជធានីភ្នំពេញ និងបានបញ្ជូនអ្នកជំនាញមកសិក្សាពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀតនៃកិច្ចប្រតិបត្តិការលើការរៀបចំអភិវឌ្ឍជាពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញដូចជាបណ្តាញធារាសាស្រ្ត សំណង់ធំតូច លំហូរចរាចរណ៍ និងគម្រោងប្លង់ បណ្តាញផ្លូវឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរព្រមទាំងបន្តចូលរួមអនុវត្តលើការអភិវឌ្ឍនគរូបនីយកម្មនិងសំណង់ក្នុងរាជធានីភ្នំពេញកាន់តែស៊ីជម្រៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យស្រស់បំព្រងដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គម សេដ្ឋកិច្ចកម្ពុជា និងបរិការណ៍នៃតំបន់ទាំងមូលផងដែរ៕ សំរិត


ចែករំលែក៖