ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមបន្តរក្សាកៅអី Top 4 ក្រោយឈ្នះកាំភ្លើងធំ Arsenal

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានរក្សាតំណែងចំណាត់ថ្នាក់លេខ២ និងមានសង្ឃឹមស្ទើរ១០០ភាគរយដើម្បីរក្សាក្លិបក្នុងតំបន់Top 4 (ក្រុមកំពូលតារាងទាំង៤) ក្រោយពីយកឈ្នះក្រុមកាំភ្លើងធំArsenal ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី២៩ ខែមេសា ។ ការប្រកួតនោះក៏ជាការប្រកួតចុងក្រោយនៅកីឡដ្ឋាន Old Trafford សម្រាប់ការអ្នកចាត់ការទូទៅលោក Arsene Wenger របស់ក្រុមកាំភ្លើងធំផងដែរ ។

ក្រោយចប់ការប្រកួតអ្នក​គាំទ្រ​ពេញ​មួយ​កីឡដ្ឋាន Old Trafford ប្រមាណ​ជាង​៧​ម៉ឺន​នាក់​បាន​ក្រោក​ឈរ​ទះ​ដៃ​ជូន​ដំណើរ​​លោក Arsene Wenger សម្រាប់​​ការ​ដឹក​នាំ​ចុង​ក្រោយ​របស់​លោក​ប៉ះ​ Manchester United ក្នុងនាម​ជា​អ្នក​ចាត់​ការ​ Arsenal។ នៅ​មុន​ការ​ប្រកួត​សត្រូវ​ចាស់លោក​ Jose Mourinho អ្នកចាត់ការទូទៅក្រុមបិសាចក្រហមបាន​ទៅ​ចាប់​ដៃ​ស្វាគមន៍​បុរស​សញ្ជាតិ​បារាំង​ក្នុង​នាម​ជា​មិត្តភក្ដិ​ចាស់​​បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​ធ្លាប់​ប៉ះ​ទង្គិច​គ្នា​សឹង​តែ​កើត​ហិង្សា​កាល​ពី​អតីត​កាល​ក៏​ដោយ ។​

ក្នុងជំនួប​គូប្រកួតទាំងពីរនោះក្រុម​ម្ចាស់​ផ្ទះ​បិសាច​ក្រហម​បាននាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​ទី១៦​ ដោយ​ថ្វី​ជើងខ្សែបម្រើ​ Pogba មុន​ពេលខ្សែបម្រើប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ​ Mkhitaryan តាម​ស្មើ​បាន​វិញ​នៅ​នាទី​ទី៥១​។ លុះ​មកដល់នាទី​ទី៩០+១ កីឡាករខ្សែបម្រើសក់សំពោង​ Fellaini បានតែត​បាល់បញ្ចូល​ទី​ឲ្យបិសាចក្រហមឈ្នះ​ក្រុមកាំភ្លើង ២​-១ ។

ក្រោយចប់ការប្រកួតលោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United សង្ឃឹមថា លោកទទួលបានឱកាសក្នុងការជួបជាមួយនឹងលោក Arsene Wenger ម្តងទៀត ក្រោយពីការធ្វើដំណើរទៅប្រកួតនៅលើទឹកដី Old Trafford ជាលើកចុងក្រោយក្នុងនាមជាអ្នកចាត់ការទូទៅនៃក្រុម Arsenalដែល បានបញ្ចប់ទាំងការបរាជ័យក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ។

លោក Wenger ត្រូវបានស្វាគមន៍ដោយអតីតគ្រូបង្វឹករបស់ក្រុម Man United លោក Alex Ferguson និងលោក Mourinho នៅមុនពេលចាប់ផ្តើមការប្រកួត ហើយគ្រូបង្វឹករូបនេះ ក៏ទទួលបានកាដូជាអនុស្សាវរីយ៍ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា លោក Wenger មិនទទួលបានអ្វីៗសោះបើនិយាយពីពិន្ទុវិញ ខណៈដែលការបរាជ័យ បានធ្វើឲ្យក្រុមឈរលេខ៦ Arsenal ធ្លាក់ចេញពីការប្រជែងយកចំណាត់ថ្នាក់លេខ៤។

លោក Mourinho ធ្លាប់មានប្រវត្តិឈ្លោះគ្នាដោយពាក្យសម្តីជាមួយនឹងលោក Wenger ដោយភាគច្រើនលោកបានចាត់ទុកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះថា «ជាអ្នកជំនាញម្នាក់ខាងបរាជ័យ» សម្រាប់ការអសមត្ថភាពរបស់លោក ក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League ចាប់តាំងរដូវកាលឆ្នាំ២០០៣-២០០៤។ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានឲ្យដឹងថា «ខ្ញុំសង្ឃឹមថា ខ្ញុំអាចលេងជាមួយនឹងគាត់ម្តងទៀត។ ខ្ញុំសង្ឃឹមថា វាអាចកើតឡើងម្តងទៀត។ ប្រសិនបើមិនស្ថិតក្នុងក្របខ័ណ្ឌ Premier League មិនមាននរណាដឹង យើងអាចមានការប្រកួតដ៏ធំមួយនៅកន្លែងផ្សេងបានទៀត» ៕ ដេវីត


ចែករំលែក៖