ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ស្នើឲ្យបងប្អូនពលរដ្ឋអណិកជនខ្មែរអ៊ិស្លាមកំពុងរស់នៅរដ្ឋPahang ម៉ាឡេស៊ីទាំងអស់ បន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន រហូត

ចែករំលែក៖

ម៉ាឡេស៊ី៖ លោក អូស្មាន ហាស្សាន់ ស្នើឲ្យបងប្អូនពលរដ្ឋអណិកជនខ្មែរអ៊ិស្លាមកំពុងរស់នៅរដ្ឋ Pahang ប្រទេសម៉ាឡេស៊ីទាំងអស់ បន្ដគាំទ្រគណបក្សប្រជាជនរហូត ព្រោះបងប្អូនរស់រានមានជីវិតរហូតដល់សព្វថ្ងៃ គឺដោយសារគណបក្សប្រជាជនបានរំដោះអាយុជីវិតបងប្អូនឲ្យរួចចាកផុតពីរបបប៉ុលពត មករស់នៅប្រកបកដោយសុខដុមរមនា ដូច្នេះបើបងប្អូនគាំទ្រគណបក្សប្រជាជន ដូចបងប្អូនគាំទ្រសម្ដេចហ៊ុនតេជោ សែន ដែរ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកស្រី រ័ត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេសុី បានបញ្ជាក់បែបនេះ ខណៈលោកដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល ផ្ដល់ការលើកទឹកចិត្ដ ដល់បងប្អូនប្រជាពលរដ្ឋ អណិកជនខ្មែរអ៊ិស្លាម ដែលកំពុងរស់នៅទឹកដី នៃរដ្ឋប៉ាហាំង(Pahang) តំបន់ប៉ាកាន់ ប្រទេសម៉ាឡេស៊ី ៣១០នាក់ អញ្ជើញមកពីបណ្តាតំបន់ផ្សេងៗជុំវិញរដ្ឋ ដែលបាន និងកំពុងស្នាក់នៅរកសុី ប្រកបមុខរបរផ្សេងៗ នៅប្រទេសម៉ាឡេសុីនេះ កាលពីថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។

ក្នុងឱកាសនេះដែរលោកស្រី រ័ត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកស្រី និងសហការីនៅទីនេះ និងរង់ចាំដោះស្រាយ សម្រួលនូវផលវិបាកផ្សេងៗដែលបងប្អូនជួបប្រទះ គឺព្យាយាមនៅបម្រើបងប្អូនគ្រប់ពេលវេលា។ ដូច្នេះសូមបងប្អូនពលរដ្ឋខ្មែរ ទាំងអស់រួមរស់ប្រកបដោយសេចក្តីសុខសប្បាយ និងត្រូវរក្សាទំនៀម ទម្លាប់សីលធម៌ល្អតាមប្រពៃណីជាកូនខ្មែរ ដើម្បីរក្សាកិត្តិយសប្រទេសជាតិយើងផង។

ជាមួយគ្នានោះ លោក អូស្មាន ហាស្សាន់ ក៏បានជម្រាបជូនពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍ។

លោកបានបញ្ជាក់ពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ដែលបង្កនូវភាព ងាយស្រួលគ្រប់បែបយ៉ាងនៅកម្ពុជា ស្របនឹងប្រទេសមានសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកាន់តែខ្លាំងឡើង មធ្យោបាយធ្វើដំណើរលើផ្លូវថ្នល់ខ្វាត់ខ្វែង ហេដ្ឋារចនាសម្ពន្ឋត្រូវបាន និងកំពុងរៀបចំឲ្យកាន់តែល្អប្រសើរថែមទៀត ហើយពេលនេះជើង ហោះហើរទៅមកជាមួយប្រទេសនានា ក៏ចេះតែមានការកើនឡើងជាលំដាប់ ជាហេតុដែល លំហូរកំណើនសេដ្ឋកិច្ច និងវិនិយោគកាន់តែមានសន្ទុះខ្លាំងឡើង។

នៅក្នុងពិធីសំណេះសំណាលនោះផងដែរ គណៈប្រតិភូ ក៏បានចូលរួមពិសាអាហារសាមគ្គីជាមួយបងប្អូនពលរដ្ឋអណិកជនខ្មែរអ៊ិស្លាមព្រមទាំងឧបត្ថម្ភដល់ក្រុមកីឡាខ្មែរ ដល់គណៈកម្មការភូមិ និងចំណាយផ្សេងៗសរុប៨.០០០រីហ្គិត ស្មើនឹងប្រមាណ២.០០០ដុល្លារអាមេរិក។

តំណាងឲ្យប្រជាពលរដ្ឋនៅទីនោះ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះមកសួរសុខទុក្ខដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋ។ យើងខ្ញុំទាំងអស់គ្នាជាខ្មែរអ៊ិស្លាម នៅតែបន្តគាំទ្រគណបក្សប្រជាជនជារៀងរហូត ទោះបីភាគច្រើនពួកខ្ញុំមិនមានលទ្ធភាពទៅបោះឆ្នោតសភា ដែលនឹងប្រព្រឹត្តទៅនៅ២៩ ខែកក្កដានេះក្តី ប៉ុន្តែដោយសារការគាំទ្រ និងគោរពស្រលាញ់សម្តេចតេជោ ហ៊ុន សែន យើងខ្ញុំនឹងបន្តនាំសារទៅកាន់បងប្អូនសាច់ញាតិដែលនៅឯកម្ពុជា ត្រូវតែបន្តគាំទ្រគណបក្សប្រជាជន និងបោះឆ្នោតគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

បន្ទាប់ពីបានធ្វើដំណើរដោយរថយន្តចម្ងាយ ៣៦៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិម៉ាឡេស៊ី មកកាន់រដ្ឋប៉ាហាំង គណៈប្រតិភូ ក៏បានបន្តដំណើរដោយរថយន្តទៅកាន់រដ្ឋ Perak ដែលត្រូវធ្វើដំណើរចម្ងាយជិត៦០០ គីឡូម៉ែត្រទៀត ដើម្បីជួបសំណេះ សំណាលជាមួយបងប្អូនពលរដ្ឋ អណិកជនខ្មែរ និងអ្នកតំណាងដែលនៅតំបន់ Pari Puntar និងនៅជុំវិញនោះផងដែរ៕ សំរិត


ចែករំលែក៖