ព័ត៌មានទាន់ហេតុការណ៍៖

វិទ្យាស្ថាននៅអាមេរិកមួយប្រគល់កុលាលភាជន៍សម័យអង្គរមកឲ្យអាជ្ញាធរជាតិអប្សរា

ចែករំលែក៖

ភ្នំពេញ៖ កុលាលភាជន៍៥កេសស្មើ នឹង៦៤វត្ថុមានដូចជាចាន ក្រឡ ដន្លាប់ ខួច មានស្រទាប់រលោងពណ៌បៃតងនិង ពណ៌ត្នោតត្រូវបានវិទ្យាស្ថាន Smitsonian តាមរយៈស្ថានទូតសហរដ្ឋអាមេរិកបាន ប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សា ទុកអភិរក្សនិងសិក្សា ។

កុលាលភាជន៍ទាំងនេះផលិតនៅសម័យ អង្គរមានប្រភពមកពីខេត្តបុរីរម្យប្រទេសថៃនាពេលបច្ចុប្បន្ន ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធាន មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរជាតំណាងអាជ្ញាធរជាតិអប្សរាក្នុងការទទួលកុលាលភាជន៍ទាំងនេះ បានឱ្យដឹងថា ប្រវត្តិនៃវត្ថុខាងលើត្រូវបានអ្នកស្រឡាញ់វត្ថុបុរាណជនជាតិជប៉ុននិងអាមេរិកប្រមូលទិញពីខេត្តបុរីរម្យយកទៅសហរដ្ឋអាមេរិកក្នុងទសវត្សឆ្នាំ១៩៧០ ហើយបន្ទាប់មកបានប្រគល់ជូនវិទ្យាស្ថាន Smithsonian។ ដោយមានកិច្ចសហការ ល្អជាមួយអាជ្ញាធរជាតិអប្សរា វិទ្យាស្ថាន Smithsonian ក៏បានប្រគល់កុលាលភាជន៍ទាំងនេះឱ្យអង្គភាពកុលាលភាជន៍អង្គរជាអ្នកមើលការខុសត្រូវ ។

ទាក់ទងនឹងភាជន៍ទាំងអស់ចំពោះ ភាជន៍មួយចំនួនដែលល្អៗ អាជ្ញាធរជាតិ អប្សរានឹងយកទៅតាំងពិព័រណ៍បង្ហាញជាសាធារណៈ ព្រោះអាជ្ញាធរជាតិអប្សរាមានគម្រោងតាំងពិព័រណ៍វត្ថុបុរាណដែលស្រាវជ្រាវបានជាង២០ឆ្នាំពីតំបន់អង្គរ ។

លើសពីនេះវត្ថុទាំងនោះនឹងត្រូវរក្សា ទុកដើម្បីសិក្សាប្រៀបធៀបពីសម័យកាល បច្ចេកទេស និងគុណភាព រវាងកុលាល ភាជន៍ដែលមានប្រភពពីបុរីរម្យនឹងតំបន់ អង្គរ ព្រោះកុលាលភាជន៍អាចឆ្លុះបញ្ចាំងពីសម័យកាលមួយនៃប្រវត្តិសាស្រ្តខ្មែរ និង បង្ហាញពីជីវភាពរស់នៅរបស់ប្រជាជន សម័យអង្គរថា តើខ្មែរយើងមានលទ្ធភាព ផលិតភាជន៍បានល្អកម្រិតណា ។

នាសម័យបុរាណភាជន៍ត្រូវបានគេ ប្រើប្រាស់ប្រចាំថ្ងៃ ធ្វើជាគ្រឿងតាំងលម្អ ក្នុងផ្ទះនិងសម្រាប់ប្រើក្នុងពិធីសាសនា ផ្សេងៗដូចជាពិធីសែនព្រេននិងបួងសួង ជាដើម ៕ សូរិយា

 


ចែករំលែក៖