ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងចិន ចរចាកាត់បន្ថយភាពតានតឹងក្នុងវិស័យពាណិជ្ជកម្ម

ចែករំលែក៖

ការប្រឈមមុខដាក់គ្នារវាងអាមេរិក នឹងចិន លើវិស័យពាណិជ្ជកម្មបានកើតឡើងជាច្រើនសប្តាហ៍កន្លងមកហើយ ក្រោយ ពេលប្រទេសទាំងពីរបានប្រកាស ដំឡើង ពន្ធនាំចូលនូវផលិតផល រាបពាន់មុខ មានតម្លៃរាប់សិបពាន់លានដុល្លារ។ ការប្រឈមមុខនោះធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមពាណិជ្ជ កម្មជាទ្រង់ទ្រាយធំ ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភានេះ ចិន និងអាមេរិកបានចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មរវាងគ្នានឹងគ្នារយៈពេល ២ថ្ងៃ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ គោលដៅ នៃកិច្ចចរចាពេលនេះ គឺដើម្បីព្យាយាមកាត់បន្ថយភាពតានតឹង និងបញ្ជៀសសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរក្នុងលោក។ តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានព្រមានទុកជាមុនថា កិច្ចព្រមព្រៀងចុងក្រោយមួយប្រហែលជា ពិបាករកបានភ្លាមៗណាស់។

វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ អាមេរិកទទួលបន្ទុកពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងប្រទេសចិនពេលនេះបានធ្វើឡើង ក្នុងពេលដែលចិនកំពុងទទួលរងការគំរាមកំហែងដំឡើងពន្ធពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ លោកត្រាំដែល នឹងអាចដំឡើងពន្ធលើទំនិញចិននាំចូលអាមេរិកក្នុងទឹកប្រាក់សរុបប្រមាណជា ៥០.០០០លានដុល្លារចាប់ពីថ្ងៃទី២២ ខែ ឧសភាខាងមុខទៅ។ ក្រៅពីរឿងពន្ធដារ លោកដូណាល់ ត្រាំក៏បានលើកឡើងពីឱនភាពថវិកាដែលអាមេរិកមានជាមួយចិនយ៉ាងច្រើនសម្បើម រួមទាំងបរិហារចិនពីការអនុវត្តនយោបាយពាណិជ្ជកម្មមិនស្មើភាព។

ទាក់ទងនឹងឱនភាពថវិកាដែលអាមេ រិកមានជាមួយចិននៅក្នុងការដោះដូរ ពាណិជ្ជកម្មរវាងគ្នានឹងគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានទាមទារឲ្យមានការកាត់បន្ថយ ចំនួន ១០០.០០០លានដុល្លារ។ នៅក្នុង ន័យនេះ អាមេរិកចង់ឲ្យចិនបើកទីផ្សាររបស់ខ្លួនឲ្យបានទូលំទូលាយបន្ថែមទៀតសម្រាប់ទំនិញអាមេរិក។ បន្ទាប់មក អាមេរិកក៏បានទាមទារឲ្យចិនពង្រឹងលើច្បាប់កម្មសិទ្ធិ បញ្ញា។ ទោះជាយ៉ាងនេះក្តី ភាគីទាំងពីរ បានទទួលស្គាល់ថា គេហាក់មិនសូវមានសុទិដ្ឋិនិយមប៉ុន្មានទេក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយភ្លាមៗនៅក្រោយកិច្ចចរចា។

ចំណាប់អារម្មណ៍ស្រដៀងគ្នានេះក៏មានពីលោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មអាមេរិកដែលរួមដំណើរជា មួយគណៈប្រតិភូអាមេរិក។ « ខ្ញុំនៅតែ មានសង្ឃឹម ប៉ុន្តែខ្ញុំមិនមានសុទិដ្ឋិនិយមគ្រប់ពេលឡើយ ព្រោះនេះជាបញ្ហាប្រឈមដ៏ធំ មួយ » នេះជាការថ្លែងរបស់លោក Robert Lighthizer។ ចំណែកលោកស្រីហួរ ជុន យីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានត្រង់ៗថា កិច្ចចរចាតែមួយលើកពិតជាមិនអាចដោះស្រាយបញ្ហាប្រឈមជាច្រើនដែលអាមេរិក និងចិនកំពុងមានជាមួយគ្នាពេលនេះទេ។ តែយ៉ាងហោច ណាស់ កិច្ចចរចានេះជាជំហានមួយយ៉ាងសំខាន់ប្រកបដោយលក្ខណៈស្ថាបនា៕ ម៉ែវ សាធី


ចែករំលែក៖