ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសចិនបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង

ចែករំលែក៖

ក្រោយរយៈពេលមួយសប្តាហ៍នៃជំនួបពិភាក្សារវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងកូរ៉េខាងត្បូង មូន ជេអុីន ទីក្រុងប៉េកាំងបានបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅកាន់កូរ៉េខាងជើង ដើម្បីបន្តពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន។ ជំនួបពិភាក្សាលើកនេះ គឺជាការត្រៀមលក្ខណៈមុនជំនួបកំពូលរវាងលោក គីម ជុងអ៊ុន នឹងដូណាល់ ត្រាំ។

កាលពីថ្ងៃទី៣ ខែឧសភា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានស្វាគមន៍រដ្ឋមន្ត្រីការបរទេស ចិន លោក វ៉ាង នៅទីក្រុងព្យុយ៉ាង។ ព័ត៌មានខាងលើ ត្រូវបានក្រសួងការបរទេសចិនផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម។

លោក វ៉ាង យី មានវត្តមាននៅទីក្រុងព្យុងយ៉ាងតាំងពីថ្ងៃទី២ ខែឧសភា ហើយជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ សារព័ត៌មាន ដេលីម៉េល បានផ្សាយថាទីក្រុងប៉េកាំងកំពុងព្យាយាមរកឱកាសបង្ហាញពីតួនាទីយ៉ាងសំខាន់ នៅមុនជំនួបអាមេរិក កូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា លោក វ៉ាងយី បានជូនពរដល់លោក គីម ជុងអ៊ុន ចំពោះការខិតខំដើម្បីធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េបន្ថយកំដៅឆ្ពោះទៅរកសន្តិភាព។ កាលពីជាងមួយខែមុន លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចស្ងាត់ៗទៅកាន់ប្រទេសចិន ជួបពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជីនពីង។ នោះជាដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសជាលើកទីមួយ ចាប់តាំងពីឡើងកាន់តំណែង កាលពីឆ្នាំ២០១១។

ជំនួប លើកនេះជាមួយរដ្ឋមន្ត្រីការពារជាតិចិន ត្រូវបានរៀបចំឡើងនៅទីស្នាក់ការ គណបក្ស ពលករ ដើម្បីពិភាក្សាអ្វីដែលនៅសេសសល់នាពេលកន្លងមក។ លោក គីម បានចាត់ទុកទំនាក់ទំនងរវាងទីក្រុងប៉េកាំង នឹងព្យុងយ៉ាងគឺជារឿង ដ៏សំខាន់បំផុត។

ពាក់ព័ន្ធនឹងស្ថានភាពនៅឧបទ្វីបកូរ៉េនោះដែរ ពលរដ្ឋកូរ៉េខាងត្បូងជាង៧០ភាគរយជឿជាក់ថា កូរ៉េខាងជើង ពិតជាមានឆន្ទៈបោះបង់អាវុធបរមាណូ ខណៈជិត២៩ភាគរយ ជំទាស់នឹងការយល់ឃើញបែបនេះ។

យោងតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថានកូរ៉េខាងត្បូង RealMeter ប្រជាជនកូរ៉េខាងត្បូង៧១,៤ភាគរយ យល់ថា ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង អាចនឹងធ្វើទៅរួចស្របពេលប្រជាជនកូរ៉េខាងត្បូង១៨,២ភាគរយជំទាស់នឹងគំនិតនេះ។ ការស្ទង់មតិ នេះដដែល ក៏បានបង្ហាញដែរថាប្រជាជនកូរ៉េខាងត្បូង១០,៤ភាគរយ នៅតែរារែកសម្រេចចិត្តលើបញ្ហានេះ។

គួរបញ្ជាក់ថា ការស្ទង់មតិរបស់ RealMeter ត្រូវបានធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ លើមនុស្ស៥០០នាក់ ដែលបានចូលរួមក្នុងការសម្ភាស ហើយការស្ទង់មតិនេះទៀតសោតកើតមានឡើងបន្ទាប់ពីជំនួបកំពូលអន្តរកូរ៉េរវាងលោក គីម ជុងអ៊ុន នឹងលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន៕ ម៉ែន សាធី


ចែករំលែក៖