ព័ត៌មានទាន់ហេតុការណ៍៖

ចិនបំបែកកំណត់ត្រាបង្ហោះដ្រូនជាង១.៤០០គ្រឿងក្នុងពេលតែមួយ

ចែករំលែក៖

សារព័ត៌មានដេលីម៉េលបានផ្សាយថា ក្រុមហ៊ុនមួយរបស់ប្រទេសចិន ដែលមានឯកទេសខាងផលិតឧបករណ៍ដ្រូន (យន្តហោះគ្មានមនុស្សបើក) បានបំបែកកំណត់ត្រាពិភពលោក Guiness World Record ក្នុងការបង្ហោះដ្រូនបានច្រើនជាងគេក្នុងពេលតែមួយ សម្រាប់រយៈពេល១៣នាទី ដោយក្នុងពេលនោះ ឧបករណ៍ដ្រូនប្រមាណ ១,៣៧៤គ្រឿង ត្រូវបានពង្រាយសំកាំងលើផ្ទៃមេឃប្រវែងជាង១គីឡូម៉ែត្រ។

ក្រុមហ៊ុនចិននេះឈ្មោះថា EHang Egret បានបំបែកកំណត់ត្រាចាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Intel ដែលកាលពីអំឡុងការប្រកួតកីឡាអូឡាំពិករដូវរងា នាខែកុម្ភៈកន្លងទៅ ក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហោះឧបករណ៍ដ្រូនចំនួន ១,២១៨គ្រឿង ជាក្រុមតែម្តង។

នៅក្នុងការបំបែកកំណត់ត្រា ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅឯទីក្រុងទេសចរណ៍ស៊ីអាន (Xi’an) ប្រទេសចិន ដ្រូនជិត ១,៤០០គ្រឿង ខាងលើបានបញ្ចេញភ្លើងជាទម្រង់ 3-D ចំនួន ១៦បែបខុសៗគ្នា រួមមានទាំងសត្វអូដ្ឋ ព្រះពុទ្ធ និងរថភ្លើងល្បឿនលឿនជាដើម។

សូមជម្រាបថា កាលពីខែសីហា ឆ្នាំ២០១៧វិញ ក្រុមហ៊ុនចិនមួយផ្សេងទៀតមានឈ្មោះថា WL Intelligent Technology Co Ltd បានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការបញ្ជាមនុស្សយន្តឲ្យរាំព្រមគ្នាក្នុងពេលតែមួយ ដោយមនុស្សយន្តទាំងនោះ គឺប្រភេទ Bipedal។ ប៉ុន្តែក្រោយមកកំណត់ត្រានេះ ត្រូវបានបំបែកដោយក្រុមហ៊ុនមួយរបស់អ៊ីតាលី បានបញ្ជាមនុស្សយន្តដល់ទៅ ១,៣៧២គ្រឿងឲ្យរាំ៕ ម៉ែវ សាធី


ចែករំលែក៖