ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអង្គការសហប្រជាជាតិធ្វើទស្សនកិច្ចនៅគុយបា បន្ទាប់ពីប្តូរមេដឹកនាំថ្មី

ចែករំលែក៖

តាមការចេញផ្សាយដោយ ទីភ្នាក់ ងារព័ត៌មានចិន ស៊ីនហួ នៅរសៀល ថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ នេះថា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេស គុយបា ក្រោយពេលដែលប្រទេសនេះ មានប្រធានាធិបតីថ្មី ។

ប្រធានាធិបតីគុយបាថ្មី លោក មីហ្គែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) ដែលបានបំពេញដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់រដ្ឋធានីឡាហាវ៉ាន ដើម្បី ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងតំបន់ ការ៉ាបៀន (ECLAC) លើកទី ៣៧។

នៅក្នុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងឡាហាវ៉ាន លោក Guterres ត្រូវបាន ទទួលការស្វាគមន៍ដោយផ្ទាល់ពី លោក Diaz-Canel នៅឯវិមានបដិវត្តន៍គុយបា។ ជាមួយគ្នានោះដែរ បើតាមក្រុមមន្ត្រីគុយបា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាជា លក្ខណៈឯកជន ក៏ដូចជាផ្លាស់ប្ដូរយោ បល់គ្នាទៅវិញទៅមកផងដែរ ពាក់ព័ន្ធនឹងបញ្ហាសន្តិភាពអន្តរជាតិ និងបញ្ហាសន្តិសុខ ព្រមទាំងការប្រយុទ្ធប្រឆាំង នឹងបម្រែ បម្រួលអាកាសធាតុ វិស័យសេដ្ឋកិច្ច និង ការធ្វើកំណែទម្រង់សង្គម ដែលចាប់ផ្ដើមឡើងដោយអតីតប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) កាលពីឆ្នាំ២០១០។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក Antonio Guterres នឹងថ្លែងសុន្ទរកថានៅឯពិធីបើកកិច្ចប្រជុំ (ECLAC) លើកទី ៣៧ នៅថ្ងៃអង្គារ ទី៨ ខែឧសភា (ម៉ោង នៅគុយបា) ចំពោះមុខតំណាងប្រទេស អាមេរិកឡាទីន និងការីបៀនទាំងអស់ ដែលមកចូលរួម៕ ម៉ែវ សាធី


ចែករំលែក៖