ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុប និងអីុរ៉ង់ កំពុងត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុតក្រោយប្រធានាធិបតីអាមេរិកលុបកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ប្រសិនបើរឿងអាក្រក់កើតឡើង គឺការលុបកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ របស់ប្រធានាធិបតីត្រាំ នឹងធ្វើឲ្យមានវិបត្តិនៅក្នុងទំនាក់ទំនង អាមេរិក និងប្រទេស សម្ពន្ធមិត្តអឺរ៉ុប។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅយប់ថ្ងៃទី ៨ខែឧសភានេះ (ម៉ោង កម្ពុជា) នឹងប្រកាសពីការសម្រេចចិត្តថាតើអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូជាមួយអីុរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ដែរឬទេ។ ការសម្រេច របស់លោកត្រាំគឺមុនពេលកំណត់ដែល ពីមុនមក កំណត់យកថ្ងៃទី ១២ខែឧសភា ជាពេលវេលាចុងក្រោយ។

បើទោះបីក្រុមសង្កេតការណ៍អន្តរជាតិតែងតែបញ្ជាក់ថា អីុរ៉ង់មិនបានធ្វើខុសកិច្ចព្រមព្រៀង នោះឡើយក្តី ប៉ុន្តែអាមេរិកនៅតែអះអាងថាអីុរ៉ង់ បំពានកិច្ចព្រមព្រៀង ។

កន្លងមកលោកត្រាំតែងតែរិះគន់កិច្ច ព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ គឺជារឿង អាក្រក់បំផុត ដោយសារតែអីុរ៉ង់នៅតែបន្តកម្មវិធីអភិវឌ្ឍន៍មីស៊ីល ដែល អាចវាយ ប្រហារទៅលើគោលដៅនានា របស់អាមេ រិកនិងអីុស្រាអែល។

កន្លងមក រដ្ឋាភីបាលអីុស្រាអែល បាន បញ្ជាក់ថា អីុស្រាអែលមានភស្តុតាងគ្រប់គ្រាន់ បញ្ជាក់ថា អីុរ៉ង់នៅតែបន្តកម្មវិធី បរមាណូ ។ ចំណែកអង្គការត្រួតពិនិត្យថាមពលបរមាណូអន្តរជាតិវិញ បញ្ជាក់ថា អីុរ៉ង់មិនបានប្រព្រឹត្តល្មើសនោះឡើយ។

កន្លងមកមេដឹកនាំអីុរ៉ង់ បានព្រមាន ដល់អីុស្រាអែលថា ទឹកដីអីុស្រាអែលនឹងត្រូវកម្ទេចដោយមីស៊ីល ប្រសិនបើហ៊ានប៉ះពាល់ដល់អីុរ៉ង់នោះ។ ឆ្លើយតបនឹងការព្រមានខាងលើរបស់អីុរ៉ង់ អីុស្រាអែលក៏ បានបញ្ជាក់ថា អ្នកដែលចង់លេងជាមួយអីុ ស្រាអែល គឺដូចលេងជាមួយជញ្ជាំងដែកយ៉ាងរឹងមាំ ។ មានន័យថាមីស៊ីលរបស់អីុរ៉ង់មិនអាចទម្លុះចូលដល់ទឹកដីអីុស្រាអែលឡើយ។

នាយករដ្ឋមន្ត្រីអុីស្រាអែល លោក ប៊ីនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា នរណាក៏ដោយឱ្យតែហ៊ានវាយប្រហារមកលើអុីស្រាអែល នោះនឹងត្រូវទទួលរងការឆ្លើយតប វិញយ៉ាងស័ក្តិសម ហើយបើទោះជាមិន បានលើកចំឈ្មោះប្រទេសមួយណាក៏ ដោយ តែគេដឹងយ៉ាងច្បាស់ថា លោកចង់ សំដៅលើអុីរ៉ង់។

ការព្រមានបែបនេះរបស់ លោក Netanyahu ធ្វើឡើងនៅក្នុងសុន្ទរកថាមួយ នាឱកាសប្រារព្ធខួបលើកទី៧០ នៃការ បង្កើតកងកម្លាំងការពារអុីស្រាអែល (IDF) នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាស នោះ នាយករដ្ឋមន្ត្រីអុីស្រាអែលរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «នរណាក៏ដោយ ឱ្យតែធ្វើឱ្យយើងឈឺចាប់ ពួកគេនឹងត្រូវឈឺ ចាប់ដូចគ្នា ហើយសត្រូវណាក៏ដោយដែលគំរាមបំផ្លាញពួកយើង ពួកគេ នឹងដឹងថា ខ្លួនកំពុងប្រឆាំងនឹងជញ្ជំងដែកមួយដ៏រឹងមំា»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លង ទៅ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Netanyahu បាននិយាយថា កងកម្លាំងឆ្មំាបដិ វត្តន៍អុីរ៉ង់ បានដឹកជញ្ជូនអាវុធទៅកាន់ ប្រទេសស៊ីរី ដើម្បីត្រៀមវាយប្រហារលើអុីស្រាអែល។ ចំណែកឯរដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក អាវីកដ័រ ឡៃប៊ែរមែន (Avigdor Liberman) ក៏បានព្រមានដែរថា អុីស្រាអែល ត្រៀមខ្លួនរួចជាស្រេចក្នុងការវាយប្រហារអុីរ៉ង់។ «បើសិនជាពួកគេវាយ ប្រហារ លើទីក្រុងតែលអាវីវ នោះយើងនឹងវាយប្រហារលើទីក្រុងតេអេរ៉ង់វិញ»។ នេះ ជាការព្រមានរបស់ លោក Liberman៕ ម៉ែវ សាធី


ចែករំលែក៖