ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់ភ្លាមៗ និងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តម៉ាកRAPTOR បុករ៉ឺម៉កកង់បីមួយគ្រឿងម៉ាកហុងដា C125ពីក្រោយយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះបាញ់ទាំងកណ្ដាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ភ័យលួសព្រលឹងគ្រប់គ្នាចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០១និង១០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦៦ លេខ១៦៧ ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះជា ឈុនលី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិកណាល សង្កាត់ប្រាសាទ ក្រុងបាវិត ចំណែកម៉ូតូរ៉ឺម៉កកង់បីម៉ាកហុងដា C125 ពណ៌ខ្មៅ មិនចាំស្លាកលេខខូចខាតយ៉ាងដំណំ។
ប្រភពបន្តថា ចំពោះអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយដឹងថា ជាជនជាតិចិនបើកបររថយន្ត ម៉ាកRAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AR-1968 ។
យោងតាមសមត្ថកិច្ចបញ្ជាក់ទៀតថា មុនកើតហេតុមាន មានរថយន្ត០១គ្រឿងម៉ាកRAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-1968 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ស្រាប់តែទៅបុកនឹងរ៉ឺម៉កកង់បីម៉ាកហុងដា C125 ដែលបើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយយកអ្នកបើករថយន្តដែលរងរបួសធ្ងន់មកកាន់មន្ទីរពេទ្យ ចំណែកបុរសអ្នកបើករ៉ឺម៉កកង់បីដែលស្លាប់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី និងវាស់វែងព្រមទាំងអូសយកវត្ថុតាំងទាំង០២គ្រឿង ដែលខូចខាតធ្ងន់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅតាមច្បាប់ ៕ យឹម សុថាន