ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធសេវា Wi-Fi សាធារណៈ((Public Wi-Fi) រវាងទូរគមនាគមន៍កម្ពុជានឹងសាជីវកម្មទូរគមនាគមន៍កូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅសួន ច្បារសម្តេចតេជោ ហ៊ុន សែន ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំ ពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធ Wi-Fi សាធារណៈដែលជាកិច្ចសហប្រតិបត្តិ ការរវាងទូរគមនាគមន៍កម្ពុជាជាមួយសាជីវកម្មទូរគមនា​គមន៍កូរ៉េក្រោមអធិបតីភាព លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃស ណីយ៍ និងទូរគមនាគមន៍តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោក OH Nak Young ឯកអគ្គ រដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដោយ មានការចូលរួមពីមន្ត្រីរាជការជាច្រើនរូប ទៀត ។

ថ្លែងនៅក្នុងឱកាសនោះលោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃស ណីយ៍ និងទូរគមនាគមន៍ និងប្រធានក្រុម ប្រឹក្សាភិបាលនៃទូរគមនាគមន៍កម្ពុជាបាន បញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាននិងកំពុងអនុវត្តគម្រោងចំនួន ២គឺទី១-គម្រោងតភ្ជាប់ប្រព័ន្ធ Wi-Fi សាធារណៈ(Public Wi-Fi) និងទី២- គម្រោង (Digital Connectivity for Schools) ត្រូវបានផ្តល់ជូនសម្ភារបរិក្ខារ អ្នកជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលវិស្វករជំនាញ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ប.ទ.) និង ទូរគមនាគមន៍កម្ពុជា (ទ.ក.) ដោយភាគីកូរ៉េ ដែលមានទឹកប្រាក់សរុប៤០០.០០០ ដុល្លារអាមេរិក ដែលជាជំនួយឥតសំណងផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ចំណែកឯការចំណាយលើសេវាអ៊ីនធឺណិតប្រចាំឆ្នាំ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្មក្នុងស្រុក ការថែទាំ ព្រមទាំងចំណាយផ្សេងៗទៀត សម្រាប់ទ្រទ្រង់ដំណើរការអនុវត្តគម្រោង ជាបន្ទុករបស់ទូរគមនាគមន៍កម្ពុជា ។

លោកប្រធានក្រុមប្រឹក្សាបានបន្តថា បន្ទាប់ពីទទួលបានចំណារឯកភាពជាគោល ការណ៍ពីសម្តេចតេជោក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចុះអនុស្សរណៈ យោគយល់គ្នាជាមួយសាជីវកម្មទូរគមនា គមន៍កូរ៉េនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

តាមរយៈអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និង អនុស្សរណៈយោគយល់គ្នា ក្រសួងប្រៃស ណីយ៍ និងទូរគមនាគមន៍បានសម្រេច បម្របសម្រួលកិច្ចសហការរវាងកូរ៉េ និង កម្ពុជាក្នុងការចុះពិនិត្យទីតាំង និងសិក្សា គម្រោងតភ្ជាប់ប្រព័ន្ធសេវា Wi-Fi សាធារណៈ ហើយបានជ្រើសរើសទីតាំង ចំនួន២គឺ ទី១-ស្ថិតនៅសួនច្បារសម្តេច តេជោ ហ៊ុន សែន និងទី២-ស្ថិតនៅសួន ច្បារមុខព្រះបរមរាជវាំង និងតភ្ជាប់ប្រព័ន្ធ ឌីជីថលទៅកាន់សាលារៀនចំនួន៣ទីតាំង គឺ ១-វិទ្យាល័យ ហ៊ុន សែន កំពង់លែង ខេត្តកំពង់ឆ្នាំង, ២-វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ និង ៣-វិទ្យាល័យអីវ៉ាស្រង់ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ ។

ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Wi-Fi គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ និងបញ្ចប់ការបំពាក់ឲ្យដំណើរការសាក ល្បងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ប្រយោជន៍ក្នុងការពង្រីកការប្រើប្រាស់ ប្រព័ន្ធអុីនធើណេតល្បឿនលឿននៅតាម ទីសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈ ពេលស្នាក់នៅលំហែកាយក្នុងព្រះរាជាណា ចក្រកម្ពុជា ។

បន្ទាប់មកលោក ត្រាំ អុីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឡើងមានមតិដោយបានអបអរសាទរចំពោះ សមិទ្ធិផលថ្មីនេះដែលកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ទូរគមនាគមន៍កម្ពុជា ក្នុងបេសកកម្មអភិវឌ្ឍវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅប្រទេស កម្ពុជា។ លោករដ្ឋមន្ត្រីចាត់ទុកពិធីសម្ពោធ នាពេលនេះជាឱកាសដ៏មានសារសំខាន់ សម្រាប់ទូរគមនាគមន៍កម្ពុជាដែលបាន សហការយ៉ាងសកម្មផ្លាស់ប្តូរបទពិសោធន៍ការងាររៀនសូត្រពីជំនាញនិងបច្ចេកវិទ្យាថ្មីជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) ក្នុងទិសដៅបំពេញសេវាកម្មជូន សាធារណជនប្រកបដោយគុណភាពនិងប្រសិទ្ធភាពក្នុងយុគ្គសម័យនៃបច្ចេកវិទ្យា ICT ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលនៃ សាធារណៈរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា រួមមានជំនួយឥតសំណង កម្ចីសម្បទាន បញ្ជូនទីប្រឹក្សា អ្នកបច្ចេកទេស និងផ្តល់ការបណ្តុះបណ្តាលលើមុខជំនាញបន្ថែម។ លើសពីនេះទៅទៀត ខ្ញុំសូមស្នើសុំ ឯកឧត្តមអគ្គរដ្ឋទូតកូរ៉េ ជួយពាំនាំនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកូរ៉េ និងជាពិសេស សាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) ដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រទេសកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសលើវិស័យទូរគមនា​គមន៍ តាមរយៈការផ្តល់ជំនួយឥតសំណង ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធ Wi-Fi សាធារណៈ និងប្រព័ន្ធឌីជីថលទំនាក់ទំនងសម្រាប់សាលារៀន (Digital Connectivity for School)ឲ្យបានប្រសើរ និងរឹងមាំដូចបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ ៕ ស រស្មី


ចែករំលែក៖