ព័ត៌មានទាន់ហេតុការណ៍៖

រឿង​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ៖​ សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​ក្រុមលោក ​មាជ​ សុវណ្ណារ៉ា​ និង​ បក្ខពួក​១០នាក់​ទៀត​ជាប់​គុក​ពី​៧ឆ្នាំ​ដល់​២០ឆ្នាំ​ដដែល​

ចែករំលែក៖

ភ្នំពេញ​៖ ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​សម្រេច​ឱ្យ​ក្រុម​​លោក​ មាជ​ សុវណ្ណា​រ៉ា​ អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បក្ខពួក​១០នាក់​ផ្សេងទៀត​ដែល​ដឹកនាំ​ធ្វើ​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ឆ្នាំ​២០១៤​ ជាប់​គុក​ពី​៧ឆ្នាំ​ដល់​២០ឆ្នាំ​ដដែល​។

មន្ត្រី​សាលាឧទ្ធរណ៍​ ថ្លែង​ថា​ លោក​ ប្លង់​ សំណាង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​សម្រេច​ផ្តន្ទា​ទោស​ជនជាប់ចោទ​ទាំង​១១នាក់​ ចន្លោះ​ពី​៧ឆ្នាំ​ដល់​​២០ឆ្នាំ​ ដដែល​។

ទោះបី​យ៉ាងណា​ ក្រុម​ជនជាប់ចោទ​ទាំងអស់​មាន​សិទ្ធិ​ប្តឹង​សាទុក្ខ​បន្ត​ទៀត​ទៅ​តុលាការ​កំពូល​ ប្រសិន​បើ​មិន​សុខចិត្ត​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ ។

គួរ​បញ្ជាក់ថា​ ​​កាលពី​ពាក់កណ្តាល​ ខែកក្កដា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​សកម្មជន​និង​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ ចំ​នួន​១១​រូប​ចន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​ក្រោម​ការចោទប្រ​កាន់​ពីបទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម​តាម​មាត្រា​៤៥៧​នៃ​ក្រម​ព្រហ្មទណ្ឌ​និង​បទ​ដឹកនាំ​កុបកម្ម​តាម​មាត្រា​៤៥៩​នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៤​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិ​បតេយ្យ​ក្នុង​សង្កាត់​វត្តភ្នំ ​ខណ្ឌដូន​ពេញ រាជ​ធានីភ្នំពេញ​​ ៕ ចេស្តា

 


ចែករំលែក៖