ព័ត៌មានទាន់ហេតុការណ៍៖

ឧបសគ្គជាច្រើនបានកើតឡើងក្នុងរយៈ១ឆ្នាំនៃការកាន់តំណែងរបស់ប្រធានាធិបតីម៉ាក្រុង

ចែករំលែក៖

ក្នុងរយៈពេល១ឆ្នាំនៃការឡើងកាន់ តំណែងប្រធានាធិបតីបារាំង ដែលជាប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ប្រទេសនេះ លោកម៉ាក្រុង បានធ្វើការកែ ទម្រង់ជាច្រើន ពិសេសគឺ កំណែទម្រង់ ច្បាប់ការងារដែលជាចំណុចបង្កឲ្យមាន ការតវ៉ាជាច្រើនពីពលរដ្ឋបារាំង ។

ចាប់តាំងពីលោកម៉ាក្រុងឡើងកាន់ តំណែងមក លោកបានខិតខំធ្វើឲ្យប្រទេសបារាំងកាន់តែខ្លាំងជាងមុន ហើយរីក ចម្រើនលើគ្រប់វិស័យ ។ ប៉ុន្តែលោកក៏ ទទួលរងការរិះគន់ដែរថាមានភាពរឹងរូស មិនខ្វល់ពីការយល់ឃើញរបស់អ្នកដទៃ ដែលថាលោកដឹកនាំយ៉ាងណានោះឡើយ គឺឲ្យតែប្រទេសជាតិរីកចម្រើន។

លោកម៉ាក្រុង សកម្មយ៉ាងខ្លាំង ជា ពិសេសនៅលើឆាកអន្តរជាតិ។ តាមរយៈ ប្រធានាធិបតីថ្មីនេះ មានអ្នកខ្លះលើកឡើង ថា បារាំងកំពុងតែវិលមកធ្វើជាមហាអំណាចវិញ។ តែយ៉ាងណា ភាពម៉ឺងម៉ាត់ មានះ និងស្វាហាប់នេះ ត្រូវអ្នកខ្លះមើលឃើញថា លោកម៉ាក្រុង ជាមនុស្សមានចរិតរឹងរូស មិនស្តាប់គេឯងទៅវិញ។

ជាការពិត មនុស្សម្នាក់ដែលកាន់មុខ តំណែងធំដល់ថ្នាក់នេះ បើមិនមានភាព ម៉ឺងម៉ាត់ មានះ ជម្នះរាល់ឧបសគ្គទេនោះ គឺមិនអាចបំពេញការងារបានទេ។ កម្មវិធីកំណែទម្រង់ទាំងអស់របស់លោកម៉ាក្រុង គឺគាត់បានប្តេជ្ញា ថានឹងធ្វើឲ្យបាន។ ទន្ទឹម នឹងនេះ គេបានលើកឡើង ថានៅលើ ឆាកអន្តរជាតិ លោកម៉ាក្រុង បានធ្វើឲ្យ បារាំង មានមុខមានកម្លាំង ឡើងវិញ តាមរយៈភាពស្វាហាប់ វាងវៃរបស់គាត់។ ត្រង់នេះ សូម្បីតែមតិសាធារណៈបារាំង ទូទៅក៏យល់ឃើញដូច្នេះដែរ ថាលោក ម៉ាក្រុង បំពេញការងារជាប្រធានាធិបតី បារាំងនៅលើឆាកអន្តរជាតិបានល្អ។ ប្រតិ បត្តិការ ឬអន្តរាគមន៍របស់កងទ័ពបារាំង ដើម្បីរក្សាសន្តិសុខ សន្តិភាព ត្រូវបានគេ អបអរច្រើន។ ចំណែកនៅអង្គការសហ ប្រជាជាតិវិញ លោកម៉ាក្រុង ក៏បានធ្វើឲ្យមេដឹកនាំទូទាំងពិភពលោកកោតសរសើរដែរ ថាជាមនុស្សមានទស្សនៈទូលំទូលាយ សកលនិយម ពហុវប្បធម៌និយម ដែលវា ផ្ទុយស្រឡះពីលោកដូណាល់ ត្រាំ។

តែយ៉ាងណា បើយោងតាមការធ្វើស្ថិតិចុងក្រោយនេះ ក្នុងក្រសែរភ្នែកជនជាតិបារាំងមួយភាគធំ ថ្វីបើអ្នកខ្លះសរសើរថាលោកម៉ាក្រុងស្វាហាប់ តែគេនៅតែមិនទាន់ ពេញចិត្ត ស្រលាញ់លោកម៉ាក្រុងដែរ។ ទន្ទឹមដែលមានអ្នកគិតថាគាត់ចង់ធ្វើឲ្យ មានការផ្លាស់ប្តូរពិតប្រាកដ តែក៏មានអ្នក ខ្លះគិតថា គាត់មានះជ្រុល ចង់កែប្រែផ្លាស់ ប្តូរដោយកំរោល មិនស្តាប់ការតវ៉ារបស់ ប្រជាជន។ មិនត្រឹមតែប៉ុណ្ណោះ មានមតិ ប្រមាណជា៣៩% ដែលគិតថា គាត់ជា មនុស្សក្រអឺតក្រទម មើលងាយអ្នកផ្សេង ហើយ១៥%ផ្សេងទៀត គិតថា គាត់ជា មនុស្សមិនខ្វល់ពីការលំបាក ឬជីវភាពរស់នៅរបស់ប្រជាជនប៉ុន្មានទេ។

ប៉ុន្តែជាសរុបមក គ្មានប្រធានាធិបតី ណាម្នាក់ ដែលធ្វើឲ្យប្រជាជនពេញចិត្តបានទាំងស្រុងនោះទេ។ លោកម៉ាក្រុង ជា មនុស្សថ្មីសន្លាង ហើយដែលមានរបៀប ធ្វើនយោបាយ ដឹកនាំប្រទេសបែបថ្មី បែប ទំនើប ខុសពីអ្នកនយោបាយចាស់ៗរបស់ បារាំង។ ប្រជាជនបារាំង បោះឆ្នោតឲ្យគាត់ ក៏ដោយសារតែពួកគេនឿយណាយនឹងអ្នកនយោបាយចាស់ឆ្នាំ ដដែលៗរាប់សិបឆ្នាំ មកហើយ តែស្រុកទេសកាន់តែចុះអន់ ទៅ។ ភាពស្វាហាប់របស់លោកម៉ាក្រុង បានផ្តល់ក្តីសង្ឃឹមច្រើនដល់ប្រជាជន។ ទោះជាយ៉ាងណា នេះទើបតែឆ្នាំទីមួយនៃអាណត្តិរបស់គាត់ប៉ុណ្ណោះ ពេលវេលានៅ វែងឆ្ងាយទៀត យើងមិនអាច កាត់សេចក្តី ថាគាត់ល្អ ឬមិនល្អបានទេនៅពេលនេះ។

ក្នុងចំណោមកម្មវិធីនយោបាយទាំង៨៥ចំណុច ដែលលោកអេមម៉ានុយអែល ម៉ាក្រុង បានសន្យា នៅឆ្នាំទីមួយនេះ មាន៨ចំណុចហើយ ដែលត្រូវបានអនុម័ត ដាក់ចុះឲ្យអនុវត្តជាផ្លូវការ។ ក្រៅពីនោះ មាន៤៥ចំណុចទៀត ដែលកំពុងស្ថិតក្នុង ដំណាក់កាល ជជែកដេញដោលដើម្បី សម្រេច។ មានការសន្យាចំនួន២៤ចំណុច ដែលកំពុងស្ថិតក្នុងភាពស្ទើរស្ទាក់ មិនដឹង ថាអាចទៅមុខឬយ៉ាងណាទេ ហើយមានការសន្យាចំនួន៦ចំណុចដែលបានធ្វើដែរ តែធ្វើបានតែផ្នែកខ្លះប៉ុណ្ណោះ ឯ២ចំណុច ផ្សេងទៀត ត្រូវបានផ្អិបចោល ដោយសារ គ្មានច្រកចេញ។

លោកម៉ាក្រុង បានសន្យាជារួម គឺធ្វើ កំណែទម្រង់ជាច្រើនចំណុច ក្នុងនោះមាន ជាពិសេស ក្នុងវិស័យការងារ វិស័យសេដ្ឋ កិច្ច ការប្រកួតប្រជែងពាណិជ្ជកម្ម ព្រម ទាំងវិស័យអប់រំ។ ទាក់ទងនឹងវិស័យអប់រំ មានវិធានការមួយ ដែលទំនងជាមានការ គាំទ្រច្រើននោះ គឺការបង្កើនលទ្ធភាពឲ្យ ដល់តំបន់ពិសេស ដែលស្ថិតជាតំបន់ ត្រូវ ទទួលការចាប់អារម្មណ៍ខ្ពស់ ក្នុងការអប់រំ បណ្តុះបណ្តាល។ តំបន់ពិសេសទាំងនោះ ជាទូទៅ គឺជាតំបន់ដែលប្រជាជនមានជីវភាពក្រីក្រ ឬក៏មានជនជាតិបារាំងដើម កំណើតបរទេសច្រើន ដែលជាទូទៅគឺ តំបន់ទាំងនោះ ក្មេងសិស្សសាលារៀន មិនពូកែ ឬបោះបង់ចោលសាលាច្រើន ជាដើម។

អាយុក្មេងចូលសាលាមតេយ្យ បាន ទម្លាក់មកដល់អាយុ៣ឆ្នាំ ហើយថ្នាក់បឋមសិក្សានៅតាមតំបន់ពិសេសទាំងនោះ នឹងត្រូវបំបែកគុណជា២ មានន័យថា មួយថ្នាក់មានសិស្សតែ១២នាក់ទេ ហើយ បើកន្លែងខ្លះខ្វះបន្ទប់រៀន នោះគេរក្សា សិស្ស២៤នាក់ក្នុងមួយថ្នាក់ តែត្រូវបន្ថែម គ្រូម្នាក់ទៀត។ ប៉ុន្តែគម្រោងកំណែទម្រង់នៅថ្នាក់ឧត្តមសិក្សា កំពុងត្រូវគេរិះគន់ខ្លាំង ណាស់។

ទាក់ទិននឹងវិស័យសេដ្ឋកិច្ចវិញ យើង ឃើញថា ឆ្នាំទី១នៃអាណត្តិរបស់លោកម៉ាក្រុងនេះ សេដ្ឋកិច្ចបារាំងបានងើបឡើង វិញបានល្អ។ នៅដំណាច់ឆ្នាំ២០១៧ កំណើនសេដ្ឋកិច្ចបារាំង បានកើនដល់៣% ដែលនេះជាលើកទីមួយហើយ ចាប់តាំង ពីឆ្នាំ២០១១មក។ រីឯបំណុលសាធារណៈ វិញ បានកាត់បន្ថយ ឲ្យស្ថិតនៅក្រោម៣% នៃផលិតផលដុលក្នុងស្រុក។

តែយ៉ាងណា លោក Patrick Artus អ្នកវិភាគសេដ្ឋកិច្ចម្នាក់ បានលើកឡើងថា លទ្ធផលវិជ្ជមាននៃសេដ្ឋកិច្ចបារាំងនេះ មិនមែនដោយសាររដ្ឋាភិបាលលោកម៉ាក្រុងទាំងស្រុងទេ។ លោកពន្យល់ថា សេដ្ឋ កិច្ចបារាំង ដើរល្អ ដោយសារវារងឥទ្ធិពល ល្អ នៃលំហូររបស់សេដ្ឋកិច្ចសកល។ ឆ្នាំ២០១៧ ការដោះដូរពាណិជ្ជកម្មពិភព លោក បានកើនដល់៥%។ មិនមែនតែ បារាំងម្នាក់ឯងទេ ដែលទទួលផល គឺសេដ្ឋ កិច្ចអឺរ៉ុបទាំងមូលតែម្តង ដែលបានទទួល។ គោលនយោបាយរូបិយបណ្ណរបស់ធនាគារកណ្តាល បានសម្រួលដល់ការផ្តល់ប្រាក់ កម្ចី ដែលមានការប្រាក់ទាប ហើយអនុញាតឲ្យមានវិនិយោគកាន់តែច្រើន។ កំណែ ទម្រង់សេដ្ឋកិច្ចបារាំង ដែលមានស្រាប់តាំងតែពីជំនាន់លោកហូឡង់ គឺបានដើរត្រូវ ជាមួយលំហូរសកលនេះ ហើយដែល លោកម៉ាក្រុង ឡើងមកថ្មី គ្រាន់តែបាន ធ្វើបន្ត និងឆក់ឱកាសល្អនេះតែប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖