ខេត្តបន្ទាយមានជ័យ៖ ចូលដល់រដូវវស្សាភ្លាម អាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាំយកទៅចែកជូនបណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅការពារបូរណភាពទឹកដីក្នុងភូមិសាស្ត្រ យោធភូមិភាគទី៤។
ពិធីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្ដាអង្គភាព និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បាននាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចទាំងពីរ ជូនដល់កងកម្លាំង និងក្រុមគ្រួសារ ដោយសាររដូវវស្សាឈានចូលមកដល់ហើយ ដូច្នេះទើបសម្តេចទាំងពីរផ្តល់អាវភ្លៀងជូន មានតែសម្ដេចទេដែលគិតគូរ ដល់កងកម្លាំងប្រដាប់អាវុធជាប្រចាំ ទាំងជីវភាព សុខភាពកងទ័ព និងក្រុមគ្រួសារទ័ពតាមរយៈផ្តល់ដី ផ្តល់ផ្ទះ កសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ជីកស្រះ អណ្តូងទឹក ជូនអង្គភាពទ័ព និងភូមិគ្រួសារទ័ពជាបន្តបន្ទាប់។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ខុសពីពួកប្រឆាំងដែលមាត់ថាស្នេហាជាតិ តែសកម្មភាពពួកគេ គឺបំផ្លាញជាតិ ញុះញង់លាបព័ណ៌កងទ័ព ឲ្យប្រឆាំងរដ្ឋាភិបាល ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នា ត្រូវយល់ឲ្យបានច្បាស់ពីបញ្ហានេះ ជាកងទ័ពត្រូវគោរព និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល គោរពសម្ដេច ដឹងគុណសម្តេច ព្រោះសម្តេចជាប្រមុខរាជរដ្ឋាភិបាល ដូច្នេះត្រូវត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពាររាជរដ្ឋាភិបាល រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ង បង្កអសន្តិសុខជាតិ ការញុះញង់បំបែកបំបាក់ឯកភាពជាតិរបស់ពួកប្រឆាំង។
កងកម្លាំងប្រដាប់អាវុធទាំងអស់ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអគ្គភស្តុភារជាន់ខ្ពស់កងទ័ព តែងតែដោះស្រាយរាល់ការលំបាក ដូចជាផ្តល់ដី ផ្ទះសម្បែង ប្រាក់ហូបបន្ថែម ផ្តល់ប្រេងបូមទឹកជូនបណ្តាអង្គភាពតាមចំណុចខ្ពស់ តម្លើងប្រាក់ខែ ជូនជារៀងរាល់ឆ្នាំ ជាពិសេសខែភ្លៀងចែកអាវភ្លៀង ខែរងារចែកអាវរងារ។
កងកម្លាំងទាំងអស់ ក៏បានធ្វើការប្តេជ្ញាចិត្តការពារសម្តេចតេជោ ហ៊ុន សែន ការពាររាជរដ្ឋាភិបាល រក្សាភាពសុខសាន្តជូនប្រទេសជាតិ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ង នាំប្រទេសជាតិទៅរកភាពអសន្តិសុខ និងចលនាក្រុមគ្រួសារឲ្យទៅបោះឆ្នោត និងបោះឆ្នោតជូនសម្តេចឲ្យបានគ្រប់ៗគ្នា៕