ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី៖ វាយប្រហារព្រះវិហារមិនបានប៉ុន្មានម៉ោងផង មកវាយប្រហារនៅប៉ុស្តិ៍សន្តិសុខបន្ថែមទៀត

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ីបានរងនូវការវាយប្រហារផ្ទួនៗ ខណៈមិនដល់២ថ្ងៃផង មានករណីផ្ទុះគ្រាប់បែកអត្តឃាតរហូតដល់៤ទៅ៥លើកកើតឡើង បណ្តាលឲ្យស្លាប់និងរបួសជាបន្តបន្ទាប់ កម្លាំងសមត្ថកិច្ចមិនអាចការពារហេតុការណ៍នេះកុំឲ្យកើតឡើងបានទេ ។

ប៉ូលិសថាហេតុការណ៍ផ្ទុះមួយកើតឡើងនៅទីស្នាក់ការកណ្តាលប៉ូលិស ក្រុង Surabaya កាលពីថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ ២០១៨ ខណៈកាលពីថ្ងៃទី១៣ ខែឧសភា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានវាយប្រហារអត្តឃាតនៅព្រះវិហារ៣កន្លែង ក្នុងទីក្រុងធំបំផុតទី២របស់ឥណ្ឌូនេស៊ី ។

ប៉ូលិសបន្តថា ករណីមួយនេះកើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ខាងក្រៅអគារ ។ ជនល្មើស៤នាក់ដែលប្រើប្រាស់ម៉ូតូពីរគ្រឿងបំផ្ទុះនោះបានស្លាប់ទាំងអស់។ កុមារអាយុ៨ ឆ្នាំម្នាក់ ដែលស្ថិតនៅលើម៉ូតូដែរនោះបានរួចជីវិត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។

បច្ចុប្បន្នភាពរបស់ប៉ូលីសបានថ្លែងថា កម្លាំងសន្តិសុខ៤នាក់ និងជនស៊ីវិល៦ នាក់បញ្ជូនចូលកាន់មន្ទីរពេទ្យសង្គ្រោះ។

អ្នកនាំពាក្យ លោក Frans Barung Mangera ប្រាប់ថា “ច្បាស់ណាស់ ជាការបំផ្ទុះគ្រាប់បែកអត្តឃាត” ។ មិនអាចផ្តល់ព័ត៌មានលម្អិតទាំងអស់ទេ យើងកំពុងកំណត់អត្តសញ្ញាណជនរងគ្រោះ នៅកន្លែងកើតហេតុ ។

វីដេអូទូរទស្សន៍ស៊ីស៊ីធីវីផ្សាយឲ្យឃើញថា បុរស និងស្ត្រីម្នាក់នៅលើម៉ូតូបានឈប់នៅច្រកសន្តិសុខ។ ពេលនោះមានទោចក្រយានយន្តរបស់ក្រុមភេរវករមកដល់ក្បែរឡានមួយគ្រឿង ក៏មានហេតុការណ៍ផ្ទុះឡើងតែម្តង ខណៈមន្ត្រីសន្តិសុខវត្តមាននៅទីនោះ។

ការផ្ទុះមួយនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីជនបំផ្ទុះគ្រាប់បែកអត្តឃាតវាយប្រហារព្រះវិហារចំនួនបី សម្លាប់មនុស្ស១៣នាក់ និងរងរបួសប្រហែល៤០នាក់។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ថ្លែងកាលពីថ្ងៃចន្ទថា ការវាយប្រហារអត្តឃាតជា “ទង្វើថោកទាប” ជា “ទង្វើរបស់ជនថោកទាប” ។ លោកនឹងជំរុញឱ្យមានសកម្មភាពប្រឆាំងអំពើភេរវកម្ម កម្ចាត់បណ្តាញពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឲ្យរលាយសាបសូន្យពីទឺកដីឥណ្ឌូនេស៊ី ។ លោកនឹងចេញបទបញ្ជាជំនួសឱ្យច្បាប់មួយ បើសភាបរាជ័យមិនអនុម័តនៅខែក្រោយនេះ ។

រដ្ឋមន្ត្រីសន្តិសុខឥណ្ឌូនេស៊ីប្រកាសថា ក្រុមប៉ូលីស កម្លាំងយោធាបង្កើនសកម្មភាពការពារសន្តិសុខនៅទូទាំងប្រទេស ។

ប៉ូលីសស្រាវជ្រាវឃើញថា អ្នកបំផ្ទុះគ្រាប់បែកនៅព្រះវិហារ រួមមានម្តាយ, ឪពុក កូនស្រី២នាក់ អាយុ៩ឆ្នាំ និង១២ឆ្នាំ និងកូនប្រុស២នាក់ ដែលមានអាយុ១៦ឆ្នាំ និង១៨ឆ្នាំ ។ គ្រួសារនេះបានចូលរួមជាមួយបណ្តាញជ្រុលនិយមក្នុងតំបន់ Jamaah Ansharut Daulah (JAD) ជិតស្និទ្ធជាមួយពួកភេរវកម្ម IS ។

ក្រុមប៉ូលិសថ្លែងទៀតថា ៣ នាក់ទៀត នៅគ្រួសារមួយ បានស្លាប់ និងពីរនាក់ទៀតរងរបួស ដោយអំពើបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត នៅក្នុងបរិវេណផ្ទះល្វែង ប្រហែល៣៩គីឡូម៉ែត្រពីទីក្រុង ស៊ូរ៉ាបាយ៉ា។

មកទល់ពេលនេះ ការបំផ្ទុះគ្រាប់បែកនៅអគារប៉ូលិសខាងលើ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ជាទង្វើរបស់ខ្លួននៅឡើយ ៕ ថាច់ យ៉ាត


ចែករំលែក៖