ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ គ.ជ.ប. បញ្ជាក់ថា អត់ពន្យារពេលចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតទេ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ឌឹម សុវណ្ណារុំ កាលពីព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយនៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតបានបកស្រាយថា គ.ជ.ប. ពុំ បានពន្យារពេលចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោត ឡើយ ។

ការលើកឡើងបែបនេះបន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ ដែលមានបញ្ហានាពេលកន្លងទៅបានចុះផ្សាយថា «គ.ជ.ប.នឹងបន្តពន្យារ ពេលចុះបញ្ជីគណបក្សនយោបាយ៥ថ្ងៃ ទៀត ខណៈមានបក្ស៤បានទទួលស្គាល់ជាផ្លូវការ» ។

លោក ឌឹម សុវណ្ណារុំ បានបន្តថា គ.ជ.ប. គ្មានសិទ្ធិពន្យារពេលចុះបញ្ជីគណបក្ស នយោបាយ និងបេក្ខជនឈរឈ្មោះបោះ ឆ្នោតទេដោយសារតែច្បាប់មិនអនុញ្ញាត។ ដូច្នេះការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦បានបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ វេលា ម៉ោង៥និង៣០នាទីល្ងាច ។

អ្នកនាំពាក្យ គ.ជ.ប. រូបនេះបានបន្ថែម ថា ការយល់ច្រឡំក្នុងការពន្យារពេល៥ថ្ងៃ ដោយសារអ្នកព័ត៌មានមិនយល់ពីនីតិវិធី ព្រោះជាធម្មតានៅពេលដាក់ពាក្យរបស់ គណបក្សនយោបាយមួយគឺគ.ជ.ប. មានសិទ្ធិពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយក្នុង រយៈពេល៧ថ្ងៃ ប៉ុន្តែបើពិនិត្យឃើញថា បក្សសាមីខុសឈ្មោះ ឬខុសអ្វីផ្សេងៗនោះ នឹងប្រាប់ទៅបក្សសាមីឲ្យកែតម្រូវនិង បំពេញឯកសារបន្ថែម ហើយបក្សសាមី នោះមានរយៈពេល៥ថ្ងៃក្នុងការកែតម្រូវតាម គ.ជ.ប. ។

អ្នកនាំពាក្យគ.ជ.ប.រូបនេះថ្លែងច្បាស់ៗយ៉ាងដូច្នេះថា «គ្មានច្បាប់ណាដែលអនុញ្ញាត ឲ្យ គ.ជ.ប ពន្យារកាលបរិច្ឆេទការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នេះទេ»។

លោក ឌឹម សុវណ្ណារុំ បានពន្យល់ពីនីតិ វិធីថា បន្ទាប់ពី គ.ជ.ប. ទទួលបានការដាក់ពាក្យរបស់គណបក្សនយោបាយ គ.ជ.ប មានពេលមួយសប្ដាហ៍ដើម្បីពិនិត្យ និង សម្រេច។ ក្នុងរយៈពេលនេះប្រសិនបើ ពិនិត្យឃើញថា មានការខ្វះចន្លោះឯកសារ គ.ជ.ប. ចេញសេចក្ដីជូនដំណឹងឲ្យគណ បក្សសាមីបំពេញឯកសារបន្ថែម ហើយ គណបក្សសាមីមានពេល៥ថ្ងៃបន្ទាប់ពី ទទួលបានសេចក្ដីជូនដំណឹងពី គ.ជ.ប. ដើម្បីបំពេញបែបបទបន្ថែមដែលនេះជា នីតិវិធីច្បាប់ ។

សូមជម្រាបថា ការចេញមកប្រកាស របស់អ្នកនាំពាក្យ ឌឹម សុវណ្ណារុំ បានធ្វើ ឡើងបន្ទាប់ពីកាសែតភ្នំពេញប៉ុស្ដិ៍បាន ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៨ ដោយដកស្រង់សម្ដីរបស់លោក ហង្ស ពុទ្ធា ថា «គ.ជ.ប.ពន្យារការចុះឈ្មោះ គណបក្សចូលរួមបោះឆ្នោតក្រោយពីមានបក្សតែ៤» ។

កាលពីពេលកន្លងទៅ គ.ជ.ប. បាន ចេញសេចក្ដីប្រកាសព័ត៌មានច្បាស់លាស់ បានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយស្របតាមវិជ្ជាជីវៈរបស់ខ្លួនរួចមកហើយ ដើម្បីងាយស្រួលឲ្យអ្នកសារព័ត៌មានចុះ ផ្សាយជៀសវាងភាន់ច្រឡំហើយលើសពីនេះទៀតអ្នកនាំពាក្យតែងតែឆ្លើយតបជា វិជ្ជមានចំពោះតម្រូវការរបស់អ្នកសារព័ត៌មាន ។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃ១៤ ឧសភា ឆ្នាំ២០១៨ មានគណបក្សនយោបាយ១២ហើយដែលបានបំពេញបែបបទចុះបញ្ជីរួចរាល់នៅ គ.ជ.ប. ហើយក្នុងចំណោមទាំង១២បក្ស មានបក្ស៤ដែលគ.ជ.ប. បានទទួលស្គាល់ការចុះបញ្ជីជាផ្លូវការ ៕ ហេង សូរិយា


ចែករំលែក៖