ព័ត៌មានទាន់ហេតុការណ៍៖

សារភាពស្នេហ៍នាងមិនព្រមស្ម័គ្រស្ទាក់ផ្លូវចាប់អារករបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានធ្វើសកម្ម ភាពស្ទាក់ផ្លូវចាប់នារីម្នាក់អារកបម្រុង សម្លាប់ចោលដោយសារតែនារីរងគ្រោះ បដិសេធការសុំស្រលាញ់របស់គេ គ្រាដែលនាងត្រឡប់មកពីរាំក្នុងពិធីមង្គលការកូនអ្នកភូមិជាមួយគ្នា តែត្រូវបានអ្នកភូមិជួយធ្វើ អន្តរាគមន៍បញ្ជូននារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។

ហេតុការណ៍នេះធ្វើឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃ អាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកឧដុង្គបានឲ្យដឹងថា ជន សង្ស័យឈ្មោះ ជឿន ភក្ដី អាយុ២៩ឆ្នាំ មុខ របរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈកំពុងធ្វើសកម្មភាពចាប់អារកនារីរងគ្រោះនឹងកណ្តៀវ ហើយប្រជាពលរដ្ឋ ឃើញទាន់ ។

ប្រភពដដែលបានឱ្យដឹងទៀតថា មុន ពេលកើតហេតុនារីរងគ្រោះអាយុ២២ឆ្នាំបានដើរត្រឡប់មកពីចូលរួម និងរាំលេងក្នុងពិធីមង្គលការកូនអ្នកភូមិជាមួយគ្នាសំដៅ ទៅផ្ទះ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យខាងលើដើរស្ទាក់ផ្លូវ ហើយបានធ្វើសកម្មភាពយកកណ្ដៀវ អារ.កនារីរងគ្រោះពីកញ្ចឹងកខាងក្រោយ ដល់គុម្ពត្រចៀកខាងស្ដាំនិងរបួសដៃធ្ងន់ ធ្ងរ។ សកម្មភាពនេះត្រូវបានអ្នកភូមិជួយចាប់ជនសង្ស័យយកទៅប្រគល់ឲ្យសមត្ថកិច្ច ហើយនារីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា មូលហេតុដែលខ្លួនធ្វើ សកម្មភាពចាប់នារីរងគ្រោះអារ.កយ៉ាង នេះ ព្រោះតែខឹងនារីរងគ្រោះមិនព្រមទទួលយកសេចក្តីស្រលាញ់ពីខ្លួនខណៈដែលគេប្រាប់ថានឹងឲ្យចាស់ទុំចូលស្តីដណ្តឹងរៀបការស្របច្បាប់នោះ ។

ក្នុងករណីនេះលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបាន ឱ្យដឹងថា កន្លងទៅជនសង្ស័យរូបនេះជា មុខសញ្ញាដែលទើបចេញពីពន្ធនាគារបាន២ខែប៉ុណ្ណោះដោយជាប់ចោទពីបទហិង្សាដោយចេតនាទៅលើអ្នកដទៃ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ឧដុង្គដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់ ៕ សហការី


ចែករំលែក៖