រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងលុបទណ្ឌកម្មដល់កូរ៉េខាងជើងទាំងស្រុង ប្រសិនបើប្រទេសនេះព្រមបោះបង់កម្មវិធីបរមាណូទាំងស្រុងនោះ។ លោកបន្តទៀតថា អាមេរិកនឹងជួយដល់វិស័យសេដ្ឋកិច្ចកូរ៉េខាងជើងឲ្យរីកចម្រើនដូចជាកូរ៉េខាងត្បូង។
មានប្រសាសន៍នៅក្នុងកម្មវិធីទូរទស្សន៍ពេលព្រឹកនៅអាមេរិក លោក Pompeoបញ្ជាក់ថា អាមេរិកមិនអាចចំណាយប្រាក់ជួយដល់កូរ៉េខាងជើង ក្នុងពេលដែលប្រទេសនេះមិនព្រមបោះបង់កម្មវិធីបរមាណូនោះទេ។ មិនតែប៉ុណ្ណោះបើកូរ៉េខាងជើងព្រមបោះបង់ ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់លក្ខណៈងាយស្រួលដល់ក្រុមហ៊ុនអាមេរិកវិនិយោគនៅកូរ៉េខាងជើង។ ក្នុងនោះមានវិស័យ កសិកម្ម ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ការប្រកាសខាងលើរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកកើតឡើងមុនជំនួបរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី។
ទន្ទឹមនឹងនោះរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានអបអរសាទរដល់កូរ៉េខាងជើង ដែលមានគម្រោងលុបចោលកម្មវិធីបរមាណូ នៅចុងខែឧសភា ឆ្នាំ២០១៨។
នៅក្នុងដំណើរទស្សនកិច្ចទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍កន្លងមករបស់រដ្ឋមន្ត្រីការបរទេសអាមេរិក បាននាំមកនូវលទ្ធផលយ៉ាងល្អប្រសើរ ដោយកូរ៉េខាងជើងបានដោះលែងអ្នកទោសអាមេរិក៣នាក់។នេះជាជ័យជម្នះយ៉ាងធំធេងរបស់រដ្ឋមន្ត្រីការបរទេសថ្មីអាមេរិក។
កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរចំពោះសេចក្តីប្រកាសរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបិទទីតាំងធ្វើតេស្តអាវុធនុយក្លេអ៊ែរ នៅភាគខាងជើងប្រទេសនាពេលឆាប់ៗខាងមុខ។
កាលពីយប់ថ្ងៃទី១២ ខែឧសភា ប្រទេសកូរ៉េខាងជើង បានប្រកាសថា ខ្លួននឹងរៀបចំពិធីមួយ សម្រាប់ការរុះរើចោលនូវទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ Pyunggye-ri នៅចន្លោះថ្ងៃទី២៣ និងទី២៥ ខែឧសភា ដែលជាជំហានឆ្ពោះទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងចេញពីឧបទ្វីបកូរ៉េ។
សម្រាប់ព័ត៌មានលម្អិតទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា ខ្លួននឹងបំផ្ទុះរាល់ផ្លូវរូងក្រោមដីទាំងអស់របស់ទីតាំងធ្វើតេស្ត ហើយបិទផ្លូវចេញចូលនានា ព្រមទាំងរុះរើរាល់កន្លែងសម្រាប់អង្កេតមើលការធ្វើតេស្ត ក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវ និងកន្លែងកងការពារសន្តិសុខ នៅឯមូលដ្ឋាន Pyunggye-ri។
ឆ្លើយតបចំពោះសេចក្តីប្រកាសនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញ Twitter ថាវាគឺជាកាយវិការដ៏ឆ្លាតវ័យ និងប្រពៃមួយ។ ការរុះរើទីតាំងធ្វើតេស្តនុយក្លេអ៊ែរនេះ នឹងធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងមេដឹកនាំ អាមេរិក-កូរ៉េខាងជើង ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី៕ ម៉ែវ សាធី