ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍អន្តរជាតិថ្កោលទោសទាហានអុីស្រាអែលបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន

ចែករំលែក៖

សហគមន៍អន្តរជាតិ បានថ្កោលទោសទៅលើកម្លាំងទាហានអុីស្រាអែល ដែលបានបាញ់សម្លាប់ក្រុមបាតុករជនជាតិប៉ាឡេស្ទីនដែលគ្មានអាវុធនៅក្នុងដៃ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសជាច្រើនផ្សេងទៀត ដូចជាចិន រុស្ស៊ី ទួរគី និងប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប បានថ្កោលទោស់ដល់ អំពើព្រៃផ្សៃរបស់ទាហានអុីស្រាអែល ដែលបណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីន៥៨នាក់ស្លាប់ និងជិត៣.០០០នាក់រងរបួស។

ជាមួយគ្នានេះដែរប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានធ្វើការថ្កោលទោស ដល់សកម្មភាពប្រើហិង្សារបស់ទាហានអុីស្រាអែលទៅលើបាតុករប៉ាឡេស្ទីននៅកាហ្សា។ ជាមួយគ្នានោះ លោកក៏បានប្រឆាំងទៅនឹងសកម្មភាពប្តូរទីតាំងស្ថានទូតអាមេរិក ទៅកាន់ហ្ស៊េរុយសាឡឹមផងដែរ។

លោក ម៉ាក្រុង បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយ ព្រះមហាក្សត្រ Jordan និងប្រធានាធិបតីប៉ាឡេស្ទីន កាលពីថ្ងៃទី១៤ ខែឧសភា ហើយលោកនឹងមានគម្រោងជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអុីស្រាអែលនាថ្ងៃទី១៥ ខែឧសភា។ លោក ម៉ាក្រុង បង្ហាញការខកចិត្តយ៉ាងខ្លាំង នៅពេលដែលមានពលរដ្ឋប៉ាឡេស្ទីនស្លាប់ និងរបួសយ៉ាងច្រើនបែបនេះ។

ជាមួយគ្នានោះដែរ ប៉ាឡេស្ទីន នឹងធ្វើការប្តឹងអុីស្រាអែលទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ពាក់ព័ន្ធនឹងការសម្លាប់រង្គាល ក៏ដូចជាបន្តសាងសង់លំនៅឋាន ក្នុងតំបន់ដែលអុីស្រាអែលដណ្តើមគ្រប់គ្រង៕ ម៉ែវ សាធី


ចែករំលែក៖