គេរាយការណ៍ថា លោក ជុយ សុខឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាបានពង្រាយកម្លាំងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យចាំស្ទាក់យកប្រាក់ពីអ្នកដឹកឈើតាមម៉ូតូមិនលើកលែងនោះឡើយ ។ ស្ទើរគ្រប់ខ្សែផ្លូវដែលមានការដឹកជញ្ជូនឈើ ទោះទ្រង់ទ្រាយតូច ទ្រង់ទ្រាយធំ សុទ្ធតែមានមន្ត្រីរបស់លោកជុយ សុខឃាង ចាំទារប្រាក់ពីអ្នកដឹកឈើ ។ សូម្បីតែប្រជាការពារដឹកឈើបន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះក៏មិនអាចគេចផុតពីកណ្តាប់ដៃក្រុមលោក ជុយ សុខឃាង នោះបានដែរ ។ យ៉ាងដូច្នេះមានន័យថា លោកជុយ សុខឃាង មិនដែលលើកលែងឲ្យនរណាឡើយ ។ វាក្លាយទៅជារឿងធម្មតាសម្រាប់ការដែលលោកជុយ សុខឃាងដាក់កម្លាំងដើម្បីទារប្រាក់ ។
មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីក្រុមអ្នកដឹកឈើតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ។ លោក អ៊ុំ វណ្ណសុភគ៌ បើកដៃឲ្យលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ធ្វើអ្វីៗតាមអំពើចិត្តរហូតដល់ក្រុមអ្នកដឹកជញ្ជូនឈើអត់ធ្មត់តទៅទៀតលែងបាន ក៏នាំគ្នាធ្វើការតវ៉ាដើម្បីលាតត្រដាងអំពើអាក្រក់របស់លោក ជុយ សុឃាង ជាសាធារណៈតែម្តង។
ថ្មីៗកន្លងទៅនេះក្រុមអ្នកបើកបររថយន្តសាំយ៉ុង ដឹកឈើប្រមាណ២០គ្រឿងបានមកប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ, ចុងផ្លាស់, សួនអាពាហ៍ពិពាហ៍ផ្នែករដ្ឋបាលព្រៃឈើកែវសីមាដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយរឿងលោក ជុយ សុឃាង គាបយកលុយពីពួកគេស្រេចតែអំពើចិត្ត។ ក្រុមអ្នកតវ៉ាបានឲ្យដឹងថាកន្លងមកលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានតម្រូវឲ្យពួកគេបង់លុយក្នុងរថយន្តដឹកឈើមួយគ្រឿង៨ម៉ឺនរៀលឬ២០ដុល្លារ ដើម្បីជាថ្នូរនឹងការអនុញ្ញាតឲ្យដឹកឈើតាមធម្មតាដោយគ្មានការផាកពិន័យ។ ក្រុមអ្នកតវ៉ាបានទាមទារឲ្យលោក ជុយ សុឃាង បញ្ចុះតម្លៃ២ម៉ឺនរៀលព្រោះអីមុខរបររកស៊ីដឹកជញ្ជូនឈើរបស់ពួកគេមិនសូវបានផលចំណេញនោះទេ ព្រោះត្រូវបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនកន្លែងទម្រាំដល់គោលដៅក្នុងរាជធានីភ្នំពេញ។
តាមការអះអាងពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងតំណែងជានាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា គឺលោក ជុយ សុឃាង មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើតាមតួនាទីរបស់ខ្លួនឡើយ ហើយបណ្ដោយឲ្យឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការរបស់ខ្លួនយ៉ាងពេញបន្ទុកទាំងថ្ងៃទាំងយប់។ តាមប្រភពខ្លះបានឲ្យដឹងថាការដែល លោក ជុយ សុឃាង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ផងដែលទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាក់ស្ដែងសូមម្បីតែអ្នកស៊ីឈ្នួលបើកបររថយន្តសាំយ៉ុងដឹកឈើគ្រោងទ្វារបង្អួចពីខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកកែវសីមា ត្រូវលោក ជុយ សុឃាង គាបយកលុយតាមអំពើចិត្តដែរក្រោមលេសថាជាលុយថ្លៃបាយទឹក។
បច្ចុប្បន្នឈ្មួញមួយចំនួនដឹកជញ្ជូនឈើឆ្លងកាត់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចូលទៅស្រុកស្នួល ខេត្តក្រចេះ ហើយដឹកជញ្ជូនចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែននិងច្រករបៀងជាច្រើនកន្លែងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ព្រោះអីលោក ជុយ សុឃាង គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ដោយគ្មានញញើតអ្វីទាំងអស់។ នៅច្រកដាក់ដាំ ស្រុកអូររាំង និងច្រកណាំលៀ ស្រុកពេជ្រាដា ក៏ឈ្មួញជាច្រើននាក់នៅតែអាចដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុកដែរព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ៕