ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកសម្ពោធស្ថានទូតថ្មីនៅតំបន់ហ្សេ៊រុយសាឡឹមក្រោមការថ្កោលទោសពីបណ្តាប្រទេសអ៊ិស្លាម

ចែករំលែក៖

នៅថ្ងៃទី១៤ ខែឧសភា ស្ថានទូតថ្មី របស់អាមេរិក ដែលបានប្តូរទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម បានបើកសម្ពោធជា ផ្លូវការ ។ រដ្ឋាភិបាលអីុស្រាអែល បាន អញ្ជើញបណ្តាប្រទេសដល់ទៅ ៨៦ ប្រទេស ចូលរួម ប៉ុន្តែមានតែ ៣៣ប្រទេស ប៉ុណ្ណោះដែលបានចូលរួម។

ពិធីសម្ពោធស្ថានទូតអាមេរិកនៅហ្ស៊េ រុយសាឡឹម បានធ្វើឡើងជាផ្លូវការនៅថ្ងៃទី ១៤ខែឧសភា ហើយកាលពីថ្ងៃទី១៣ ខែឧសភាពិធីប្តូទីតាំងស្ថានទូត នៅទីក្រុង Tel Aviv ត្រូវបានធ្វើឡើង ក្រោមវត្តមាន របស់នាយករដ្ឋមន្ត្រីអីុស្រាអែល ណេតាន់ យ៉ាហ៊ូ។

គណៈប្រតិភូអាមេរិកដែលបានចូលរួមនៅក្នុងពិធី ប្តូរទីតាំងស្ថានទូតនោះ រួមមាន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Steven Mnuchin ,រដ្ឋលេខាធិការក្រសួងការ បរទេស អាមេរិក លោក John Sullivan ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអីុស្រាអែល លោក David Friedman ។កូនស្រីប្រធា នាធិបតីត្រាំ និងកូនប្រសា រួមទាំងមន្ត្រីជាន់ខ្ពស់នៅសេតវិមានជាច្រើនរូបទៀត ព្រមទាំងតំណាងរាស្ត្រអាមេរិកផងដែរ ។ ចូល រួមក្នុងពិធីសម្ពោធស្ថានទូតថ្មីមានអ្នក ចូលរួមប្រមាណ១.២០០នាក់។

នៅក្នុងពិធី លោក Mnuchin បាន ប្រកាសឲ្យដឹងថា ការប្តូរស្ថានទូត គឺជា សញ្ញា នៃការបង្កើនទំនាក់ទំនងមិត្តភាព យូរអង្វែងរវាងអាមេរិកនឹងអីុស្រាអែល ។ លោក ក៏បានរំលឹកឡើងនូវការសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសម្ពន្ធមិត្តអីុស្រាអែល និងបណ្តាប្រទេសអារ៉ាប់ មួយចំនួន ក្នុងនោះមានសាវឌីអារ៉ាប៊ី ដែលជាសត្រូវប្រវត្តិសាស្ត្ររបស់អីុរ៉ង់ផងដែរ ។

ចំណែកនាយករដ្ឋមន្ត្រី អីុស្រាអែល លោកណេតាន់យ៉ាហ៊ូបានស្នើ ដល់បណ្តាប្រទេសដើរតាមគន្លងអាមេរិក ដោយប្តូរ ទីតាំងស្ថានទូតទៅកាន់តំបន់ហ្សេរុយសាឡឹម គឺជារឿងត្រឹមត្រូវសមហេតុផលជំរុញឲ្យមានសន្តិភាព ។ រាល់កិច្ចព្រមព្រៀង ទាំងឡាយ គឺត្រូវតែដឹងថា ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អីុស្រាអែល។

ក្នុងពេលដែលអីុស្រាអែលអំពាវនាវ​ដល់បណ្តាប្រទេសប្តូរទីតាំងស្ថានទូតទៅកាន់ហ្សេរុយសាឡឹម នោះ ប្រទេសជាច្រើនបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយយល់ ថាជាជំហានបង្កឲ្យមាន អសន្តិសុខ នៅ តាមបណ្តោយព្រំដែន រវាងអីុស្រាអែល នឹង ប៉ាឡេស្ទីន ក្នុងពេលដែលប៉ាឡេស្ទីន ចាត់ទុកទីក្រុងហ្សេរុយសាឡឹម ជាទឹកដីប៉ាឡេស្ទីនមិនអាចកាត់ផ្តាច់បានឡើយ។

ប្រទេសជាច្រើន មិនបានបញ្ជូនមន្ត្រីការបរទេសរបស់ខ្លួនទៅចូលរួមនៅក្នុងពិធី សម្ភោធ ស្ថានទូតថ្មីនៅហ្សេរុយសាឡឹមនោះឡើយ ដោយសកម្មភាពនោះគឺផ្ទុយ ពីសហគមន៍អន្តរជាតិ ។អីុស្រាអែលបានអញ្ជើញមន្ត្រីស្ថានទូត ទាំង៨៦ប្រទេស ដែលមានទូតនៅអីុស្រាអែលចូលរួម ប៉ុន្តែមានតែទូត៣៣ប្រទេសប៉ុណ្ណោះចូលរួម ។ ក្នុងនោះ មាន ហុងគ្រី ,រ៉ូម៉ានី ,ឆេក,ហ្គាតេ ម៉ាឡា ,ប៉ារ៉ាហ្គាយជាដើម។ ចំណែក ប្រទេសនៅតំបន់អឺរ៉ុបខាងកើត ស្ថិតនៅ ក្នុងសហគមន៍អឺរ៉ុប គឺមិនបានទៅចូលរួម នោះឡើយ គឺជាសញ្ញាមួយនៃការបែកបាក់របស់បណ្តាប្រទេសលោកខាងលិច ។

នៅតំបន់កាហ្សាវិញ ពលរដ្ឋប៉ាឡេស្ទីន បានធ្វើការដង្ហែក្បួនព្យុហយាត្រា ប្រឆាំង នឹងសកម្មភាព ខាងលើ ។ ក្បួនព្យុហយាត្រាបានធ្វើឡើងតាំងពី៧សប្តាហ៍កន្លងមក ហើយៗ ទាហានព្រំដែនអីុស្រាអែល ក៏ បានបាញ់សម្លាប់បាតុករប៉ាឡេស្ទីន ជាង ៥០នាក់ និង របួសរាប់ពាន់នាក់ដែរ។

ពាក់ព័ន្ធនឹងការប្តូរស្ថានទូតទៅកាន់ តំបន់ហ្សេ៊រុយសាឡឹម ក្រសួងការបរទេស ប៉ារ៉ាហ្គាយ បានប្រកាសថា ប្រទេសនេះ នឹងប្តូរទីតាំងស្ថានទូត ប្រចាំនៅអុីស្រា អែល ទៅកាន់ហ្ស៊េរុយសាឡឹមនៅចុងខែ ឧសភានេះ។

ប៉ារ៉ាហ្គាយគឺជាប្រទេសមួយទៀត កំពុងតែតាមអាមេរិកប្តូរទីតាំងស្ថានទូតទៅកាន់ហ្ស៊េរុយសាឡឹម។ កន្លងមក ប្រទេស Guatemala បានប្តូរស្ថានទូតពីទីក្រុង តែលអាវីវរបស់អុីស្រាអែលទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម ដែលកំពុងតែមានវិវាទជាមួយប៉ាឡេស្ទីន។

នេះជាសកម្មភាពថ្មីដូចជា«ចាក់សាំងចូលភ្លើងបន្ថែម» ក្នុងពេលដែលមាន ការប្រឈម មុខតានតឹង រវាងអុីស្រាអែល នឹងប៉ាឡេស្ទីន។ រដ្ឋាភិបាលប៉ាឡេស្ទីន បានចាត់ទុកថា ហ្ស៊េរុយសាឡឹម គឺជារដ្ឋធានីរបស់ខ្លួនមិនអាចកាត់ផ្តាច់បាន។

អ្នកនាំពាក្យក្រសួងការបរទេសអុីស្រាអែល លោក Emmanuel Nahshon បានប្រកាសថា ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Horacio Cartes បានគ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសអុីស្រាអែលនា ចុងខែឧសភានេះដើម្បីសម្ពោធស្ថានទូតថ្មីនៅហ្ស៊េរុយសាឡឹម ។

សារព័ត៌មានញូវយ៉កថាមស៍ បានផ្សាយ ថា តាមសម្តីអ្នកនាំពាក្យរដ្ឋាភិបាលប៉ារ៉ាហ្គាយ ប្រធានាធិបតីប្រទេសនេះ នឹងបំពេញទស្សនកិច្ចទៅកាន់អុីស្រាអែល នៅថ្ងៃទី ២១ ឬ២២ខែឧសភា។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសវេណេហ្ស៊ុយអេឡា ប្រធានាធិប តីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស បាន ប្រកាសថា លោកសង្ឃឹមថា នឹងមិនមាន ប្រទេសផ្សេងទៀត ដើរតាមអាមេរិក ប៉ារ៉ាហ្គាយ និងហ្គាសាតេម៉ាឡាប្តូរស្ថាន ទូតទៅកាន់ហ្ស៊េរុយសាឡឹមនោះឡើយ។

លោក ម៉ាមូដ អាបាស បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ប្រទេសផ្សេងទៀត នៅអឺរ៉ុប និងអាមេរិក នឹងមិនប្តូរស្ថានទូតរបស់ពួកគេទៅកាន់ហ្ស៊េរុយសាឡឹម ដែលវាជាសកម្មភាពផ្ទុយនឹងច្បាប់អន្តរជាតិ»៕ ម៉ែវ សាធី


ចែករំលែក៖