ព័ត៌មានទាន់ហេតុការណ៍៖

ការពិតនៅពីក្រោយហេតុផលដែលកូរ៉េខាងជើងគំរាមលុបកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក

ចែករំលែក៖

នៅពេលដែលកូរ៉េខាងជើងនៅសុខៗស្រាប់តែគំរាមលុបជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំនៅថ្ងៃទី១២ខែមិថុនា ខាងមុខ ក្នុងប្រទេសសិង្ហ បុរីនោះ កូរ៉េខាងជើង បានលើកឧទាហរណ៍ ៥ ពីជោគវាសនារបស់ប្រទេសមួយនិង មេដឹកនាំមួយ ដែលជាហេតុផលធ្វើឲ្យកូរ៉េខាងជើងត្រូវតែប្រុងប្រយ័ត្ន។

សារព័ត៌មាន ញូវយ៉កថាមបានផ្សាយ ថា ប្រទេសដែលកូរ៉េខាងជើង លើកឡើង នោះគឺជាប្រទេសលីប៊ី និងមេដឹកនាំហ្គា ដាហ្វុី ដែលមានជំនឿជឿជាក់ទៅលើ ការដោះដូរកម្មវិធីបរមាណូដើម្បីបានចូលសេដ្ឋកិច្ចជាមួយប្រទេសលោកខាងលិច ។កិច្ចព្រមព្រៀងរវាងលីប៊ីនឹងអាមេរិក ក្រោមរដ្ឋកាលរបស់អតីតប្រធានាធិបតីប៊ូស កាល ពី១៥ឆ្នាំមុន នៅទីបំផុតប្រទេសលីប៊ី និងមេដឹកនាំហ្គាដាហ្វុីត្រូវដួលរលំ។

កិច្ចព្រមព្រៀងខាងលើបានធ្វើឲ្យកូរ៉េខាងជើង មានអារម្មណ៍គ្មានសុវត្ថិភាព នៅ ពេលដែល មេដឹកនាំគីម ជុងអ៊ុន ជិតដល់ ថ្ងៃជំនួបពិភាក្សាជាមួយ ប្រធានាធិបតី អាមេរិកដូណាលត្រាំ នៅសិង្ហបុរី ហើយ ការលុបបំបាត់អាវុធបរមាណូគឺជាប្រធានបទសំខាន់នៅក្នុងជំនួបនោះ។ ជំនួបត្រូវបានគេរំពឹងថានឹងបញ្ចប់ការចងគំនុំរាប់ សិបឆ្នាំរវាងអាមេរិកនឹងកូរ៉េខាងជើង។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានបញ្ជាក់ថា គំរូនៃកិច្ចព្រម ព្រៀងបរមាណូលីប៊ី គឺជាគំរូដែលនឹងអនុ វត្តជាមួយកូរ៉េខាងជើង ដើម្បីដោះដូរនិងលុបទណ្ឌកម្មសេដ្ឋកិច្ច។

ក្រៅពីនេះអាមេរិកក៏បានចេញលក្ខ ខណ្ឌដល់កូរ៉េខាងជើង ក្នុងរយៈពេល៦ ខែត្រូវបញ្ជូន អាវុធបរមាណូ និងកាំជ្រួច មីស៊ីលចេញទៅក្រៅប្រទេសឲ្យអស់ នៅពេលនោះទីក្រុងវ៉ាស៊ីនតោននឹងលុបកូរ៉េខាងជើងចេញពីបញ្ជីគាំទ្រក្រុមភេរវកម្ម និង លុបទណ្ឌកម្មសេដ្ឋកិច្ច។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងលើក ឡើងនូវវិធីសាស្ត្រមួយចំនួន នៅពេល ដែលកូរ៉េខាងជើង យល់ព្រមលុបបំបាត់ បរមាណូទាំងស្រុង ក្នុងនោះ អាមេរិកចង់ ឲ្យ ក្រុមអ្នកវិទ្យាសាស្ត្របរមាណូកូរ៉េខាងជើងទៅរស់នៅក្រៅប្រទេស និងបំផ្លាញ ឯកសារទាំងអស់ នៃការសាកល្បងបរមាណូ ៦លើកកន្លងមកដោយជោគជ័យ។

សកម្មភាពទាំងនោះត្រូវបានក្រុមអ្នក ឯកទេសវិភាគលើកឡើងថា ជារឿងដ៏ លំបាកដល់ កូរ៉េខាងជើង ក្នុងការធ្វើតាម អាមេរិក ។ នៅពេលដែល កូរ៉េខាងជើង បញ្ជូនអាវុធទាំងអស់ទៅក្រៅប្រទេសទាំងបរមាណូនិងមីស៊ីល មិនតែប៉ុណ្ណោះបញ្ជូនទាំងក្រុមវិទ្យាសាស្ត្រ ទៅរស់នៅក្រៅ ប្រទេសទៀត នោះបើអាមេរិកប្រែក្រឡាស់ កូរ៉េខាងជើង នឹងមិនមានអ្វីសម្រាប់ការពារខ្លួនឡើយគឺ មានតែស្លាប់ប៉ុណ្ណោះ ។

មេរៀន ដែលបានកើតឡើងនៅលីប៊ី

នៅឆ្នាំ២០០៣ មេដឹកនាំលីប៊ីលោក ហ្គាដាហ្វុី បានមើលឃើញដោយផ្ទាល់នូវការបញ្ជូនទាហានអាមេរិកចូលទៅកាន់ អីុរ៉ាក់ ហើយផ្តួលរំលំរបបដឹកនាំរបស់លោកសាដាម ហ៊ូសេន ។ លោកហ្គាដាហ្វីបានដឹង យ៉ាងច្បាស់ថា លោកគឺជាអ្នកបន្ទាប់ ។

នៅក្នុងកិច្ចពិភាក្សាជាសម្ងាត់ ជាមួយ អាមេរិក អង់គ្លេស លោកហ្គាដាហ្វុី បានព្រម ព្រៀង ប្រគល់បច្ចេកវិទ្យាបរមាណូដែល ទិញពីលោកA.Q.Khan ជាបុគ្គលដែលគេ ហៅថា ជា បិតា បង្កើតកម្មវិធីបរមាណូ ប៉ាគីស្ថាន ។ កូរ៉េខាងជើង និង អីុរ៉ង់ក៏ ជាអតិថិជនរបស់ លោកKhan ផងដែរ។

វត្ថុធាតុដើម សម្រាប់ផលិតបរមាណូ នៅលីប៊ី ត្រូវបានបញ្ជូនចេញពីប្រទេសនេះទៅរក្សាទុកនៅទីក្រុងOak Ridge រដ្ឋ Tennessee ។ នៅពេលដែលអតីតប្រធា នាធិបតីGeorge W. Bush ប្រកាសថា កិច្ច ព្រមព្រៀងបរមាណូជាមួយលីប៊ី ត្រូវបាន ចុះហត្ថលេខា លោកប៊ូសក៏មានបំណង ទំនាក់ទំនងជាមួយអីុរ៉ង់ និងកូរ៉េខាងជើង ដោយសង្ឃឹមថា ប្រទេសទាំងនោះនឹងដើរតាមគន្លងរបស់លីប៊ី។

អាមេរិកនិងសម្ពន្ធមិត្ត អឺរ៉ុប បានចាប់ផ្តើមប្រើប្រាស់កម្លាំងយោធាទៅលើប្រទេសលីប៊ីនៅឆ្នាំ២០១១ ដើម្បីរារាំងសកម្មភាពដែលលោកខាងលិចចាត់ទុកថាជាការ សម្លាប់រង្គាល ។អាមេរិកមិនបាននាំមុខនៅក្នុងការវាយប្រហារលីប៊ីឡើយ គឺប្រទេស បារាំងនិងអឺរ៉ុបជាអ្នកដឹកនាំចំណែកអាមេ រិកក៏បានចូលរួមជាមួយផងដែរ។

សារព័ត៌មានញូវយ៉កថាមបាន ផ្សាយ ថា កូរ៉េខាងជើងមានក្តីបារម្ភខ្លាចស្ថិតនៅ ក្នុងវាសនា ដូចជាលីប៊ីនិងអីុរ៉ាក់ ។ទាំងនោះហើយជាហេតុផលដែលកូរ៉េខាងជើង មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង។

នៅឆ្នាំ២០១៦ ក្រោយពីកូរ៉េខាងជើង បានសាកល្បងបរមាណូដោយ ជោគជ័យ មក បណ្តាព័ត៌មានជាតិកូរ៉េខាងជើង KCNA បានបញ្ជូនភ្នាក់ងារ ទៅកាន់ប្រទេសលីប៊ីនិងសីុរីដោយផ្ទាល់ដើម្បីបញ្ជាក់ពីប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅក្នុងប្រទេសទាំងនោះក្រោយពីព្រមបោះបង់កម្មវិធី បរមាណូ ។ប្រវត្តិសាស្ត្របានបញ្ជាក់ថា បរមាណូ គឺជាអាវុធដ៏រឹងមាំខ្លាំងក្លាបំផុត សម្រាប់ទប់ស្កាត់សត្រូវនៅខាងក្រៅ។ របបដឹកនាំរបស់លោកសាដាម ហ៊ូសេន នៅអីុរ៉ាក់ និងមេដឹកនាំលីប៊ី លោកហ្គាដាហ្វុីនៅក្នុងប្រទេសលីប៊ី អាចរួចផុតពីក្តី ស្លាប់ ប្រសិនបើ នៅមានអាវុធបរមាណូ ការពារ។

នៅក្នុងការផ្សាយ កាលពីថ្ងៃទី១៦ ខែ ឧសភា កូរ៉េខាងជើងបានបញ្ជាក់ថា កូរ៉េ ខាងជើង ខុសពីប្រទេសអីុរ៉ាក់និងលីប៊ី មិន អាចមានវាសនាដូចគ្នានោះឡើយ ហើយ ក៏មិនអាចប្រៀបធៀបកូរ៉េខាងជើង និង ប្រទេសទាំងពីរនោះដែរ។

នៅពេលដែលព្រមព្រៀង លីប៊ីទើបតែចាប់ផ្តើមកម្មវិធីបរមាណូប៉ុណ្ណោះ ដោយមានតែម៉ាស៊ីនចម្រើនសារធាតុអ៊ុយរ៉ានី ញ៉ូម។ចំណែកកូរ៉េខាងជើងបានសាក ល្បងបរមាណូដោយជោគជ័យ អាចបំពាក់ លើកាំជ្រួចមីស៊ីល វាយប្រហារដល់ទឹកដី អាមេរិក ។ ក្រុមចារកម្មអាមេរិកក៏បាន បញ្ជាក់ថា កូរ៉េខាងជើង មានគ្រាប់បែក បរមាណូ ពី២០ទៅ៦០គ្រាប់ និងមីស៊ីល ឆ្លងទ្វីបជាច្រើន អាចកម្ទេចអាមេរិកបាន។

មួយវិញទៀត កូរ៉េខាងជើងមានមហា អំណាចចិននៅពីក្រោយជាខ្នងបង្អែកដ៏រឹងមាំ ហើយចិនមានគ្រាប់បែកបរមាណូជា ច្រើន ដែលអាចការពារកូរ៉េខាងជើងបាន ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ចិនបានចាត់ទុកកូរ៉េខាងជើងជាផ្នែកមួយនៃ ប្រទេសចិន ដោយមិនអនុញ្ញាតឲ្យអាមេរិកបំផ្លាញឡើយ៕ ម៉ែវ សាធី


ចែករំលែក៖