ព័ត៌មានទាន់ហេតុការណ៍៖

ចិនបាញ់បង្ហោះផ្កាយរណបសម្រាប់ទំនាក់ទំនងជាមួយយាននៅឋានព្រះចន្ទ និងផែនដី

ចែករំលែក៖

នៅក្នុងវិស័យអវកាសចិនទទួលបានជោគជ័យជាបន្តបន្ទាប់ ហើយនៅពេល ដ៏ខ្លីខាងមុខ ចិននឹងបន្តស្រាវជ្រាវភព ព្រះចន្ទ ។ ដើម្បីស្រាវជ្រាវដោយជោគជ័យ ចិនបានបញ្ជូនផ្កាយរណបទំនាក់ទំនង និងបញ្ជូនទិន្នន័យពីភពព្រះចន្ទមកផែនដី ។

សារព័ត៌មានស៊ីនហួបានផ្សាយថា នៅ ថ្ងៃចន្ទ ទី២១ ខែឧសភា ចិនបានចាប់ផ្តើម បាញ់បង្ហោះ ផ្កាយរណបបញ្ជូនសញ្ញាមួយ គ្រឿង ដើម្បីរៀបចំបង្កើតប្រព័ន្ធទំនាក់ទំនងរវាងផែនដី នឹងយានអវកាស ឆាងអឺ ៤ (Chang’e-4) ដែលត្រូវបានគេគ្រោងនឹងបញ្ជូនទៅកាន់ឋានព្រះចន្ទ ដើម្បីធ្វើការ សិក្សាស្រាវជ្រាវតំបន់ចំហៀងម្ខាងទៀត របស់ព្រះច័ន្ទ ដែលមិនបែរមករកភព របស់យើងឡើយ។

មជ្ឈមណ្ឌលអវកាសចិន CNSA បាន ប្រកាសឲ្យដឹងថា ផ្កាយរណបខាងលើ ដែលមានឈ្មោះថា ក្វេកៅ (Queqiao) ត្រូវបានបញ្ជូនទៅកាន់ទីអវកាសតាមរយៈគ្រាប់រ៉ុក្កែត ឡុងម៉ាច (Long March-4C) ដែលបានហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបនៃក្រុងស៊ីឆាង (Xichang) ភាគនិរតីប្រទេសចិន កាលពីវេលាម៉ោង ៥និង២៨នាទីព្រឹកថ្ងៃចន្ទនេះ។

អ្នកវិទ្យាសាស្រ្តចិនមានក្តីសង្ឃឹមថា ផ្កាយរណប Queqiao នឹងបង្កើតជាស្ពាន ទំនាក់ទំនងមួយ រវាងស្ថានីយគ្រប់គ្រង ប្រតិបត្តិការនៅផែនដី នឹងតំបន់ Far Side of Moon (ផ្នែករបស់ព្រះចន្ទដែលយើង មើលពីផែនដីទៅមិនឃើញឡើយ) ជាទី ដែលយាន Chang’e-4 ត្រូវគេរំពឹងថានឹងចុះទៅដល់ទីនោះនៅចុងឆ្នាំនេះ។

គួរជម្រាបថា ឈ្មោះ Queqiao របស់ ផ្កាយរណបខាងលើ គឺមានន័យថា «ស្ពាន ល្វាចេក»។ នៅក្នុងរឿងព្រេងចិន សត្វល្វាចេកតែងតែនាំគ្នាប្រើស្លាបរបស់ពួកវា ត ភ្ជាប់ជាស្ពានមួយ ជារៀងរាល់យប់ទី៧ នៃ ខែទី៧ នៅក្នុងប្រតិទិនចន្ទគតិ ដើម្បីអនុ ញ្ញាតឲ្យនាង Zhi Nu ដែលជាបុត្រីទី ៧ របស់ម្ចាស់ក្សត្រីនៃឋានសួគ៌ ធ្វើដំណើរឆ្លងកាត់ដើម្បីទៅជួបស្វាមីជាទីស្រឡាញ់ ដែលឃ្លាតពីទ្រង់ដោយសារទន្លេ Milky Way៕ ម៉ែវ សាធី

 


ចែករំលែក៖