ព័ត៌មានទាន់ហេតុការណ៍៖

ចាកចេញពីកម្ពុជា៤០ឆ្នាំ កូនខ្មែរម្នាក់ ចង់ជំរុញឲ្យមានវត្តមានកីឡាករ ខ្មែរមួយចំនួននៅកីឡាអូឡាំពិច

ចែករំលែក៖

ភ្នំពេញ៖ លោក ខាន់យ៉ា ប្រាជ្ញ អតីកីឡាករ និងជាគ្រូបង្វឹកក្បាច់គុណខ្មែរនៅសហរដ្ឋអាមេរិក បានបង្ហាញវត្តមាននៅលើទឹកដីកម្ពុជា ជាលើកដំបូង ក្រោយពីចាកចេញពីទឹកដីកំណើត អស់រយៈពេល៤០ឆ្នាំ ។

បង្ហាញវត្តមានលើកនេះ លោកនឹងជួបពិភាក្សាជាមួយមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រយោជន៍ធ្វើការពិក្សាស្វែងរកគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជួយឲ្យកីឡាករកម្ពុជាមានមុខលើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកពិភពលោក ។

ការបញ្ជាក់នេះធ្វើឡើងក្រោយពីលោក ខាន់យ៉ា ប្រាជ្ញបានបង្ហាញមុខនៅក្នុងព្រលានអន្តរជាតិភ្នំពេញកាលពីរាត្រី ថ្ងៃទី ២១ ខែ ឧសភា នេះ។ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាមលោកបានលុតជង្គង់ឱនក្រាបសំណះទឹកដីកំណើតរបស់ខ្លួនដោយក្តីនឹករលឹក។ ថ្លែងដោយក្តីរំភើប លោក ខាន់យ៉ា ប្រាជ្ញ បានលើកឡើងថាលោកពិតជាត្រេកអររកអ្វីប្រៀបផ្ទឹមពុំបានគ្រាដែលបានមកដល់ទឹកដីកំណើត ដែលលោកស្រលាញ់ពេញបេះដូងបើទោះបីជាចេញទៅរស់នៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៧៩មក។ លោកបញ្ជាក់ថា នៅសហរដ្ឋអាមេរិកលោកជាកីឡាករប្រដាល់ មានក្លឹបហាត់ប្រាណ និងហាត់គុណខ្មែរ ហើយលោកក៏ធ្លាប់ចូលរួមសកម្មភាពកីឡាអន្តរជាតិជាច្រើននៅសហរដ្ឋអាមេរិក ទើបលោកបានដឹងច្រើនអំពីវិស័យកីឡាលើឆាកអន្តរជាតិ ។

លោកថាមកកម្ពុជាលើកនេះលោកនឹងជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន អំពីការជំរុញ និងគោលបំណងចង់ជួយលើផ្នែកកីឡាមួយចំនួនតាមតែអាចធ្វើទៅបាន។ លោកបន្តថាលោកចង់ឃើញវត្តមានកីឡាករខ្មែរមួយចំនួនកាន់ទង់ជាតិចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិច អន្តរជាតិ។

ក្នុងរយៈពេល១៥ថ្ងៃនៃការស្នាក់នៅកម្ពុជាលោកក៏នឹងចុះទៅជួបផ្ទាល់ជាមួយបណ្តាម្ចាស់ក្លឹបក្បាច់គុណខ្មែរនានា ដើម្បីស្វែងរកឱកាសជួយជំរុញឲ្យមានភាពកាន់តែប្រសើរឡើងលើវិស័យកីឡា ពិសេសកីឡាប្រដាល់។

លោកថាទោះចាកចេញពីកម្ពុជា៤០ឆ្នាំមែនប៉ុន្តែទឹកចិត្តបេះដូងអារម្មណ៍ សាច់ឈាមនៅតែជាខ្មែរដែលចង់ជួយខ្មែរតាមតែអាចជួយទៅបាន។

គួរបញ្ជាក់ដែរថា លោក ខាន់យ៉ា ប្រាជ្ញអាយុ៥៨ឆ្នាំ មានទឹកដីកំណើតនៅខេត្តបាត់ដំបង។ ក្នុងសម័យសង្គ្រាមលោកបានចេញទៅរស់នៅជំរុំខាវអីដា និងបន្តចេញទៅរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៧៩ គ្រាដែលលោកទើបមានវ័យ ១៤ ឆ្នាំប៉ុណ្ណោះ។ លោកធ្លាប់ហ្វឹកហាត់ជំនាញក្បាច់គុណល្បុក្កតោ នៅលើទឹកដីនៃខេត្តសៀមរាបគ្រាដែលលោកនៅវ័យ៥ឆ្នាំមកម្ល៉េះ។ នៅសហរដ្ឋអាមេរិកលោក គឺជាវិស្វករសំណង់ និងជាគ្រូបង្វឹកផ្នែកក្បាច់គុណខ្មែរម្នាក់ផងដែរ៕ វឌ្ឍនា

 


ចែករំលែក៖