ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមពិសារអាហារសាមគ្គី បួសរ៉ាម៉ាឌន ជាមួយនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដើម្បីបង្កើនការទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍

ចែករំលែក៖

ម៉ាឡេស៊ី៖ នាយករដ្ឋមន្រ្តីថ្មីទី៧ របស់ម៉ាឡេស៊ី ហើយក៏ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តី រយៈពេល២២ឆ្នាំ ពីឆ្នាំ ១៩៨១ ដល់ ២០០៣ សម្តេចTun Dr Mahathir MOHAMAD បានផ្តល់កិត្តិយសអញ្ជើញសមាជិករាជ រដ្ឋាភិបាលកម្ពុជា លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដើម្បីរួមតុទទួលទានពិធីស្រាយបួសរ៉ាម៉ាឌន នៅរាត្រីថ្ងៃសុក្រ ១១កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលម៉ាឡេស៊ី និងតំណាងស្ថាប័នអង្គការក្នុងប្រទេសម៉ាឡេស៊ីជាច្រើនរូបផងដែរ ។

លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានពាំនាំក្តីនឹករលឹក និង ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ព្រមទាំងការអបអរសាទរ ចំពោះជ័យជំនះសារជាថ្មីក្នុងការក្លាយជានាយករដ្ឋមន្រ្តី បន្ទាប់ពីបានលាលែងពីតំណែងជានាយករដ្ឋមន្រ្តីអស់រយៈកាល១៥ឆ្នាំកន្លងទៅ។

តាមការបញ្ជាក់ឲ្យដឹងពីលោកឧកញ៉ា អូស្មាន ហាស្សាន់ ថា៖ ការទំនាក់ទំនង ដ៏ល្អជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មីរូបនេះ គឺតាំងពីអាណត្តិដែលគាត់នៅជានាយករដ្ឋមន្រ្តី នាទស្សវត្សទី៨០ និង៩០ ដែលកាលណោះ តាមរយៈការទំនាក់ទំនងល្អ លោកឧកញ៉ាក៏ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីសម្រួលអោយនាំចូលម៉ូតូម៉ាក Modinas Griss ដើម្បីធ្វើការតំឡើងនៅកម្ពុជាផងដែរ ។ រយៈពេល៥ឆ្នាំ ក្រោយពីការលាលែងពីតំណែងនាយករដ្ឋមន្រ្តី កាលពីឆ្នាំ ២០០៨ សម្តេច Tun Dr Mahathir MOHAMAD ក៏ធ្លាប់អញ្ជើញធ្វើបឋកថា ជាមួយថ្នាក់ដឹកនាំ ឥស្លាមកម្ពុជា គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក និង គ្រូខ្មែរឥស្លាម ដែលចូលរួមជាង៥០០នាក់ផងដែរ ។

លោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តី បានជម្រាបនូវស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹក​នាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍ ។ ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ដែលបង្កនូវភាព ងាយស្រួលគ្រប់បែបយ៉ាងនៅកម្ពុជា ស្របនឹងប្រទេសមានសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កាន់តែខ្លាំងឡើង មធ្យោបាយធ្វើ ដំណើរលើផ្លូវថ្នល់ខ្វាត់ខ្វែង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបាន និងកំពុងរៀបចំឲ្យកាន់តែល្អប្រសើរថែមទៀត ហើយមិនតែប៉ុណ្ណោះ ការទំនាក់ទំនងផ្លូវអាកាសក៏ត្រូវបានដំណើរការ ហោះត្រង់ពីម៉ាឡេស៊ី មកកម្ពុជា ផ្ទាល់តែម្ដង និងពីកម្ពុជាទៅមកជាមួយប្រទេសនានា ក៏ចេះតែមានការកើនឡើងជាលំដាប់ ជាហេតុដែល លំហូរកំណើនសេដ្ឋកិច្ច និងការវិនិយោគកាន់តែមានសំទុះខ្លាំងឡើង។

បន្ទាប់ពីបានថ្លែងការអបអរសាទរចំពោះវត្តមានរបស់ សមាជិករាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានផ្តាំផ្ញើរ នូវក្តីនឹករលឹក និង ការសាកសួរសុខទុក្ខ ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រោះកម្ពុជា បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា សហគមនីអន្ដរជាតិបានមើលឃើញថាប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ។ មិនតែប៉ុណ្ណោះ បានផ្ដល់ភាពកក់ក្ដៅ ដល់បងប្អូន បានប្រកបរបផ្សេងៗ រកទទួលទាន និងទទួលបានសិទ្ធិជំនឿរៀងៗខ្លួន រហូតដល់សព្វថ្ងៃ ៕ សំរិត


ចែករំលែក៖