ព័ត៌មានទាន់ហេតុការណ៍៖

ឃុំ ប៉ុណ្ណាដែត និងយក់ ឋិតរដ្ឋាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងរឿង«ចិញ្ចៀនខ្មោច»

ចែករំលែក៖

ភ្នំពេញ៖ លោកឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្នុងវត្តមានសម្តែងភាពយន្តរួមគ្នាមួយរបស់ផលិតកម្ម LD Picture គឺរឿង”ចិញ្ចៀនខ្មោច”។ ការចាប់ដៃគូសម្តែងរួមគ្នានេះបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក្រោយពីគេខកខានឃើញវត្តមានអ្នកទាំងពីរសម្តែង រួមគ្នាអស់រយៈពេល១០ឆ្នាំមកហើយ។

ក្រៅពីការសម្តែងរួមគ្នាគូស្នេហ៍មួយគូនេះបានបកស្រាយបទចម្រៀងរួមគ្នាធ្វើឲ្យភ្ញាក់ផ្អើលដល់មហាជននៅផ្សារទំនើបអ៊ីអន ក្នុងកម្មវិធីដែលភាពយន្តខាងលើប្រកាសសម្ពោធចាក់បញ្ចាំងកាលពីរាត្រីថ្ងៃទី ២៨ ខែឧសភានេះ។ លោក ឃុំ ប៉ុណ្ណាដែតបានបញ្ជាក់ថា ពិតជាកិត្តិយស និងមានក្តីរំភើបរកអ្វីមកបញ្ជាក់ស្ទើរមិនបានគ្រាដែលលោក និងភរិយាបានសម្តែងរួមគ្នាជាមួយភាពយន្តបែបរន្ធត់ និងកំប្លែងនេះ។ លោកថាអស់រយៈពេល១០ឆ្នាំហើយដែលលោកបានដកខ្លួនពីវិស័យសិល្បៈ។ លោកថាជាភាពយន្តដែលល្អមានគុណភាពដឹកនាំសម្តែងដោយលោកពាក់មី អ្វីដែលលោកចាប់អារម្មណ៍គឺទាំងសាច់រឿងថ្មីប្លែកទាក់ទាញ មានឈុតរន្ធត់កំប្លែងច្រើន ដែលលោករំពឹងថានឹងធ្វើឲ្យទស្សនិកជនទស្សនាហើយមិនស្តាយក្រោយ។

អ្នកនាងយក់ ឋិតរដ្ឋាវិញបានលើកឡើងថា ការផលិតភាពយន្តនេះគឺស្ថិតក្នុងភាពសម្រិតសម្រាំងច្រើន ហើយនាងពិតជាភ្ញាក់ផ្អើលជាមួយសមត្ថភាពសម្តែងរបស់តួកុមារីជាតួកូននាងដែលសម្តែងដោយកូនស្រីបង្កើត របស់នាយ ពាក់ មី ។ អ្នកនាងបញ្ជាក់ដែរថា ជាកិត្តិយសធំធេញដែលនាងនិងស្វាមីបានរួមសម្តែងជាមួយសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើន ពិសេសការដឹកនាំសម្តែងនិងបច្ចេកទេសផលិតមានគុណភាពរបស់ក្រុមការងារផលិតកម្មLD Picture។ នាងរំពឹងដែរថាភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។

គួរបញ្ជាក់ដែរថាក្រៅពីតារាចម្រៀង ឃុំ ប៉ុណ្ណាដែត និងអ្នកនាងយក់ ឋិតរដ្ឋា ភាពយន្តរឿង”ចិញ្ចៀនខ្មោច”មានការចូលរួមសម្តែងពីសំណាក់តារាប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជានាយគ្រឿន លោក លឹម ជាឡាយ លោក ងួន សុបិន្ត DJ កាកា លោក BIG លោក សាន ប៊ុនធឿន និងតារាសម្តែងជាច្រើនរូបទៀត។ ភាពយន្តនេះនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី៣០ខែឧសភាខាងមុខនេះ៕ វឌ្ឍនា


ចែករំលែក៖